របាយការណ៍អង្គការសហប្រជាជាតិ (UN) បង្ហាញថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងពេញមួយឆ្នាំ២០២០ ដែលជាការបំពានដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ។ របាយការណ៍ លើកឡើងដែរថាប្រទេសនេះចំណាយប្រាក់ជាង៣០០លានដុល្លារសម្រាប់កម្មវិធីទាំងនេះ ដែលរកបានតាមរយៈការវាយប្រហារអ៊ីនធឺណិត។
របាយការណ៍ដែលរៀបចំដោយក្រុមអ្នកឃ្លាំមើលទណ្ឌកម្មឯករាជ្យ UN អះអាងថា កូរ៉េខាងជើងបន្តផលិតសម្ភារចំហេះសម្រាប់មីស៊ីល បន្តថែទាំទីតាំងផលិតអាវុធនុយក្លេអ៊ែរ និងធ្វើទំនើបកម្មទីតាំងផលិតមីស៊ីលបាលីស្ទិក។ ជាមួយគ្នានេះ របាយការណ៍ដែលដាក់ជូនគណៈកម្មាធិការទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី៨ ខែកុម្ភៈ បន្តថា កូរ៉េខាងជើងក៏បន្តស្វែងរកសារធាតុ សម្ភារ និងបច្ចេកវិទ្យាសំខាន់ៗពីបរទេស។
អ្វីដែលគួរឱ្យកត់សម្គាល់ របាយការណ៍នេះបញ្ជាក់ថា កូរ៉េខាងជើង និងអ៊ីរ៉ង់បានបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ។ ការបន្តកិច្ចសហប្រតិបត្តិការនេះ រួមមានការបញ្ជូនសម្ភារសំខាន់ៗដោយអ៊ីរ៉ង់ទៅកូរ៉េខាងជើងក្នុងឆ្នាំ២០២០។ តបទៅនឹងរបាយការណ៍នេះ លោក Majid Takht Ravanchi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ UN និយាយថា ព័ត៌មានដែលផ្តល់ឱ្យក្រុមអ្នកឃ្លាំមើលទណ្ឌកម្ម ជាព័ត៌មានមិនពិត និងត្រូវប្រឌិតឡើងប៉ុណ្ណោះ។
ទាក់ទងសមត្ថភាពរបស់មីស៊ីលកូរ៉េខាងជើង របាយការណ៍នេះបានលើកឡើងពីការវាយតម្លៃរបស់រដ្ឋជាសមាជិកមួយចំនួន ថា មីស៊ីលរបស់កូរ៉េខាងជើងមានសមត្ថភាពក្នុងការផ្ទុកគ្រាប់នុយក្លេអ៊ែរដែលអាចហោះដល់គោលដៅនៅរយៈចម្ងាយជិត មធ្យម និងឆ្ងាយ។ យ៉ាងណាក្តី អ្នកវិភាគពុំអាចដឹងថា មីស៊ីលទាំងនោះអាចធន់ទៅនឹងកម្តៅនៅពេលត្រឡប់ចូលបរិយាសផែនដី ឬយ៉ាងណានោះទេ។
នៅឆ្នាំ២០១៨ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបំផ្ទុះចោលរូងក្រោមដី Punggye-ri ដែលជាកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែប្រទេសមួយចំនួនដែលចូលរួមក្នុងការសសេររបាយការណ៍នេះ និយាយថា ទីតាំងខាងលើមិនត្រូវបានបោះបង់ចោលឡើយ ហើយថែមទាំងមានវត្តមានមនុស្សនៅទីនោះផងដែរ។
ចំពោះរឿងថវិកាវិញ របាយការណ៍លើកឡើងថា ក្នុងឆ្នាំ២០២០ កូរ៉េខាងជើងបន្តបើកប្រតិបត្តិការវាយលុកគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាការដោះដូររូបិយបណ្ណតាមបណ្តាញអ៊ីនធឺណិត ដោយរកប្រាក់បានប្រមាណ៣១៦,៤លានដុល្លារ ដើម្បីផ្គត់ផ្គងកម្មវិធីនុយក្លេអែរ។ ក្នុងឆ្នាំ២០១៩ កូរ៉េខាងជើងរកប្រាក់បានយ៉ាងហោចណាស់៣៧០លានដុល្លារតាមរយៈការលក់ធ្យូងថ្មផងដែរ។ ចំណូលភាគច្រើន ប្រើប្រាស់លើកម្មវិធីអាវុធ ខណៈប្រជាជនប្រទេសនេះរងភាពអត់ឃ្លានដដែល។
លើសពីការបំពានការហាមឃាត់ពាក់ព័ន្ធកម្មវិធីអាវុធ ទីក្រុងព្យុងយ៉ាង ក៏បំពានដំណោះស្រាយផ្សេងទៀតលើការនាំចូលប្រេងដែរ។ រូបភាពពីផ្កាយរណប ដែលផ្តល់ឱ្យពីរដ្ឋសមាជិកវិញ បង្ហាញថា រដ្ឋឯកោមួយនេះ នាំចូលប្រេងដែលចម្រាញ់ហើយលើសចំនួនកំណត់ដែលអនុញ្ញាតដោយអង្គការសហប្រជាជាតិ។ ពីខែមករា ដល់កញ្ញាឆ្នាំ២០២០ កូរ៉េខាងជើងនាំចូលប្រងហួសចំនួនដែលកំណត់៥សែនបារែល ជាច្រើនដង។
កូរ៉េខាងជើង រងទណ្ឌកម្មអង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦មក។ ក្រុមប្រឹក្សានេះបន្តឹងទណ្ឌកម្មជាច្រើនដង ក្នុងបំណងហាមមិនឱ្យរដ្ឋកុម្មុយនីស្តមួយនេះមានមធ្យោបាយអាចផលិតអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងបាន៕