COVID-19
ជាតិ
លោកស្រី ឱ វណ្ណឌី​ន ប្រកាស​ចាក់​វ៉ាក់សាំង​ពី​ចិន ដើម្បី​បង្កើន​ទំនុកចិត្ត​ពលរដ្ឋ​
08, Feb 2021 , 6:10 pm        
រូបភាព
ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន ប្រកាស​វ៉ាក់សាំង​COVID-19 របស់​ចិន ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។ លោកស្រី វណ្ណឌី​ន ប្រកាស​បែបនេះ នៅក្នុង​កិច្ច​សម្ភាស​ពិសេស​ស្តីពី «​ការដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩» នៅ​ថ្ងៃទី​៨ កុម្ភៈ​។​


 
«​ខ្ញុំ​នឹង​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​ដ៏​ថ្លៃថ្លា​របស់​ចិន​»​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី ឱ វណ្ណឌី​ន ដែល​ឆ្លើយតប​នឹង​ការសង្ស័យ​របស់​សាធារណជន លើ​មន្ត្រី​សុខាភិបាល​ថា មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​។​
 
​លោកស្រី ឱ វណ្ណឌី​ន ដែល​ស្ថិតនៅក្នុង​ជួរ​មន្ត្រី​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ បានបង្ហាញ​ជំហរ​មុតមាំ​ថា វ៉ាក់សាំង Sinopharm របស់​ចិន​នេះ គឺមាន​គុណភាព​ប្រហាក់ប្រហែល​នឹង​វ៉ាក់សាំង​ដទៃទៀត របស់​អាមេរិក Pfizer ជាដើម​។​
 
​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ រំពឹងថា ក្រោយពី​លោកស្រី​ចាក់​វ៉ាក់សាំង​ចិន​នេះហើយ នឹង​ធ្វើឱ្យ​ពលរដ្ឋ​អស់​មន្ទិលសង្ស័យ​លើ​គុណភាព​វ៉ាក់សាំង​។ ត្រង់ចំណុច​នេះ​លោកស្រី វណ្ណឌី​ន សង្កត់ធ្ងន់ថា បើ​ពលរដ្ឋ​គិត​វិជ្ជមាន​លើ​វ៉ាក់សាំង​ចិន នោះ​ការឱ្យ​តម្លៃ​ក៏​វិជ្ជមាន ប៉ុន្តែ​បើ​គិត​អវិជ្ជមាន នោះ​ការឱ្យ​តម្លៃ​ក៏​អវិជ្ជមាន​។​ 
 
​កាលពី​ថ្ងៃទី​៧ កុម្ភៈ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​កូនប្រុស​បង្កើត​ទាំង​៣ និង​កូនប្រសារ​ប្រុស​២​នាក់ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពី​ចិន ដើម្បី​ផ្ដល់​ទំនុកចិត្ត ដល់​ប្រជាពលរដ្ឋ​ផងដែរ ខណៈដែល​សម្ដេច មិនអាច​ចាក់​បាន​ដោយសារ​លើស​អាយុ​កំណត់​។ សម្ដេច ហ៊ុន សែន មាន​អាយុ​៦៨​ឆ្នាំ ខណៈដែល​វ៉ាក់សាំង​ចិន អាច​ចាក់​លើ​មនុស្ស​អាយុ​ចាប់ពី​១៨ ឆ្នាំទៅ​៥៩​ឆ្នាំ​ប៉ុណ្ណោះ​។​មិនតែប៉ុណ្ណោះ​សម្ដេច ក៏​បញ្ជា​ឱ្យ​មន្ត្រីជាន់ខ្ពស់​នៅ​ជួរ​កងទ័ព និង​រដ្ឋាភិបាល រួមទាំង​រដ្ឋមន្ត្រី​វ័យក្មេង និង​កូន​អ្នកធំ​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ចាក់​វ៉ាក់សាំង​នេះ​ផងដែរ​។​សម្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​នោះ គឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ នា​ថ្ងៃទី​១០ កុម្ភៈ ៕
 

Tag:
 ឱ វណ្ណឌី​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com