អន្តរជាតិ
អាមេរិក និង​អ៊ីរ៉ង់​និយាយ​បញ្ច្រាស​គ្នា​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥
08, Feb 2021 , 12:00 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន(ឆ្វេង) និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី(ស្តាំ)
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន(ឆ្វេង) និងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណី(ស្តាំ)
ដោយ:
​ប្រធានាធិបតី​អាមេរិក ចូ បៃ​ឌិន នៅ​ថ្ងៃទី​៧ កុម្ភៈ បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា អាមេរិក​នឹងមិន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​ជាមុន​ឡើយ បើសិន​អ៊ីរ៉ង់​មិន​អនុវត្ត​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមុន​នោះទេ​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ឯណោះ​វិញ ទាមទារ​ឱ្យ​អាមេរិក​ដក​ទណ្ឌកម្ម​សិ​ន ទើប​និយាយ​ដល់​ការអនុវត្ត​កា​ត្វ​កិច្ច​ចែង​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។​

 
​អាមេរិក និង​អ៊ឺ​រ៉ង់​ដែល​ពុំដែល​មើលមុខ​គ្នា​ចំ​ម្តងណា​ឡើយ​នោះ សុទ្ធតែ​បង្ហាញ​ឆន្ទៈ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ឡើងវិញ ប៉ុន្តែ​ទាមទារ​ឲ្យ​ភាគី​ម្ខាង​ទៀត​អនុវត្ត​កិច្ចព្រមព្រៀង​ជាមុន​រៀងៗ​ខ្លួន​។ អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ក្រោយ​ដើរចេញ​នៅ​ឆ្នាំ​២០១៨ ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ក្រោយ​អាមេរិក​ចេញ អ៊ីរ៉ង់​ក៏​ប្រកាស​លែង​អនុវត្តតាម​កិច្ចព្រមព្រៀង​នេះ​ទៀត​ដែរ ទោះ​មាន​ការទទូច​ពី​ហត្ថលេខី​ឯទៀត​ក្ដី​។​
 
 
 
​ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ភាគី​ណា​ត្រូវអនុវត្ត​កិច្ចព្រមព្រៀង​ជាមុន នៅពេល​ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​មានបំណង​ស្រោចស្រង់​កិច្ចព្រមព្រៀង​ឡើងវិញ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ប្រធានាធិបតី ចូ បៃ​ឌិន បាន​ឆ្លើយថា ទេ​! នៅពេល​ត្រូវ​សួរថា តើ​អាមេរិក​នឹង​លើក​ទណ្ឌកម្ម​ជាមុន​ដើម្បី​បញ្ចុះបញ្ចូល​អ៊ីរ៉ង់​ឲ្យ​ត្រឡប់មក​គោរព​កិច្ចព្រមព្រៀង ឬ​យ៉ាងណា​? ប៉ុន្តែ​លោក​បៃ​ឌិន ងក់ក្បាល​ជាស​ញ្ញា​យល់ព្រម នៅពេល​អ្នក​សម្ភាសន៍​និយាយថា អាមេរិក​នឹង​លើក​ទណ្ឌកម្ម​បើសិនជា អ៊ីរ៉ង់​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​។​
 
​ប៉ុន្តែ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក អា​លី ខា​មេ​ណី និយាយថា​អ៊ីរ៉ង់ នឹងមិន​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ជាមុន​ឡើយ បើសិន​អាមេរិក​មិន​ដក​ទណ្ឌកម្ម​ជាមុន​នោះទេ​។ បើតាម​លោក ខា​មេ​ណី នេះ​ជាការ​សម្រេចចិត្ត​ចុងក្រោយ និង​មិន​សើរើ​ឡើងវិញ​បាន​។ 
 
«​បើ​ពួកគេ​(​អាម​រិ​ក​)​ចង់ឱ្យ​អ៊ីរ៉ង់​ត្រឡប់មក​កិច្ចព្រមព្រៀង​នេះ អាមេរិក​ត្រូវ​ដក​ទណ្ឌកម្ម​ទាំងស្រុង មិនមែន​នៅតែ​លើ​ក្រដាស​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ខា​មេ​ណី ដែល​ចាក់ផ្សាយ​ក្នុង​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​៧ កុម្ភៈ​។​
 
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ចា​វ៉ាដ ហ្សា​រី​ហ្វ បានដាក់​លក្ខខណ្ឌ​ឱ្យ​អាមេរិក​ត្រូវ​ចូលរួម​កិច្ចព្រមព្រៀង​នេះ​វិញ​ឲ្យ​បាន​មុន​ថ្ងៃទី​២១ ខែកុម្ភៈ ព្រោះ​សភា​អ៊ីរ៉ង់ ដែល​កាន់កាប់​ដោយ​អ្នកមាន​ទំនោរ​ប្រឆាំង​អាមេរិក​អនុម័ត​ច្បាប់​ឱ្យ​រដ្ឋាភិបាល​បង្កើន​សក​ម្ម​ភាព​នុយក្លេអ៊ែរ បើ​អាមេរិក​មិន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រឹម​ថ្ងៃទី​២១ ខែកុម្ភៈ​ទេនោះ​។ កាលពី​ខែមករា អ៊ីរ៉ង់​បានប្រកាសថា ខ្លួន​បាន​បង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឱ្យបាន​២០​ភាគរយ​។ កិច្ចព្រមព្រៀង​អនុញ្ញាតឱ្យ​អ៊ីរ៉ង់​ចម្រាញ់​ក្នុង​កម្រិត​ត្រឹមតែ​៣,៦៧​ភាគរយ​ប៉ុណ្ណោះ​។ យ៉ាងណាក្តី ការ​ចម្រាញ់​ត្រឹម​២០​ភាគរយ ពុំទាន់​អាច​យកទៅ​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​បាន​ឡើយ​ទេ​។​
 
​ទាក់ទង​ការអនុវត្ត​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ លោក ហ្សា​រី​ហ្វ និយាយថា អឺរ៉ុប​ដែលមាន​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ដែរនោះ អាចជួយ​សម្រួល​រៀបចំ​ពេលវេលា​សម្រាប់​អាមេរិក និង​អ៊ីរ៉ង់​ក្នុង​ការគោរព​កាតព្វកិច្ច​រៀងខ្លួនៗ​បន្តិច​ម្តងៗ​។ ប៉ុន្តែ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ភាគី​អឺរ៉ុប​ទាំងបី​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ លោក អាន់​តូ​នី ប្ល៊ី​ខិ​ន រដ្ឋមន្ត្រីការបរទេស​អាមេរិក និយាយថា​អឺរ៉ុប​ត្រូវ​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​នេះ​។​
 
​ក្រៅតែពី​ចេញ​បើកផ្លូវ​ឱ្យ​បំពាន​ទៅនឹង​កិច្ចព្រមព្រៀង ច្បាប់​នេះ​តម្រូវឱ្យ​អ៊ីរ៉ង់​បណ្តេញ​មន្ត្រី​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) មិនឱ្យ​ត្រួតពិនិត្យ​ស្ថានីយ​នុយក្លេអ៊ែរ​របស់ខ្លួន​ផងដែរ ចាប់ពី​ថ្ងៃទី​២១ កុម្ភៈ​តទៅ​៕
 

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com