ជាតិ
ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានដោះលែងវិញហើយ សកម្មជនបរិស្ថាន និងព្រៃឈើ ទាំង៥រូប ដែលត្រូវបានអាជ្ញាធរបរិស្ថាន ចាប់បញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ កុម្ភៈ ២០២១ (រូបពីហ្វេសប៊ុកសមាគមការពារសិទ្ធិមនុស្សអាដហុក)
× ភ្នំពេញ៖ ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក អ៊ូច ឡេង និងសកម្មជន៤នាក់ទៀត ត្រូវបានតុលាការខេត្តក្រចេះដោះលែងវិញហើយ នៅព្រឹកថ្ងៃទី៨ កុម្ភៈ ក្រោយរកមិនឃើញភស្តុតាងដាក់បន្ទុកលើពួកគេ។ អាជ្ញាធរបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនអ្នកទាំង៥នាក់នោះ ក្រោយពីពួកគេបាននាំគ្នាចូលទៅយកពាក្យស្លោក «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ទៅភ្ជាប់នឹងដើមឈើ។
អ្នកស្រី ជួប ស្រីនុត ភរិយារបស់លោក ហេង ស្រស់ សកម្មជនបរិស្ថាន បានបញ្ជាក់ថា ក្រោយតុលាការដោះលែងស្វាមីខ្លួន និងសកម្មជនផ្សេងទៀតនោះ ខាងអាជ្ញាធរក៏ទាមទារឱ្យពួកគេ ធ្វើកិច្ចសន្យាផងដែរ។ ប៉ុន្តែអ្នកស្រី នុត មិនដឹងថា កិច្ចសន្យានោះ មានលក្ខខណ្ឌអ្វីខ្លះនោះទេ។ ដោយឡែកលោក ហេង ស្រស់ សកម្មជនបរិស្ថាន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ សុំមិនអត្ថាធិប្បាយអ្វីនោះទេ ដោយអះអាងថា ខ្លួនជាប់បម្រាមរបស់មន្ត្រីបរិស្ថាន។
តែយ៉ាងណាភរិយាលោក ហេង ស្រស់ ចាត់ទុកចំណាត់ការរបស់អាជ្ញាធរមកលើស្វាមី និងសកម្មជនដទៃទៀតនេះ ជាការគំរាមកំហែងស្មារតីរបស់សកម្មជនបរិស្ថានប៉ុណ្ណោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រី នុត ថ្លែងដូច្នេះថា៖«ការឃាត់ខ្លួនសាកសួរនេះ វាអាចជាកត្តាមួយផ្នែកដែរ ដែលធ្វើឱ្យសកម្មជនផ្សេងៗ រងការកៀបគំរាមទៅលើសកម្មជនផ្សេងៗ ដែលពួកគេចូលរួមក្នុងការការពារធនធានធម្មជាតិ។ ប៉ុន្តែមួយទៀតខ្ញុំយល់ថា វាជាការជំរុញចិត្តឱ្យសកម្មជនព្រៃឈើកាន់តែតស៊ូបន្ថែមទៀត ក្នុងការចូលរួមការពារព្រៃឈើ»។
សកម្មជនបរិស្ថាន៥រូប ដែលមន្ត្រីបរិស្ថានឃាត់ខ្លួននេះ បាននាំយកផ្លាកសញ្ញាទៅដាក់ភ្ជាប់តាមដើមឈើ ក្រោមពាក្យស្លោកថា «មេត្តាសូមជួយថែរក្សាព្រៃមរតកដូនតាយើង» ក្នុងគោលបំណងកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ។ សកម្មជនទាំង៥រូបនោះ រួមមាន លោក អ៊ូច ឡេង ម្ចាស់ពានរង្វាន់បរិស្ថានពិភពលោក លោក ហេង ស្រស់ លោក ម៉ែន មុត លោក ហេង រុន និង លោក ផង ឈាង សកម្មជនបរិស្ថាន។
ជុំវិញបញ្ហានេះលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានអះអាងថា ការចាប់ឃាត់ខ្លួនសកម្មជនបរិស្ថានទាំងនេះ ដោយសារតែពួកគេចូលទៅកាន់តំបន់ហាមឃាត់ ដែលស្ថិតនៅក្រោមការពាររបស់ក្រសួងបរិស្ថាន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
ប៉ុន្តែមន្ត្រីការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មើលឃើញថា ការឃាត់ខ្លួនសកម្មជនបរិស្ថាននេះ គឺជាយុទ្ធសាស្ត្រគំរាមកំហែងផ្លូវអារម្មណ៍ និង សកម្មភាពអ្នកស្រលាញ់បរិស្ថាន ។ ជាពិសេសគឺបំបាក់ស្មារតីយុវជន កុំឱ្យហ៊ានចេញការពារបរិស្ថាន។
គួររម្លឹកថា ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ផ្សេង ធ្លាប់ត្រូវបានកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់ខ្លួនដែរ កាលពីថ្ងៃទី១៣ មីនា ២០២០ គ្រាដែលពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើក្នុងតំបន់ព្រៃឡង់។ ក្រោយការឃាត់ខ្លួនគ្រានោះ ក៏មានការបញ្ជូនទៅតុលាការដែរ ។ ប៉ុន្តែតុលាការក៏សម្រេចដោះលែងពួកគេទាំង៤នាក់វិញ នៅថ្ងៃទី១៦ មីនា ២០២០ ដោយតម្រូវឱ្យលោក អ៊ូច ឡេង ទៅចុះបញ្ជីអង្គការនៅក្រសួងជាមុនសិន ដើម្បីធ្វើសកម្មភាពបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com