ជាតិ
២៥ខេត្ត/រាជធានី
សត្វស្លាបទឹកជាង ១០០ប្រភេទ រស់នៅតំបន់ទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង
07, Feb 2021 , 9:30 pm        
រូបភាព
ដោយ:
អង្គការជីវិតសត្វស្លាប (BirdLife) បានធ្វើជំរឿនសត្វស្លាបទឹកប្រចាំឆ្នាំ២០២១ នៅតំបន់ដីសើម និងការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ទេសភាពអន្លង់ព្រីង ដោយរកឃើញថា សត្វស្លាប ៦៥ប្រភេទរស់នៅតំបន់ទេសភាពបឹងព្រែកល្ពៅ និងចំនួន ៤៥ប្រភេទផ្សេងទៀត រស់នៅតំបន់ទេសភាពអន្លង់ព្រីង។



បើតាមអង្គការ BirdLife កាលពីខែមករា ឆ្នាំ២០២១ ការធ្វើជំរឿនសត្វស្លាបអាស៊ី និងជំរឿងត្រយ៉ងចំពុះស្លាបព្រា បានប្រព្រឹត្តិទៅនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង។ សកម្មភាពអង្កេតតាមដានជីវចម្រុះនេះ ធ្វើឡើងជាប្រចាំឆ្នាំដោយឧទ្យានុរក្ស និងក្រុមអង្កេតតាមដានជីវៈចម្រុះ ដែលប្រចាំការក្នុងតំបន់ការពារក្រោមការគាំទ្រពីអង្គការ BirdLife ។

ការធ្វើជំរឿននេះ បានបង្ហាញថាសត្វស្លាបចំនួន ៦៥ ប្រភេទ ត្រូវបានប្រទះឃើញ និងកត់ត្រាបាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ដោយឡែកនៅតំបន់ការពារទេសភាពអន្លង់ព្រីងវិញ មានសត្វស្លាបចំនួន ៤៥ប្រភេទត្រូវបានកត់ត្រា។ រីឯត្រយ៉ងចំពុះស្លាបព្រា ដែលធ្លាប់កត់ត្រាបាន កាលពីឆ្នាំ ២០១១ និងឆ្នាំ២០១២ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មិនត្រូវបានប្រទះឃើញ និងកត់ត្រាបានឡើយក្នុងឆ្នាំ២០២១ នេះទេ។

BirdLife បញ្ជាក់ថា«ការធ្លាក់ចុះនៃសត្វត្រយ៉ងចំពុះស្លាបព្រា គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តំបន់ទាំងមូល ធ្វើឲ្យទឹកឆាប់រីងស្ងួត និងធ្វើឲ្យធនធានធម្មជាតិមានការធ្លាក់ចុះផងដែរ។ មួយវិញទៀតកត្តារំខានពីសកម្មភាពមនុស្សក៏ជាកត្តាដែលគួរឲ្យព្រួយបារម្ភ ដូច្នេះក្រុមការងារ កំពុងបន្តការអង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងកិច្ចការងារអភិរក្ស នៅតំបន់ដីសើមនេះ»៕


Tag:
 សត្វស្លាប
  បឹងព្រែកល្ពៅ
  អន្លង់ព្រីង
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com