អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ICCបញ្ជាក់ថាខ្លួនមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្គ្រាមនៅប៉ាឡេស្ទីន
06, Feb 2021 , 10:49 am        
រូបភាព
វិហារក្នុងតំបន់ហ្សេរ៉ូសាឡឹងមខាងកើត។ រូបភាព៖ AFP
វិហារក្នុងតំបន់ហ្សេរ៉ូសាឡឹងមខាងកើត។ រូបភាព៖ AFP
ដោយ:
 
ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បញ្ជាក់នៅថ្ងៃទី៥ កុម្ភៈថា ខ្លួនមានយុត្តាធិការលើសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តក្នុងទឹកដីប៉ាឡេស្ទី។ ហេតុដែលតុលាការអះអាងពីយុត្តធិការនេះ អាចនឹងបើកផ្លូវឲ្យមានការស៊ើបអង្កេត បើទោះបីជាមានការជំទាស់ពីពអ៊ីស្រាអែលក្តី។



សេចក្តីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ រងការជំទាស់មួយរំពេចពីអ៊ីស្រាអែល ដែលមិនមែនជារដ្ឋសមាជិករបស់តុលាការ
ប៉ុន្តែទទួលបានការស្វាគមន៍ពីអាជ្ញាធរប៉ាឡេស្ទីន។ អាមេរិក ដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល ក៏មិនយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការដែរ។

ចៅក្រមICC លើកឡើងថាសេចក្តីសម្រេចរបស់ខ្លួនផ្អែកលើអង្គហេតុដែលប៉ាឡេស្ទីនជាសមាជិកនៃលក្ខន្តិកៈក្រុមរ៉ូម ដែលជាសន្ធិសញ្ញាក្នុងការបង្កើតតុលាការ ហើយអាជ្ញាធរប៉ាឡេស្ទីនបានបញ្ជូនស្ថានការណ៍នេះមកតុលាការ។ ប៉ុន្តែICC ក៏បញ្ជាក់ផងដែរថាសេចក្តីសម្រេចរបស់ខ្លួនពុំអាចប្រើប្រាស់ជាអំណះអំណាងក្នុងការកំណត់ភាពជារដ្ឋ ឬព្រំដែនរបស់ប៉ាឡេស្ទីនឡើយ»។

«យុត្តធិការលើដែនដីរបស់តុលាការក្នុងស្ថានការណ៍ប៉ាឡេស្ទីន កំណត់ដល់ដែនដីដែលគ្រប់គ្រងដោយអ៊ីស្រាអែលចាប់ពីឆ្នាំ១៩៦៧មក ដោយរួមមានតំបន់ហ្កាសា ជ្រោយខាងលិច និងក្រុងហ្សេរ៉ូសាឡឹមខាងកើត»។ នេះជាលើកឡើងក្នុងសេចក្តីសម្រេច។

អគ្គរដ្ឋអាជ្ញារICC លោកស្រីFatou Bensouda លើកឡើងក្នុងខែធ្នូ ឆ្នាំ២០១៩ថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានប្រព្រឹត្ត ឬកំពុងប្រព្រឹត្តឡើងនៅជ្រោយខាងលិច រួមមានក្រុងហ្សេរ៉ូសាឡឹមខាងកើត និងហ្កាសា។ លោកស្រីBensouda បញ្ជាក់ផងដែរថាកងកម្លាំងអ៊ីស្រាអែល និងកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីនជាប់សង្ស័យក្នុងការប្រព្រឹត្តបទល្មើសទាំងនោះ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។
លោកស្រីBensouda លើកឡើងថា ការិយាល័យរដ្ឋអាជ្ញាររកមិនឃើញហេតុផលអ្វី ដែលពុំអាចបើកការស៊ើបអង្កេតបានឡើយ ប៉ុន្តែបានស្នើរឲ្យអង្គជំនុំជម្រះសេចក្តីដើម្បីបញ្ជាក់ពីដែនយុត្តាធិការ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu  រិះគន់សេចក្តីសម្រេចនេះ ដោយចោទថាជាការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមក្លែងក្លាយ និងជាការប្រឆាំងជនជាតិអ៊ីស្រាអែល។ លោកអះអាងថា អ៊ីស្រាអែលមានសិទ្ធិក្នុងការពារខ្លួនពីការវាយប្រហាររបស់ក្រុមភេរវនិយម។ នេះជាការថ្លែងរបស់ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលក្នុងវីដេអូ នៅថ្ងៃទី៥ កុម្ភៈ។

ចំណែកអាមេរិក ដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលេចរបស់អ៊ីស្រាអែល និយាយថាអាមេរិកនិងបន្តការប្តេជ្ញារបស់ប្រធានាធិបតីបៃឌិន ចំពោះសន្តិសុខអ៊ីស្រាអែល ដែលក្នុងនោះក៏មានផងដែរសកម្មភាពអយុត្តិធម៌សំដៅរដ្ឋជីហ្វមួយនេះ។ ក្នុងសារលើបណ្តាញសង្គមTwitter លោកNed Prince អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថាអាមេរិកជំទាស់ទៅនឹងសេចក្តីសម្រេចរបស់តុលាការស្តីពីស្ថានការណ៍នៅប៉ាឡេស្ទីន។

ប៉ុន្តែលោកJamil Dakwar អគ្គនាយកអង្គការសិទ្ធិមនុស្សACLUដ៏មានឥទ្ធិពលនៅអាមេរិក និយាយថារដ្ឋបាលលោកបៃឌិន មិនត្រូវធ្វើអ្វីឲ្យប៉ះពាល់ដល់ឯករាជ្យភាពតុលាការឡើយ។ លោកថាវាជារឿងសំខាន់ដែលការស៊ើបអង្កេតនេះ ក៏សំដៅជនជាតិប៉ាឡេស្ទីនដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងអ៊ីស្រាអែលដែរ។

ចំណែកសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសប៉ាឡេស្ទីន អះអាងថាសេចក្តីសម្រេចនេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់គោលការណ៍នៃការទទួលខុសត្រូវ។ ដូចគ្នានេះដែរ លោក Sami Abu Zuhri មន្ត្រីហាម៉ាស់ ទទូចឲ្យតុលាការបើកការស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រែល ប្រឆាំងប្រជាជនប៉ាឡេស្ទីន៕




Tag:
 ប៉ាឡេស្ទីន
  អ៊ីស្រាអែល
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com