អន្តរជាតិ
ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង​៖ រដ្ឋាភិបាលយោធា​ថ្មី ខុសពី​រដ្ឋាភិបាលយោធា​សម័យមុនៗ​
09, Feb 2021 , 12:29 pm        
រូបភាព
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
​មួយ​សប្តាហ៍​ក្រោយ​ដណ្ដើម​ពី​រដ្ឋាភិបាល​ស៊ីវិល លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា បាន​ការពារ​រដ្ឋាភិបាល​យោធា​របស់ខ្លួន​ថា ខុសពី​រដ្ឋាភិបាលយោធា​មុនៗ ព្រោះ​រដ្ឋាភិបាល​របស់លោក អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។ បើតាម​ការអះអាង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ក្នុង​ថ្ងៃទី​៨ ខែកុម្ភៈ ទោះ​មានការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ប គោលនយោបាយ​ការបរទេស និង​វិនិយោគ នៅ​រក្សាទុក​ដដែល​។

 
 
​គិត​ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា បាន​ឈានចូល​មួយ​សប្តាហ៍​ហើយ​។ ចំនួន​ប្រជាជន​ចេញមក​តវ៉ា​នឹង​ការដណ្តើម​អំណាច​របស់​យោធា​នៅក្នុង​ទីក្រុង​ធំៗ ក៏​កើនឡើង​ផងដែរ ខណៈពេល​សហគមន៍​អន្តរជាតិ បានដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ជា​បន្តបន្ទាប់​។ ចំណែក​ក្រុមហ៊ុន​បរទេស​មួយចំនួន ដែល​ប្រតិបត្តិការ​នៅ​មី​យ៉ាន់​ម៉ា ក៏​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​ប​ណ្តោះ​អាសន្ន​ផងដែរ​។ 
 
​ក្នុង​គោលបំណង​អំពាវនាវ​ឱ្យ​ប្រជាជន​ឈប់​តវ៉ា និង​កាត់បន្ថយ​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា បាន​ថ្លែង​ទៅកាន់​ប្រជាជន​របស់ខ្លួន​ជា​លើកដំបូង តាមរយៈ​ទូរទស្សន៍ MRTV​។ ក្នុង​សេចក្តីថ្លែងការណ៍​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា រដ្ឋាភិបាលយោធា​ក្នុងពេល​បច្ចុប្បន្ន មិន​ដូចគ្នា​នឹង​រដ្ឋាភិបាលយោធា​សម័យមុន​ឡើយ ព្រោះ​រដ្ឋមន្ត្រី ត្រូវបាន​ដាក់ឱ្យ​ត្រូវ​នឹង​តំណែង​របស់ខ្លួន ហើយ​រដ្ឋាភិបាល​ថ្មី​ក៏​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដែរ​។ 
 
​បើតាម​លោក មីន អ៊ុង​ឡាំង យោធា​មី​យ៉ាន់​ម៉ា នឹង​បង្កើត​លទ្ធិប្រជាធិបតេយ្យ​ពិត និង​តាម​គោលការណ៍​មួយ​ដែល​ខុសពី​របប​សឹក​មុនៗ​។ ជាមួយគ្នានេះ លោក​មីន អ៊ុង​ឡាំង បាន​ការពារ​ការដណ្តើម​អំណាច​ពី​ក្រុម​រដ្ឋាភិបាល​ស៊ីវិល​ជាថ្មី​ថា ដោយសារ​មិនមាន​ដំណោះស្រាយ​លើ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត និង​គ្មាន​អង្គការ​ណាមួយ អាច​អង្គុយ​លើ​ច្បាប់​បានឡើយ​។ 
 
​ក្នុងន័យនេះ លោក​មីន អ៊ុង​ឡាំង បាន​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ និង​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ បន្ទាប់ពី​ស្ថានភាព​អាសន្ន​នៅ​មី​យ៉ាន់​ម៉ា ត្រូវបាន​បញ្ចប់​។ បក្ស​ដែល​ឈ្នះ​ការ​ឆ្នោត នឹងត្រូវ​ក្រុម​យោធា​ប្រគល់​អំណាច​ឱ្យ​។ ក្រៅពី​កិច្ចការ​នៅក្នុង​ប្រទេស​មេដឹកនាំ​យោធា​រូបនេះ ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ថ្មី​ទៅលើ​កិច្ច​ករ​ក្រៅប្រទេស​ផងដែរ​។ បើតាម​លោក​មីន អ៊ុង​ឡាំង ទោះ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវបាន​ដោះដូរ​មែន គោលនយោបាយ​ការបរទេស និង​វិនិយោគ​មិន​ផ្លាស់ប្ដូរ​អ្វី​ទេ​។ 
 
«​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​រក្សា​ទំនាក់​ទំនងជា​មិត្តភាព​ជាមួយ​ប្រជាជាតិ​ទាំងអស់ និង​គ្មានអ្វី​ផ្លាស់ប្តូរ​ក្នុង​នយោបាយ​ការទូត​របស់ខ្លួន​ឡើយ​»​។ អគ្គមេបញ្ជាការ​យោធា​បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា រដ្ឋាភិបាល ក៏​នៅតែ​បន្ត​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​បរទេស​មករក​ស៊ី​នៅ​មី​យ៉ាន់​ម៉ា​ដដែល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia​។ 
 
​ក្នុង​ថ្ងៃ​ដែល​លោក មីន អ៊ុង​ឡាំង ធ្វើ​សេចក្តីថ្លែងការណ៍ ប្រជាជន​មី​យ៉ាន់​ម៉ា រួមទាំង​ព្រះសង្ឃ​ផង បាន​ចេញមក​បាតុកម្ម​នៅក្នុង​មី​យ៉ាន់​ម៉ា​ជាច្រើន​ពាន់​នាក់​នៅក្នុង​ទីក្រុង​ធំៗ​ជាច្រើន ដើម្បី​តវ៉ា​នឹង​រដ្ឋប្រហារ​យោធា​។ ច្បាប់អាជ្ញាសឹក​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​នៅក្នុង​តំបន់​ខ្លះ​ក្នុង​ក្រុង Mandalay, ក្រុង​យ៉ាំង​ហ្គោ​ន និង​ក្រុង​ផ្សេងទៀត ដោយ​ដាក់​បម្រាម​គោចរ​ពី​ម៉ោង​៨​យប់ ដល់​ម៉ោង​៤​ព្រឹក និង​ហាម​ការជួបជុំ​មនុស្ស​ច្រើនជាង​៥​នាក់​។ 
 
​បើទោះបីជា​ច្បាប់អាជ្ញាសឹក​ត្រូវបាន​ប្រកាស​ឱ្យប្រើ​ក៏ដោយ ប្រជាជន​នៅតែ​ចេញមក​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដដែល​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ​។ សម្រែក​ទាមទារ និង​បដា ដែល​សរសេរ​ឱ្យ​ដោះលែង​លោកស្រី ស៊ូ​ជី នៅតែ​បន្ត​កើតមាន​។ ប្រជាជន​ខ្លះ បាន​ស្រែក​ទាមទារ​ឱ្យ​លុបចោល​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨ ដែល​ផ្តល់​កៅអី​សភា​ចំនួន ២៥​ភាគរយ​ឱ្យ​យោធា​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com