ជាតិ
សង្គមជាតិ
ពលរដ្ឋ៧គ្រួសារនៅស្រុកបន្ទាយស្រី ទទួលបានប័ណ្ណសរសើរដោយសារបានសង់ផ្ទះតាមរចនាប័ទ្មខ្មែរ
06, Feb 2021 , 5:05 pm        
រូបភាព
 សៀមរាប៖ ប្រជាពលរដ្ឋចំនួន៧គ្រួសារ ស្ថិតក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានទទួលបណ្ណសរសើរថាជាប្រជាពលរដ្ឋគំរូ ដែលសាងសង់ផ្ទះគោរពទៅតាមរចនាប័ទ្មខ្មែរត្រឹមត្រូវ។ អាជ្ញាធរជាតិអប្សរា បានផ្តល់បណ្ណសរសើរនេះទៅប្រជាពលរដ្ឋទាំងនោះ និងរំពឹងថា ប្រជាពលរដ្ឋឯទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងសាង់ផ្ទះគោរពតាមការណែនាំពីមន្រ្តីជំនាញ ពិសេសគោរពតាមរចនាប័ទ្មខ្មែរ ដើម្បីថែរក្សាកេរមរតកនេះកុំឱ្យបាត់បង់។




អគ្គនាយករងអាជ្ញាធរជាតិអប្សរា  លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០មក អាជ្ញាធរបានផ្តួចផ្តើមឱ្យមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលអាជ្ញាធរជាតិអប្សរាជំរុញឱ្យមានការចូលរួមក្នុងការសាងសង់ផ្ទះខ្មែរ ក្នុងន័យថែរក្សាគុណតម្លៃនៃវប្បធម៌ខ្មែរទាំងអស់គ្នា។ លោកបន្ថែមថា ការងារនេះពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមថែរក្សាអភិរក្សអត្ដសញ្ញាណខ្មែរ និងជាចំណែកសំខាន់ ក្នុងការអនុវត្តថែរក្សា និងអភិវឌ្ឍរមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ប្រជាលរដ្ឋដែលទទួលបានបណ្ណសរសើរ ដែលចែកជូននៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ មាននៅភូមិអូរទទឹង ភូមិព្រះដាក់ ភូមិថ្នល់ទទឹង នៃឃុំព្រះដាក់ និងភូមិជ័យ នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលរុះរើផ្ទះចាស់សង់ផ្ទះថ្មី។ យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ចាប់ពីខែ ឧសភា ឆ្នាំ២០១៩ មក បានចេញលិខិតអនុញ្ញាតសាងសង់ផ្ទះចំនួន១៨៣ខ្នង ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយស្រី ក្នុងនោះឃុំព្រះដាក់ ៩៣ខ្នង ឃុំរំចេក ១៣ខ្នង ឃុំរុនតាឯក ៥១ខ្នង និងឃុំខ្នារសណ្ដាយ ២៦ខ្នង៕






Tag:
 ផ្ទះខ្មែរ
  អ្នកភូមិព្រះដាក់
© រក្សាសិទ្ធិដោយ thmeythmey.com