ភ្នំពេញ៖ សមាគមអាដហុកបានបង្ហាញថា ពេញមួយឆ្នាំ២០២០ មានការរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋនៅមូលដ្ឋាន១៧៨ករណី នៅរាជធានី-ខេត្តចំនួន១៨ ។ អាដហុក អះអាងថា ការបំភិតបំភ័យនិងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ មកលើក្រុមឬអ្នកប្រើប្រាស់សេរីភាពបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី នៅតែបន្តកើតមាន។ មន្ត្រីសិទ្ធិមនុស្សរដ្ឋាភិបាល ចាត់ទុករបាយការណ៍នេះ ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នាការប្រឆាំងរដ្ឋាភិបាល។
របាយការណ៍ការសមាគមអាដហុក ដែលចេញផ្សាយនៅថ្ងៃទី៤កុម្ភៈថា ពលរដ្ឋដែលចូលរួមសកម្មភាពជាមួយអង្គការសមាគម និងសហជីព ត្រូវបានរារាំងនិងប្រើអំពើហិង្សាពីអាជ្ញាធរ ដោយមិនអនុញ្ញាតឲ្យធ្វើបាតុកម្មដោយសន្តិវិធីតាមច្បាប់ឡើយ។ តាមការឃ្លាំមើលរបស់សមាគមអាហុករកឃើញថា អាជ្ញាធរបានតាមដាននិងគំរាមកំហែង នៅពេលពលរដ្ឋចូលរួមសម្ដែងមតិនិងទាមទាររកដំណោះស្រាយលើបញ្ហាដីធ្លី ព្រៃឈី ធនធានធម្មជាតិជាដើម។ របាយការណ៍ដដែល ក៏បានសង្កត់ធ្ងន់ថា សេរីភាពសម្ដែងមតិ ត្រូវបានរឹតត្បិតកាន់តែខ្លាំងនៅឆ្នាំ២០២០។
«អតីតអ្នកគាំទ្រក៏ដូចជាសកម្មជនមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ពួកគេទាំងនោះត្រូវបានសមត្ថកិច្ចបង្ខំឲ្យធ្វើកិច្ចសន្យា ឈប់ចែករំលែកព័ត៌មានតាមប្រព័ន្ធបណ្ដាញសង្គម ទទួលរងនូវការប្រើអំពើហិង្សាពីសំណាក់ជនមិនស្គាល់មុខ និងទទួលរងការឃាត់ខ្លួន បញ្ជូនខ្លួនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ និងរត់គេចខ្លួនពីការតាមចាប់ខ្លួន ពីការធ្វើទុក្ខបុកម្នេញ។ ខ្លះទៀតកំពុងតែជាប់ឃុំខ្លួន...»។ នេះបើតាមសមាគមអាដហុក ។
ក្រោយពីសមាគមអាដហុកចេញរបាយការណ៍ខាងលើកនេះ នៅថ្ងៃទី៦កុម្ភៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្ដីសង្ខេបព័ត៌មានពីស្ថានភាពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាឆ្នាំ២០២០ដែរ ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ។ លោក ជិន ម៉ាលីន បានអះអាងថា របាយការណ៍ទាំងនេះ គ្រាន់តែប្រមូលហើយបូកសរុបព្រឹត្តិកាណ៍ ពោលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារុបនេះ បានសង្កត់ធ្ងន់ថា៖ «ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថាជាការរំលោកភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើនិងធ្វើការពិចារណាលើទិដ្ឋភាពនិងនីតិវិធីច្បាប់ អង្គហេតុ...»។ លោក ជិន ម៉ាលីន ចាត់ទុករបាយការណ៍ទាំងនោះ ធ្វើឡើងដោយស្រង់មតិតែមួយជ្រុងប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិសេរីភាពមូលដ្ឋាននេះ សមាគមអាដហុកបានលើកជាអនុសាសន៍ថា គួរតែធ្វើសម្បទាននយោបាយក្នុងស្មារតីបង្រួបបង្រួមជាតិចេញពីបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហានយោបាយឲ្យបានមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ការធ្វើបែបនេះ ជាកត្តានាំឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្សប្រសើរឡើងវិញ។
អាដហុក ក៏ស្នើឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ចំពោះអ្នកនយោបាយ សកម្មជននយោបាយ អ្នកបញ្ចេញមតិខាងបរិស្ថាន សង្គមជាដើម។ សមាគមអាដហុកបានសង្កត់ធ្ងន់ថា «ដាក់វិន័យឬទោសតាមច្បាប់ ចំពោះមន្រី្តអាជ្ញាធររដ្ឋ ដែលបានរំលោភបំពានលើសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនបានអនុវត្តតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រសួងមហាផ្ទៃ»។
បើតាមអាដហុក ការកែលំអរប្រព័ន្ធយុត្តិធម៌នៃស្ថាប័នតុលាការ ដោយអនុវត្តឲ្យម៉ឹងម៉ាត់ ហើយមិនត្រូវបកស្រាយពន្លាតច្បាប់ ដើម្បីចោទប្រកាន់លើពលរដ្ឋឡើយ៕