ឪឡឹកសាច់លឿងដែលលោក មុយ រ៉ាដូ ដាំនៅមណ្ឌលគិរី កំពុងមានទីផ្សារ
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ឪឡឹកសាច់លឿងដែលលោក មុយ រ៉ាដូ ដាំនៅមណ្ឌលគិរី កំពុងមានទីផ្សារ
06, Feb 2021 , 6:59 pm        
រូបភាព
លោក មុយ រ៉ាដូ ជាកសិករជោគជ័យលើការដាំដំណាំឪឡឹកសាច់លឿង ក្នុងខេត្តមណ្ឌលគិរី។ រយៈពេល៤ឆ្នាំហើយ ដែលលោក រ៉ាដូ បានដាំពូជឪឡឹកសាច់លឿង។ កសិករវ័យ ៤៤ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 ថា មូលហេតុដែលលោកដាំឪឡឹកសាច់លឿង ព្រោះមានទីផ្សារទូលាយ និងលក់បានតម្លៃថ្លៃ។



ស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លោក មុយ រ៉ាដូ បានបង្កើតកសិដ្ឋានដាំបន្លែចម្រុះលើផ្ទៃដី ១២ហិកតា ក្នុងនោះមានដំណាំឪឡឹកលឿន ចំនួន១ហិកតា។ បើតាមលោក មុយ រ៉ាដូ នៅតំបន់របស់លោកមិនទាន់មានអ្នកដាំឪឡឹកសាច់លឿងនេះទេ ទើបតែមានកសិករ ២ទៅ ៣នាក់ប៉ុណ្ណោះ ចាប់អារម្មណ៍ក្រោយឃើញលោកដាំបានជោគជ័យ។

លោក រ៉ាដូ ប្រាប់យ៉ាងដូច្នេះ៖«ពូជឪឡឹកសាច់លឿងនេះ ខ្ញុំយកពីជប៉ុន បួនឆ្នាំហើយដែលខ្ញុំបានដាំព្រោះសាច់ឪឡឹកផ្អែម ស្រួលលក់និងមានតម្លៃថ្លៃ។ ពីមុនអត់មានអ្នកដាំទេ តែឥឡូវមានអ្នកចាប់អារម្មណ៍និងបានសុំចែកពូជពីខ្ញុំទៅដាំផងដែរ»។

នេះជាឆ្នាំទីបួនហើយ ដែលលោក មុយ រ៉ាដូ ដាំឪឡឹកសាច់លឿង លើផ្ទៃដីមួយហិកតា ខណៈដាំឆ្នាំទីមួយត្រឹមកន្លះហិកតាប៉ុណ្ណោះ។ ចាប់តាំងពីការផ្ដើមដាំឪឡឹកសាច់លឿងមក លោក រ៉ាដូ មានទីផ្សារខ្លាំងលើដំណាំឪឡឹកសាច់លឿង នឹងមានគម្រោងពង្រីកការដាំឪឡឹកសាច់លឿង ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានច្រើនជាងសព្វថ្ងៃ។ ម្ចាស់ចម្ការឪឡឹករូបនេះ អះអាងថា ឪឡឹកសាច់លឿនរបស់លោកបានផ្គត់ផ្គង់ក្នុងខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ ដោយលក់ក្នុងតម្លៃ ៤ ០០០រៀល ទៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាម។

លោក មុយ រ៉ាដូ មិនកំណាញ់ក្នុងការចែករំលែកវិធីដាំឪឡឹកសាច់លឿងនោះទេ ដ្បិតលោកកំពុងទទួលជោគជ័យ និងមានទីផ្សារក៏ដោយ។ លោក រ៉ាដូ លើកឡើងថា៖«ខ្ញុំរីករាយចែករំលែកទាំងពូជ និងបច្ចេកទេសក្នុងការដាំឪឡឹកសាច់លឿងបើសិនបងប្អូនពិតជាចង់ដឹងមិនកំណាញ់នោះទេ។ មាន ២ ទៅ៣នាក់ដែរ ដែលគាត់មកសុំចែកពូជនិងវិធីសាស្រ្តដាំ»។

កសិករ រ៉ាដូ អាចដាំឪឡឹកសាច់លឿងក្នុងមួយឆ្នាំ៣ដង ព្រោះឪឡឹកសាច់លឿងមិនប្រកាន់រដូវ និងមានរយៈពេលខ្លីអាចប្រមូលផល។ «មួយឆ្នាំអាចដាំ៣ដង ព្រោះឪឡឹកលឿងនេះដាំតែ ៦៥ថ្ងៃបានប្រមូលផលហើយ ម្យ៉ាងទៀតទីនេះមានទឹកគ្រប់គ្រាន់ងាយដាំ មានទីផ្សារនិងលក់បានថ្លៃទៀត»។ នេះជាការរៀបរាប់របស់លោក រ៉ាដូ។

កសិករ មុយ រ៉ាដូ មិនបានដាំតែឪឡឹកសាច់លឿងមួយមុខនោះទេ។ បច្ចុប្បន្នលោក រ៉ាដូ មានដាំបន្លែចម្រុះលើផ្ទៃដី ១២ហិកតា សុទ្ធសឹងជាបន្លែសុវត្ថិភាពមានដូចជា ស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ខ្ទឹមបារាំង តាសក់ផ្អែម ប៉េងប៉ោះ ដំឡូងបារាំង សរុបប្រមាណជាង១០មុខ។

ជាង២០ឆ្នាំក្នុងរបរកសិកម្មដាំបន្លែតែលោក មុយ រ៉ាដូ គ្រាន់តែដាំជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ដោយសង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយវិស័យកសិកម្មមានភាពរីកចម្រើន ហើយទីផ្សារកាន់តែទូលាយ លោកក៏បានពង្រីកការដាំដុះជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

មិនត្រឹមតែឪឡឹកសាច់លឿងទេ បន្លែផ្សេងក៏មានទីផ្សារដែរ ព្រោះលោកហាងលក់បន្លែផ្លែឈើសុវត្ថិភាពផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ។ ក្នុងនោះសម្រាប់ស្ពៃក្ដោប និងបូកគោ តម្លៃ ៤ ០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកការ៉ុតតម្លៃ ៦ ០០០រៀលក្នុងមួយគីឡូក្រាម៕



 



Tag:
 ឪឡឹកលឿង
  មុយ រ៉ាដូ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com