អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធាន​អង្គការ​អូតង់​បាន​សារភាព​ពី​បញ្ហា​ប្រឈម​និង​ទំនាក់ទំនង​ដ៏លំបាក​ជាមួយ​អតីត​ប្រធានាធិបតី​ Trump
06, Feb 2021 , 1:46 pm        
រូបភាព
រូបឯកសារ៖ លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Brussels ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Brussels ប្រទេសបែលហ្សិក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
ដោយ: VOA
អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ​បាន​សារភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ សម្ព័ន្ធមិត្ត​មាន​ទំនាក់​ទំនង​ដ៏លំបាក​ជាមួយ​រដ្ឋបាល​របស់​លោក Trump ហើយ​ថា ​លោក​មាន​ការសន្ទនា​ដ៏​លំបាក​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump។



ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​រួម​គ្នា​មួយ ​ជាមួយ​លោក Alexander De Croo​ នាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក​ នៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់ ​ក្នុង​ទីក្រុង Brussels​ លោក Stoltenberg​ ត្រូវ​បាន​គេ​សួរ​អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​រដ្ឋបាល​របស់​លោក Trump និង​ថាតើ​លោក​គិត​ថា​សម្ព័ន្ធ​មិត្ត​នេះ​នឹង​នៅ​រស់រាន​មាន​ជីវិត​ដែរ​ឬទេ។

លោក Stoltenberg​ បាន​និយាយ​ថា ​ថ្វីបើ​មាន​ការខ្វែង​គំនិត​គ្នា​ជាមួយ​លោក​និង​អង្គការ​អូតង់​ ដែល​អាច​មាន​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​ដោយ ​បញ្ហា​ប្រឈម​ទាំងអស់​នោះ​ជា​អ្វីដែល​ធ្វើ​ឲ្យ «អង្គការ​អូតង់​កាន់​តែ​ខ្លាំង»។ លោក​បាន​និយាយ​ទៀត​ថា សម្ព័ន្ធមិត្ត​ជានិច្ច​កាល​បាន​ទទួល​ការគាំទ្រ​ពី​គណបក្ស​ទាំង​ ២ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​នៅ​តែ​បន្ត។

ប្រធាន​អង្គការ​អូតង់​បាន​បន្ថែម​ទៀត​ថា អង្គការ​អូតង់​និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​យ៉ាង​ច្រើន​នៅ​ពេល​ឥឡូវ​នេះ​ ជាង​ពួកគេ​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៀត។

លោក Stoltenberg​ បាន​និយាយ​បន្ត​ទៀត​ថា៖​ «យើង​មាន​សមយុទ្ធ​កាន់​តែ​ច្រើន​ឡើង កងទ័ព​សហរដ្ឋ​អាមេរិក​កាន់តែ​ច្រើន​ឡើង​សកម្មភាព​កើនឡើង​ សម្ព័ន្ធភាព​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​រួមគ្នា​នៅ​តំបន់​អឺរ៉ុប។ ដូច្នេះ ខ្ញុំ​គិត​ថា កម្លាំង​នៃ​ចំណង​ទាក់ទង​ឆ្លង​កាត់​មហា​សមុទ្រ Atlantic ​ត្រូវ​បាន​បង្ហាញ​ តាម​រយៈ​អ្វីដែល​យើងបាន​ធ្វើ»៕


© រក្សាសិទ្ធិដោយ thmeythmey.com