ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ត្រូវសិក្សាពីប្រភពគ្រឿងញៀន៥០០គីឡូ ដែលទើបបង្ក្រាបបាននៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ សម្ដេច ស ខេង បញ្ជាបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
សម្ដេច ស ខេង បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន ហាក់ដូចជាចរាចរណ៍កើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលសមត្ថកិច្ចបានបង្ក្រាបច្រើនករណីហើយ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ដោយមើលឃើញពីកំណើនគ្រឿងញៀនថ្មីៗនេះ ទើបសម្ដេច ស ខេង បញ្ជាឱ្យសមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពឱ្យបានច្បាស់ ចំពោះការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ។ ជាពិសេសប្រភពគ្រឿងញៀន ដែលសមត្ថកិច្ចទើបបង្ក្រាបបានរាប់រយគីឡូ កន្លងទៅថ្មីៗនេះ។
រដ្ឋមន្ត្រីមហាផ្ទៃ បាននិយាយដូច្នេះថា៖«ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន។ ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង៥០០គីឡូក្រាម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»។
បើតាមសម្ដេច ស ខេង គ្រឿងញៀនជាង៥០០គីឡូក្រោម ដែលរឹបអូសបាននៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ ពោលគឺក្រុមទុច្ចរិតទាំងនោះ គ្រោងយកទៅបែងចែកបន្ត នៅតាមបណ្ដាប្រទេសផ្សេងៗទៀត តាមរយៈផ្លូវសមុទ្រ ដូចជា វៀតណាម ថៃ ជាដើម។
សម្ដេច ស ខេង ក៏បានបញ្ជាឱ្យសមត្ថកិច្ចទូទាំងប្រទេស ពង្រឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
កាលពីថ្ងៃទី៦ កុម្ភៈ កងទ័ពជើងទឹកនៅការពារកោះពូលូវៃ បានប្រទះថ្នាំញៀនប្រភេទ Ketamine រាប់រយគីឡូក្រាម ដែលត្រូវបានគេផ្លុងចោល។ កងទ័ពជើងទឹក ក៏បានប្រមូលគ្រឿងញៀនទាំងនោះ ទៅប្រគល់ឱ្យកម្លាំងទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ។
គិតត្រឹមខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន៦៩៨ករណី ដោយឃាត់ខ្លួនមនុស្ស ១,៧២២នាក់ (ស្រី៧៧នាក់)។ ការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនជិត ៧០គីឡូក្រាម និង៧៨៣កញ្ចប់ រួមទាំងកញ្ឆា ៦,៤២៧ដើម។ នេះបើរបាយការណ៍របស់អង្គភាពប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ។
កាលពីឆ្នាំ២០២០កន្លងមក សមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនមនុស្សជាង២ម៉ឹននាក់ ដោយរឹបអូសគ្រឿងញៀនជាង៣តោនផងដែរ៕