ជាតិ
រថយន្ត
សារមន្ទីរវិមានសុខា មានរថយន្តដែលធ្លាប់ជាកម្មសិទ្ធិអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
× សៀមរាប៖ លោក លី ប៉េងហេង ម្ចាស់សារមន្ទីរវិមានសុខា ជាម្ចាស់រថយន្ដ ១គ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិ របស់តារាចម្រៀង ស៊ីន ស៊ីសាមុត។ គឺជារថយន្ដម៉ាក Volkswagen ប្រភេទទី១ ពណ៌ប្រផះ ដែលត្រូវបានផលិតឆ្នាំ១៩៥៨។ បើតាមលោក លី ប៉េងហេង រថយន្តមួយគ្រឿងស្ទើរតែលែងមានគ្រឿងបង្គុំដើមនៅសេសសល់ ព្រោះត្រូវបានដូរម៉ាស៊ីន កង់ទាំង៤ បូម ដែកកាងខាងមុខ និងក្រោយ តាប្លូ និងចង្កូត ហើយកែច្នៃទ្រង់ទ្រាយ។ អ្វីដែលមិនគួរឲ្យជឿនោះ ម៉ាស៊ីននៃរថយន្តនេះត្រូវបានប្តូរពីខាងក្រោយ ទៅដាក់ខាងមុខវិញ។ នៅផ្នែកខាងក្នុង ត្រូវបានដេរពូកថ្មីទាំងអស់។ និយាយរួម មានតែសាស៊ី ដែលនៅសល់ពីដើម។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក លី ប៉េងហេង ម្ចាស់សារមន្ទីរវិមានសុខា ដូចតទៅ៖
រថយន្ដ Volkswagen នេះមានឈ្មោះផ្លូវការថាប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន Volkswagen បានផលិតចាប់ពីឆ្នាំ១៩៣៨ និងរហូតដល់ឆ្នាំ១៩៧៨ (រហូតដល់ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល!)។ ក៏ប៉ុន្តែគ្មាននរណាហៅវាដូចនេះទេ! ប្លែកមែន តាមភាសានីមួយៗរថយន្ដនេះ មានឈ្មោះហៅថា Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Maggiolino (ភាសាអ៊ីតាលី) Beetle (ភាសាអង់គ្លេស) Käfer (ភាសាអាល្លឺម៉ង់)។ ដែលអាចបកប្រែថាសត្វខ្ញុង ពីព្រោះវាមានរាងដូចសត្វល្អិតនេះ។
Volkswagen ប្រភេទទី១ ត្រូវបានដំឡើងតាមរោងចក្រនៅប្រទេសអាល្លឺម៉ង់ ហើយនៅប្រទេសនាៗ ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាមេរិក តែមិនមែននៅទ្វីបអាស៊ីយើងទេ។ ហេតុនេះហើយ រថយន្ដនេះនៅទ្វីបអាស៊ី មិនសូវពេញនិយមដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាម នៅប្រទេសកម្ពុជាមានឡាន Volkswagen ប្រភេទទី១ ច្រើនគួរសម ប៉ុន្តែសព្វថ្ងៃនៅសេសសល់តិចតួច។ ជាក់ស្តែងនៅរាជធានីភ្នំពេញមាន Volkswagen ប្រភេទទី១ ប្រមាណពី៤-៥គ្រឿង , នៅក្រុងសៀមរាប មាន៥-៦គ្រឿង, នៅខេត្តកំពង់ឆ្នាំង មាន១គ្រឿង ហើយនៅក្រុងពោធិ៍សាត់ក៏មាន ១គ្រឿងទៀតដែរ។
ម៉ាក Volkswagen ត្រូវបានបង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយពលរដ្ឋអូទ្រីសមួយរូបឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ ពាក្យ VOLKS មានន័យថាប្រជាជន និងពាក្យ WAGEN មានន័យថាឡាន៕
Tag:
យានយន្ត
សារមន្ទីរ
ស៊ីន ស៊ីសាមុត
© រក្សាសិទ្ធិដោយ thmeythmey.com