កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ដាក់​គោលដៅ Top4 ក្រោយ Alisson ភ្លាត់​ពីរលើក​ឱ្យ Liverpool ចាញ់ Man City
08, Feb 2021 , 11:39 am        
រូបភាព
លោក Jurgen Klopp ដាក់​គោលដៅ​យក Top 4 ក្រោយ Liverpool ចាញ់ Manchester City ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ៤-១ ក្នុងការ​ប្រកួត Premier League នៅ​រាត្រី​ថ្ងៃទី​៧ កុម្ភៈ​។ Klopp សោកស្តាយ​សម្រាប់​បរាជ័យ​ដែល​អះអាងថា​បង្ក​ឡើយ​ដោយ​កំហុស​របស់​អ្នកចាំទី Alisson​។​


​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​បាន​រង​បរាជ័យ​នៅ Anfield ជាប់​គ្នា​ពីរលើក​ចុងក្រោយ​ក្នុងការ​ប្រកួត​លី​គ​សប្តាហ៍​ទី​២៣ ដែល​ធ្វើឱ្យ​ពួកគេ​មាន​គម្លាត​ពិន្ទុ​កាន់តែ​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Man City​។​
 
​ចំណោម​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​របស់​ក្រុម​មេឃ​ខៀវ ២​គ្រាប់​ដំបូង​ដែល​សម្រេចបាន​ដោយ Ilkay Gundogan កើតឡើង​ដោយសារ​កំហុស​របស់​អ្នកចាំទី Alisson បើ​ទោះ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ពី​សំណាក់​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​នេះ​ក្តី​។ Raheem Sterling និង Phil Foden រកបាន​គ្រាប់​ទី​៣ និង​ទី​៤ ខណៈ Mohamed Salah រកបាន​១​គ្រាប់​សម្រាប់​ក្រុម​ហង្ស​ក្រហម​។​

 
 
​ជ័យជម្នះ​នេះ បាន​ជួយ​ក្រុម​លោក Pep Guardiola កើន​ដល់​៥០​ពិន្ទុ ពោលគឺ​មាន​៥​ពិន្ទុ​ដាច់​គូប្រជែង Manchester United ដែល​ឈរ​លេខ​២ ប៉ុន្តែ​លើស​ក្រុម​លោក Klopp ដល់​ទៅ​១០​ពិន្ទុ​ឯណោះ ហើយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
​ផ្ទុយទៅវិញ បរាជ័យ​នេះ​បានធ្វើឱ្យ​លោក Klopp អស់សង្ឃឹម​ក្នុង​ការជួយ Liverpool រក្សា​តំណែង​ជើងឯក​នៅ​រដូវ​កាល​នេះ ២០២០-២១​នេះ​ទៅហើយ​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​យើង​បាន​បង្កកំហុស​ធំៗ​ពី​រលើ​ក្នុ​ការប្រកួត​នេះ​។ ប្រសិនបើ​យើង​លេង​បានល្អ​នៅ​ជំនួប​មុនៗ​នោះ​យើង​នឹងមិន​ដាច់​ឆ្ងាយ​ដល់ ១០​ពិន្ទុ​ទេ​»​។​
​ដោយមាន​គម្លាត​ពិន្ទុ​ឆ្ងាយ​បែបនេះ​លោក Klopp បានបញ្ជាក់​បន្ថែមថា​ហង្ស​ក្រហម​ផ្តោតលើ​ការដណ្តើម​ចំណាត់ថ្នាក់ Top 4 ប៉ុណ្ណោះ​សម្រាប់​កៅអី Champions League នៅ​រដូវ​កាល​ក្រោយ​។​


 
Liverpool នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ក្រុម​កំពុង​ឡើង​ជើង Leicester City ដែល​សព្វថ្ងៃ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​នៅ​សប្តាហ៍​ក្រោយ​។​
​សម្រាប់​គូ​ដទៃទៀត Tottenham Hotspur បាន​យកឈ្នះ West Bromwich Albion ២-០​។ Harry Kane ដែល​ត្រឡប់​ពី​ការរង​របួស​ជើង​រកបាន​១​គ្រាប់ ខណៈ​គ្រាប់​ទី​២​ធ្វើបាន​ដោយ Heung-Min Son​។ 
 
Chelsea បន្ត​រកបាន​ជ័យជម្នះ​ក្រោម​ការដឹកនាំ​របស់លោក Thomas Tuchel តាមរយៈ​ការយក​ឈ្នះ Sheffield United ២-១​។ ក្រោយ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​តោ​ខៀវ​រម្កិល​ខ្លួន​ឡើងទៅ​លេខ​៥ វិញ ខណៈ​មាន់​ខ្នាយ​មាស​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៨​។ Fulham, West Brom និង Sheffield United នៅ​បាត​តារាង​ដដែល​៕
 
 

Tag:
 Premier League
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com