អន្តរជាតិ
មេធាវី​ថា លោក ត្រាំ នឹងមិន​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​នៅ​ព្រឹទ្ធសភា​
05, Feb 2021 , 10:29 pm        
រូបភាព
អតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖ Reuters
អតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖ Reuters
ដោយ:
​មេធាវី​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​ការអញ្ជើញ​របស់​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ ដែល​ស្នើឱ្យ​កូនក្ដី​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​កាត់ក្តី​រូបលោក​នៅ​ព្រឹទ្ធសភា​អាមេរិក​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​ខាងមុខ​។ ក្នុង​លិខិត តប​ទៅនឹង​ការកោះហៅ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ មេធាវី​របស់លោក​ត្រាំ ចាត់ទុក​ការប៉ុនប៉ង​ឱ្យ​លោក ត្រាំ ផ្តល់​សក្ខី​កម្មនេះ ជាការ​ព្យាយាម​បោក​បញ្ឆោត​មតិសាធារណៈ​។​

 
​សវនាការ​លើ​សំណុំរឿង​ញុះញង់​របស់លោក ដូ​ណា​ល់ ត្រាំ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ បក្ស​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​សភា​អាមេរិក បានអនុម័ត​មាត្រា​ចោទប្រកាន់​លោក ត្រាំ នៅ​ថ្ងៃទី​១៣ មករា និង​បញ្ជូន​មាត្រា​នោះ​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២៥ ខែមករា​។ លោក ត្រាំ រ​បទ​ពីបទ​ញុះញង់​ឱ្យ​អ្នកគាំទ្រ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អាមេរិក បន្ទាប់ពី​មានការ​អុកឡុក​សភា​ដែល​កំពុង​ប្រជុំ​បញ្ជាក់​ពី​ជ័យជម្នះ​លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​៦ ខែមករា​។​
 
​លោក Jamie Raskin តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ និង​មាន​នាទី​ជា​រដ្ឋអាជ្ញា​ចោទប្រកាន់​លោក​ត្រាំ បាន​ផ្ញើលិខិត​នៅ​ថ្ងៃទី​៤ មករា ដើម្បី​អញ្ជើញលោក ត្រាំ ឱ្យ​ផ្តល់​សក្ខីកម្ម​នៅមុន​ពេល ឬ​អំឡុងពេល​កាត់ក្តី​នៅ​ព្រឹទ្ធសភា​នា​ថ្ងៃទី​៨ ខែកុម្ភៈ​។ លោក Raskin និយាយថា សក្ខីកម្ម​របស់លោក ត្រាំ ជា​រឿង​ចាំបាច់ ដោយសារតែ​លោក ត្រាំ ជំទាស់​ការចោទប្រកាន់​របស់​សភា​តំណាង​។ ប៉ុន្តែ​ក្រុមអ្នកច្បាប់​របស់លោក ត្រាំ បដិសេធ​មួយ​រំពេច​។​
 
«​លោក​ប្រធានាធិបតី នឹងមិន​ផ្តល់​សក្ខីកម្ម​ក្នុង​នីតិវិធី​ដែល​អ​ធម្មនុញ្ញ​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Jason Miller ជំនួយការ​លោក​ត្រាំ​។ ចំណែក​មេធាវី​របស់លោក​ត្រាំ លោក Bruce Castor និង David Schoen ចោទ​ការ​អញ្ជើញលោក ត្រាំ ជាការ​ប៉ុនប៉ង​បញ្ឆោត​មតិ​សាធារណៈជន​។ មេធាវី​ទាំងពីរ លើកឡើងថា បក្ស​ប្រជាធិបតេយ្យ​មិនអាច​ចោទប្រកាន់​ប្រឆាំង​លោក ត្រាំ ដែល​ពេលនេះ​ជា​ពលរដ្ឋ​ធម្មតា​បានឡើយ​។ 
 
​យោងតាម​សារព័ត៌មាន Reuters មេធាវី​ទាំងពីរ​អះអាងថា កូនក្តី​របស់លោក​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​បន្ថែម​ទីមួយ ដែល​ចែង​ពី​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​។ 
 
​ការបដិសេធ​របស់​ក្រុមការងារ​លោក ត្រាំ នេះ អាច​នឹង​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ប្រើ​មធ្យោបាយ​មួយទៀត គឺ​ចេញ​ដីកា​កោះហៅ​(subpoena) របស់​ព្រឹទ្ធសភា​។ លិខិត​របស់លោក​Raksin បញ្ជាក់ថា ការបដិសេធ​ការអញ្ជើញ​ផ្តល់​សក្ខីកម្ម នាំ​ឲ្យ​រដ្ឋអាជ្ញារ​អាច​រក្សា​សិទ្ធិ​ក្នុងការ​បញ្ចូល​ការបដិសេធ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ទាញហេតុផល​ចំពោះ​សកម្មភាព (​និង​អសកម្ម​ភាព​) របស់លោក​ត្រាំ​ទៅលើ​សកម្មភាព​អុកឡុក​វិមាន​សភា​កា​ពី​តូ​ល នៅ​ថ្ងៃទី​៦ ខែមករា​។ ឯកសារ​សម្រាប់​កាត់ក្តី​លោក ត្រាំ បង្ហាញថា អតីត​ប្រធានាធិបតី​រូបនេះ ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង និង​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​។​
 
​ចំពោះ​រឿង​សាក្សី តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​មិនទាន់​និយាយ​បែបណា​នៅឡើយ​ទេ​។ ក្នុងការ​កាត់ក្តី​លើកទីមួយ​របស់លោក​ត្រាំ ដែល​គ្រានោះ​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ឲ្យ​លោក​រួចខ្លួន បក្ស​ប្រជាធិបតេយ្យ​មិនអាច​កោះហៅ​សាក្សី​បាន ដោយសារ​សមាជិក​បក្ស​សាធារណរដ្ឋ​បោះឆ្នោត​ជំទាស់​។​
 
​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណៈរដ្ឋ និង​មេធាវី​លោក​ត្រាំ ប្រឆាំង​ទៅនឹង​ធម្មនុញ្ញភាព​នៃ​ការកាត់ក្តី​នេះ ដោយ​អះអាងថា​ព្រឹទ្ធសភា​ពុំមាន​អំណាច​កាត់ក្តី​លោក​ត្រាំ​ដែល​ចប់​អាណត្តិ ហើយក៏​មិនអាច​ដកតំណែង​អ្វី​ពី​លោក​ត្រាំ​ឡើយ​។ ការកាត់ក្តី​បុគ្គល​ណាមួយ​ក្នុង​ព្រឹទ្ធសភា​ត្រូវការ​សំឡេង​២​ភាគ​៣ បក្ស​ប្រជាធិបតេយ្យ ដែលមាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥០​រូប ត្រូវ​បញ្ចុះបញ្ចូល​សមាជិក​ព្រឹទ្ធសភា​សាធារណរដ្ឋ​យ៉ាងហោចណាស់​១៧​រូប​បន្ថែមទៀត ទើប​អាច​កាត់ទោស​លោក ត្រាំ បាន​៕
 
 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com