អន្តរជាតិ
ប៉េកាំង ប្រកាស​ចាប់ខ្លួន​អ្នកកាសែត​ចិន​-​អូស្ត្រាលី ដោយ​ចោទថា​បញ្ជូន​ព័ត៌មាន​សម្ងាត់​ឱ្យ​បរទេស​
08, Feb 2021 , 9:59 pm        
រូបភាព
លោកស្រីCheng Lei អ្នកកាសែតអូស្ត្រាលី។ រូបភាព៖AFP
លោកស្រីCheng Lei អ្នកកាសែតអូស្ត្រាលី។ រូបភាព៖AFP
ដោយ:
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​៨ កុម្ភៈ​បានបញ្ជាក់​ជា​ផ្លូវការ​ពី​ការចាប់ខ្លួន​លោកស្រី Cheng Lei អ្នកកាសែត​អូស្ត្រាលី​ដើមកំណើត​ចិន ដោយ​ជាប់​សង្ស័យ​ពីបទ​បញ្ជូន​ព័ត៌មាន​សម្ងាត់​របស់​ចិន​ទៅ​បរទេស​។ លោកស្រី Cheng ធ្វើ​ការឱ្យ​សារព័ត៌មាន​រដ្ឋ​ចិន CGTN ហើយ​ត្រូវបាន​អាជ្ញាធរ​ចិន​ឃាត់ខ្លួន​នៅ​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០២០ មកម្ល៉េះ​។ ប្រមុខ​ការបរទេស​អូស្ត្រាលី ក៏​បញ្ជាក់​ពី​ព័ត៌មាន​នេះដែរ​។​

 
​លោកស្រី Cheng Lei វ័យ​៤៩​ឆ្នាំ កើត​នៅ​ចិន ធំ​ដឹងក្តី និង​រៀនសូត្រ​នៅ​អូស្ត្រាលី បានធ្វើ​ការឱ្យ​សារព័ត៌មាន CGTN រយៈពេល​ជាង​១០​ឆ្នាំ​។ លោកស្រី​ទទួលបន្ទុក​ព័ត៌មាន​ពាណិជ្ជកម្ម និង​ចូលរួម​កម្មវិធី​ផ្សេងៗ​របស់​ស្ថានទូត​បរទេស​នៅ​រដ្ឋធានី​ប៉េកាំង​។  បើតាម​ក្រសួងការបរទេស​ចិន លោកស្រី Cheng ជាប់​សង្ស័យ​លើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន​មានការ​ផ្ដល់ព័ត៌មាន​ស​ម្ងា​ត់​ឱ្យ​បរទេស​ជាដើម​។​
 
«​យើង​ជឿជាក់ថា គាត់​ជាម​នុស្ស​គ្មាន​ទោស​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​គ្រួសារ​លោកស្រី Cheng  ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​ចិន​ព​ន្លឿ​ន​រឿងក្តី​នេះ និង​គោរព​សិទ្ធិ​របស់លោក​ស្រី​ផងដែរ​។ គ្រួសារ​លោកស្រី Cheng ក៏​សំណូមពរ​ឱ្យ​លោកស្រី​អាចទាក់ទង​ជាមួយ​កូន​របស់​លោកស្រី​ពីរ​នាក់​ដែល​នៅ​តូច​ផងដែរ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
​លោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​និយាយថា មន្ត្រី​ទូត​បាន​ចូលជួប​លោកស្រី​Cheng ប្រាំ​មួយដង​អំឡុងពេល​ឃុំខ្លួន ដោយ​លើកចុងក្រោយ​កើតឡើង​ក្នុង​ខែមករា​។ ប្រមុខ​ការបរទេស​អូស្ត្រាលី​រូបនេះ អះអាងថា រដ្ឋាភិបាល​បានលើកឡើង​ពី​ក្តីបារម្ភ​ចំពោះ​ការឃុំខ្លួន​លោកស្រី Cheng ក្នុងជំនួប​ជាន់ខ្ពស់​ជាមួយ​មន្ត្រី​ប៉េកាំង ហើយ​ក៏បាន​សួរនាំ​ពី​សុខុមាលភាព និង​ស្ថានភាព​នៃ​ទី​ឃុំឃាំង​របស់លោក​ស្រី​ផងដែរ​។​
 
​លោក Geoff Raby អតីត​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ចិន លើកឡើងថា សំណុំរឿង​លោកស្រី Cheng អាច​នឹង​ក្លាយជា​រឿងរ៉ាវ​ធំ​ជាង​ទំនាក់ទំនង​ចិន​-​អូស្ត្រាលី​ទៅទៀត ។ លោក​បន្ថែមថា ការជួយ​លោកស្រី Cheng កាន់តែ​ពិបាក ជាពិសេស​នៅពេលដែល​ចិន ផ្អាក​ទំនាក់ទំនង​ជាន់ខ្ពស់​ជាមួយគ្នា​ថ្នាក់ដឹកនាំ​អូស្ត្រាលី​។​
 
​ទំនាក់ទំនង​រវាង​ចិន និង​អូស្ត្រាលី ចាប់ផ្តើម​យ៉ាប់យ៉ឺន​បន្ទាប់ពី​អូស្ត្រាលី​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​លើ​ប្រភព​ជំងឺ​កូ​វីដ​-១៩ ។ 
 
​កាលពី​ខែកញ្ញា អ្នកកាសែត​អូស្ត្រាលី​ចំនួន​ពីររូប​ផ្សេងទៀត បាន​រត់​ចេញពី​ចិន​ដោយមាន​អន្តរាគមន៍​ពី​មន្ត្រី​ទូត​អូស្ត្រាលី បន្ទាប់ពី​ត្រូវបាន​អាជ្ញាធរ​ចិន​សួរនាំ​ទាក់ទង​ទៅនឹង​ករណី​លោកស្រី Cheng នេះ​។ ការចាកចេញ​របស់​អ្នកកាសែត​ទាំង​២​នេះ ធ្វើឱ្យ​សារព័ត៌មាន​អូស្ត្រាលី​គ្មាន​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៅ​ចិន​ជា​លើកដំបូង ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក​។​
 
​ក្រៅតែពី​លោកស្រី Cheng  លោក Yang Hengjun អ្នកនិពន្ធ​សញ្ជាតិ​អូស្ត្រាលី​ដើមកំណើត​ចិន​មួយរូប​ទៀត ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន ដោយ​ចោទ​ពីបទ​ចារកិច្ច​។ លោក​ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​នៅ​ដើមខែ​មករា ឆ្នាំ​២០១៩ នៅ​អាកាសយានដ្ឋាន​ក្វាង​ចូ​វ​៕
 
 
 
 

Tag:
 អូស្ត្រាលី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com