ជាតិ
សេដ្ឋកិច្ច
«​រាម​»​នឹង​ក្លាយជា​ទីក្រុង​ឈានមុខ​គេ​ទី​៣​នៅ​កម្ពុជា តាមរយៈ​គម្រោង​អភិវឌ្ឍ​តម្លៃ​១៦​ពាន់​លាន​ដុល្លារ
09, Feb 2021 , 2:41 pm        
រូបភាព
​ភ្នំពេញ​៖ Canopy Sands Development ជា​សមាជិក​នៃ​Prince Holding Group ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ពហុ​ផលិតផល​ឈានមុខ​គេ​នៅ​កម្ពុជា បានអនុម័ត​ផែនការមេ​អភិវឌ្ឍ​«​ទីក្រុង​រាម​»​តម្លៃ​១៦​ពាន់​លាន​ដុល្លារ ក្នុង​ទំហំ​ផ្ទៃដី​ជាង​៨៣៤​ហិកតា នៅ​តំបន់​ឆ្នេរសមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យ​ក្លាយជា​ទីក្រុង​ឈានមុខ​គេ​ទី​៣ នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Prince Holding Group កាលពី​ថ្ងៃទី​៨​កុម្ភៈ ឆ្នាំ​២០២១​។

 
​ទីក្រុង​រាម នឹងត្រូវ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Surbana Jurong Group ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​សេវាកម្ម​ទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រឹក្សា​ការគ្រប់គ្រង​សេវាកម្ម ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​៖«​ទីក្រុង​រាម នឹង​ដើរតួនាទី​ជា​កាតាលីករ​សម្រាប់​ចក្ខុវិស័យ​កំណើន​នៅក្នុង​តំបន់​[​ក្រុងព្រះសីហនុ​] ទៅជា​ទីក្រុង​ឈានមុខ​គេ​ទី​៣ និង​ជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ របស់​កម្ពុជា​»​។​
​បើតាម​ក្រុមហ៊ុន គម្រោង​អភិវឌ្ឍ​ទីក្រុង​រាម​នេះ នឹង​ជួយ​ផ្លាស់ប្តូរ​មុខមាត់​ក្រុងព្រះសីហនុ​ទៅជា​ប្រព័ន្ធ​អេកូឡូស៊ី​ទេសចរណ៍​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ប្រកបដោយ​ផាសុខភាព និរន្តរភាព សម្រាប់​មនុស្ស​រស់នៅ​បាន​រហូតដល់​១៣​ម៉ឺន​នាក់​។ 
 
​លោក Yeo Choon Chong អគ្គនាយក​ក្រុមហ៊ុន Surbana Jurong ប្រចាំ​តំបន់​អាស៊ាន បាន​លើកឡើងថា កម្ពុជា​នៅតែ​បន្ត​ទាក់ទាញ​លំហូរ​ចូល​ជាប្រចាំ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​(FDI)​។ លោក​មើលឃើញថា សក្ដានុពល​ដ៏​ធំ​ក្នុង​ការជំរុញ​កំណើន​វិនិយោគ​នៅក្នុង​ទីផ្សារ​កម្ពុជា​ដ៏​សំខាន់​នេះ គឺ​តាមរយៈ​ការចូលរួម​របស់ខ្លួន នៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ជាមួយនឹង​ដៃគូ​នានា​របស់​ក្រុមហ៊ុន​។​
 
​លោក​Yeo Choon Chong បាន​និយាយ​ដូច្នេះ​៖«​សំណើ​នេះ នឹង​ផ្ដល់​អាទិភាព​ដល់​ការធ្វើសមាហរណកម្ម​ធ​ម្ម​ជាតិ​ដើម្បី​លើកកម្ពស់​ការថែរក្សា​ប​រិ​ស្ថាន​។ ផ្នែក​មួយ​ដ៏​សំខាន់​របស់​ផែនការ​អភិវឌ្ឍ​នេះ គឺ​បានរួម​បញ្ចូល​ទាំង​ឆ្នេរ​ខ្សាច់ ដែល​លាតសន្ធឹង​រហូត​ជាង​៦​គីឡូម៉ែត្រ​»​។ 
 
​លោក​បាន​បន្ថែមថា ផែនការមេ​អភិវឌ្ឍ​ទីក្រុង​រាម​នេះ នឹង​គាំទ្រ​ដល់​សកម្មភាព​ឆ្នេរ​ដ៏​ធំ និង​ធ្វើឱ្យមាន​ភាពរស់រវើក​ដល់​សហគមន៍  ដោយ​រួមបញ្ចូល​ទាំង​ការលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​សហគមន៍ ដើម្បី​គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​សហគមន៍ ដូចជា​សាលារៀន សួនឧទ្យាន កន្លែង​លេង​កីឡា ពហុ​ព្យាបាល​ដ្ឋា​ន និង​មជ្ឈមណ្ឌល​នៅ​ជុំវិញ​ទីកន្លែង​នេះ​។  លោក Yeo Choon Chong អះអាងថា នៅក្នុង​សេចក្តីប្រកាស​ដដែល​ថា​៖ «​នៅពេល​អភិវឌ្ឍ​ពេញលេញ ទីក្រុង​រាម នឹង​ក្លាយជា​ទិសដៅ​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​ការ​ពិសា​អាហារ​ កន្លែង​លក់រាយ កន្លែងធ្វើការ ការកម្សាន្ត និង​ការរស់នៅ​»​។​
 
​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ  លោក ឃាង ភារ​ម្យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នា​ព្រឹក​ថ្ងៃទី​៩​កុម្ភៈ ថា គម្រោង​អភិវឌ្ឍ​ទីក្រុង​រាម របស់​ក្រុមហ៊ុន​Surbana Jurong Group គឺ​បាន​ចាក់ដី​បំពេញ និង​បុកគ្រឹះ​សាងសង់​ហើយ​។  ប៉ុន្តែ​លោក មិនបាន​ដឹង​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​ទីក្រុង​រាម របស់​ក្រុមហ៊ុន​នេះ បាន​រួចរាល់​ក្នុង​កម្រិតណា ឬ​ប៉ុន្មាន​ភាគរយ​ឡើយ​។ 
 
​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់ ២០២០ នៅ​ខេត្ត​ព្រះសីហនុ មាន​ក្រុមហ៊ុន​ចំនួន​១៩៤ បានមក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ វិស័យ​ទេសចរណ៍​, វិស័យ​កម្មន្តសាល និង​វិស័យ​ឧស្សាហកម្ម​នានា ដែលមាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣​ម៉ឺន​លាន​ដុល្លារ​។ នេះ​បើតាម​លោក ភារ​ម្យ​៕ 

Tag:
 គម្រោង​វិនិយោគ​
  រាម​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com