ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម សម្រេចឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោពីវៀតណាមវិញ រថយន្តដឹកត្រីមួយគ្រឿង ចេញពីប្រទេសវៀតណាមតាមច្រកព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្តាល នៅលើផ្លូវជាតិលេខ២១ ឆ្ពោះទៅរាជធានីភ្នំពេញ កាលពី១៨មករាឆ្នាំ២០២១។ រូបថត៖ អ៊ូ សុខមាន
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេសវៀតណាមវិញ ក្រោយមានការផ្អាកនាំចូលត្រីទាំងបួនប្រភេទនេះ អស់រយៈពេលជិតមួយខែកន្លងមក។ ការអនុញ្ញាតឱ្យឈ្មួញនាំចូលពីត្រីទាំងនេះពីវៀតណាមវិញ គឺធ្វើឡើងបន្ទាប់ពីភាគីវៀតណាមសម្តែងការមិនពេញចិត្តជាខ្លាំងមកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាគឺធ្វើផ្ទុយពីស្មារតីសេរីភាពភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាព្រឹកថ្ងៃទី៨កុម្ភៈថា ឈ្មួញដែលនាំចូលត្រីទាំង៤ប្រភេទពីវៀតណាមវិញនេះ ត្រូវធ្វើឡើងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិគ្រោះយោបល់ ជាមួយសមាគមវារីវប្បករកម្ពុជា អាជីវករនាំចេញ-នាំចូលផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាងនិងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។
តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកកម្មកម្ពុជា ក្រសួងកសិកម្ម សហការជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រោយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com