អន្តរជាតិ
នូ​វែ​ល​សេ​ឡង់ ជា​ប្រទេស​ទីមួយ​ប្រកាស​មិន​ទទួលស្គាល់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា
09, Feb 2021 , 3:21 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ Jacinda Ardern ។ រូបថត AFP
នាយករដ្ឋមន្រ្តីនូវែលសេឡង់ Jacinda Ardern ។ រូបថត AFP
​នូ​វែ​ល​សេ​ឡង់ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ បានប្រកាស​មិន​ទទួល​ស្គា​ល់ភាព​ស្របច្បាប់ នៃ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា និង​ផ្អាក​ទំនាក់ទំនង​កម្រិត​ខ្ពស់​ជាមួយ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ជា​បណ្តោះអាសន្ន​។ ជាមួយគ្នានេះ នូ​វែ​ល​សេ​ឡង់ ក៏​នឹង​ហាមឃាត់​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ចូលមកក្នុង​ទឹកដី​នូ​វែ​ល​សេ​ឡង់​ផងដែរ​។​

 
 
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី​នាយករដ្ឋមន្ត្រី​Jacinda Ardern បានប្រកាសថា នូ​វែ​ល​សេ​ឡង់ នឹងដាក់​បម្រាម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ជាច្រើនរូប មិនឱ្យ​ចូលមកក្នុង​ទឹកដី​របស់ខ្លួន និង​ផ្អាក​ទំនាក់ទំនង​នយោបាយ​ក្នុង​កម្រិត​ខ្ពស់​ទាំងអស់​។ បម្រាម​នេះ នឹង​ចេញ​ជា​ផ្លូវការ​នៅពេល​ខាងមុខ​។​
 
«​រឿង​មួយ យើង​នឹងធ្វើ គឺ​ផ្អាក​កិច្ចសន្ទនា​ជាន់ខ្ពស់​ទាំងអស់​»​។ ប្រមុខ​រដ្ឋាភិបាល​ក្រុង​វែ​លីង​តោន បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា នូ​វែ​ល​សេ​ឡង់​នឹង​ធានា​ផងដែរ​ថា រាល់​កម្មវិធី​ជំនួយ​របស់ខ្លួន នឹងមិន​ត្រូវដាក់​បញ្ចូល​ក្នុង​គម្រោង​ទាំងឡាយណា ដែល​ទាក់ទិន ឬ​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុម​យោធា​ឡើយ​។ តាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ជំនួយ​ខាងលើ មាន​ទំហំ​ប្រមាណ ៣០​លាន​ដុល្លារ នៅ​ចន្លោះ​ឆ្នាំ ២០១៨ ដល់ ២០២១​។ 
 
​នូ​វែ​ល​សេ​ឡង់ ជា​ប្រទេស​ទីមួយ ដែល​បានប្រកាស​មិន​ទទួលស្គាល់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​។ រដ្ឋមន្ត្រីការបរទេស​នូ​វែ​ល​សេ​ឡង់ លោកស្រី Nanaia Mahuta បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​ដោយឡែក​មួយទៀត ដែល​អំពាវនាវ​ឱ្យ​របប​សឹក​មួយ​នេះ ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​, មេដឹកនាំ​នយោបាយ​ផ្សេងទៀត និង​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​វិញ​។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់នូ​វែ​ល​សេ​ឡង់​ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង បាន​ថ្លែង​សារ​ជា​សាធារណៈ នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ទៅកាន់​ប្រជាជន​ខ្លួន​ក្នុងប្រទេស ដែល​កំពុង​ធ្វើបាតុកម្ម​តវ៉ា​។ បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ ការ​លូកដៃ​ពី​សំណាក់​ក្រុម​យោធា លើ​រដ្ឋាភិបាល​ស៊ីវិល ដោយសារតែ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត មិន​ត្រូវបាន​ដោះស្រាយ​។ 
 
​នៅ​មី​យ៉ាន់​ម៉ា​ឯណោះ បាតុករ​នៅតែ​បន្ត​ជួបជុំ​ទោះ​របប​យោធា​ព្រមាន​ចាត់វិធានការ​ក្ដី​។ ប៉ូលិស​មី​យ៉ាន់​ម៉ា បាន​ចាប់ខ្លួន​អ្នក​តវ៉ា​យ៉ាងហោចណាស់​២៧​នាក់ នៅក្នុង​ទីក្រុង Mandalay ដោយ​រួមមាន​អ្នកសារព័ត៌មាន​ម្នាក់​ផងដែរ​។ ចំណែក​បាតុកម្ម​នៅក្នុង​ទីក្រុង​ណៃ​ពិដោ និង​តំបន់ Bago វិញ ត្រូវបាន​ប៉ូលិស​បាញ់​ទឹក​បង្ក្រាប និង​បំបែក​ក្រុមបាតុករ​។ យ៉ាងណាមិញ បាតុករ​ទាំងនោះ នៅតែ​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាលយោធា និង​ស្រែក​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី ស៊ូ​ជី និង​ឱ្យ​ក្រុម​យោធា​ចុះ​ចេញពី​តំណែង​។ 
 
​បន្ទាប់ពី​វិធាន​ការបាញ់ទឹក​មិនអាច​បំបែក​ក្រុមអ្នកតវ៉ា​ក្នុង​ក្រុង​ណៃ​ពិដោ​បាន ប៉ូលិស​ក្រុង ក៏បាន​បាញ់​គ្រាប់កាំភ្លើង​ទៅក្នុង​អាកាស​ប៉ុន្មាន​គ្រាប់​ផងដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប៉ូលិស​ក៏បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ​លើ​បាតុករ​ទៀតផង​៕

Tag:
 ​មី​យ៉ាន់​ម៉ា​
  នូ​វែ​ល​សេ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com