ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ ស្នើឱ្យក្រសួងធម្មការ ធ្វើការរួមគ្នា មុននឹងសម្រេចឱ្យរុះរើវិហារចាស់ ហើយសង់ថ្មី
07, Feb 2021 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើឱ្យក្រសួងធម្មការ និងសាសនា សហការណ៍ជាមួយមន្ត្រីជំនាញខ្លួនសិន មុននឹងអនុញ្ញាតឱ្យរុះរើព្រះវិហារចាស់ហើយសាងសង់ព្រះវិហារថ្មី ។ សំណើរបស់ក្រសួងវប្បធម៌នេះ ធ្វើឡើងក្រោយពីឃើញមានករណីរុះរើព្រះវិហារចាស់ ហើយសាងសង់ថ្មី ដោយគ្មានការវាយតម្លៃត្រឹមត្រូវពីមន្ត្រីជំនាញខ្លួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌជាតិ។



ក្រសួងវប្បធម៌ បានសង្កត់ធ្ងន់ថា ក្រសួងធម្មការ និងសាសនា តែងតែអនុញ្ញាតឱ្យសាងសង់ព្រះវិហារថ្មី ឬរុះរើព្រះវិហារចាស់ចោល ដោយមិនបានផ្ដល់ដំណឹងដល់មន្ត្រីជំនាញរបស់ក្រសួងវប្បធម៌ ឱ្យចុះទៅត្រួតពិនិត្យ និងវាយតម្លៃជាមុន សម្រាប់ការសាងសង់ព្រះវិហារថ្មីនេះឡើយ។

«អាស្រ័យហេតុនេះ ក្រសួងស្នើសុំឯកឧត្តមរដ្ឋមន្រ្តី (ក្រសួងធម្មការ និងសាសនា) ផ្ដល់សេចក្តីណែនាំឱ្យមានកិច្ចសហការរវាងមន្ទីរធម្មការ និងសាសនា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនៅតាមរាជធានី-ខេត្ត ចំពោះសំណើរសុំសាងសង់ព្រះវិហារថ្មី ឬរុះរើព្រះវិហារចាស់ ដើម្បីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ឬក្រសួងចាត់មន្ត្រីជំនាញពិនិត្យ និងវាយតម្លៃលើទីតាំងដែលត្រូវសាងសង់ ចៀសវាងការសាងសង់លើទីតាំងប្រវត្តិសាស្ត្រ និងប៉ះពាល់ដល់សំណង់ព្រះវិហារចាស់ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ»។ នេះជាការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងវប្បធម៌។

កន្លងមករាជរដ្ឋាភិបាលធ្លាប់បានចេញសេចក្តីណែនាំស្ដីពី« បំរាមធ្វើអាជីវកម្មរុករក និងបំផ្លាញវត្ថុបុរាណ» ដោយមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការសាងសង់លើទីតាំងដែលមានវត្ថុបុរាណ និងទីតាំងប្រវត្តិសាស្រ្ត។

ក្រៅពីនេះក្រសួងធម្មការ និងសាសនា រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់ចេញសារាចរអន្តរក្រសួងស្តីពី «ការហាមឃាត់ដាច់ខាតរាល់សកម្មភាពវាយកម្ទេចបំផ្លិចបំផ្លាញ ធ្វើឱ្យបាត់បង់ឬធ្វើឱ្យខូចខាត និងការប្ដូររូបរាងនូវសំណង់បុរាណ គំនូរបុរាណ និងវត្ថុបុរាណនៅតាមវត្តអារាម នៅកម្ពុជា» ដើម្បីការពារសំណង់ព្រះវិហារបុរាណផងដែរ៕



Tag:
 បុរាណ
  សាងសង់
  រុះរើ
  គំនូរ
© រក្សាសិទ្ធិដោយ thmeythmey.com