កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល Mike Dean សុំ​មិន​ចូល​កាត់ក្តី​នៅ EPL ក្រោយ​ទទួល​ការ​គំរាម​សម្លាប់​
09, Feb 2021 , 4:34 pm        
រូបភាព
​លោក Mike Dean បានស្នើ​សុំ​មិន​ធ្វើជា​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្នុងការ​ប្រកួត Premier League ចុង​សប្តាហ៍​នេះ​ទេ បន្ទាប់ពី​លោក​ទទួល​ការ​គំរាម​សម្លាប់​នៅលើ​បណ្តាញ​សង្គម​ដោយសារ​ផ្តល់​កាត​ក្រហម​ចំនួន​៣​ក្នុងការ​ប្រកួត​២​លើកចុងក្រោយ​។​


​អាជ្ញាកណ្តាល​វ័យ​៥២​ឆ្នាំ​លោក Dean រង​ការរិះគន់​យ៉ាងខ្លាំង ក្រោយ​ផ្តល់​កាត​ក្រហម​ទៅឱ្យ Tomas Soucek ខ្សែបម្រើ West Ham United ក្រោយ​ប្រើ​ហិង្សា​ដោយ​អ​ចេតនា​លើ​កីឡាករ Aleksandar Mitrovic របស់ Fulham ក្នុងការ​ប្រកួត​ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ០-០ កាលពី​សប្តាហ៍​មុន​។​
 
​នេះ​ជាការ​សម្រេចចិត្ត​បណ្តេញ​កីឡាករ​ចេញពី​ទីលាន​លើក​ទី​៣​ក្នុងការ​ប្រកួត​២​លើក​របស់លោក Dean បន្ទាប់ពី Alexandre Jankewitz និង Jan Bednarek ត្រូវ​លោក​ផ្តល់​កាត​ក្រហម​ក្នុង​ការប្រកួត​ដែល Southampton ចាញ់ Manchester United ដល់​ទៅ ៩-០​។ 
 
​យ៉ាងណាក៏ដោយ ចំណោម​ការផ្តល់​កាត​ក្រហម​៣​លើក មាន​២​លើក​លើ​កីឡាករ Jan Bednarek និង Tomas Soucek រង​ការរិះគន់​ពី​សំណាក់​កីឡាករ​និង​គ្រូបង្វឹក​រហូត​មានការ​ប្តឹង​ជំទាស់​។ ការប្តឹង​ជំទាស់​មាន​ប្រសិទ្ធភាព ដោយ​កីឡាករ​ទាំងពីរ​រួច​ការពិន័យ​វិញ​។​
 
​បើទោះជា​មានការ​លើកលែង​ពី​ការពិន័យ​ក្តី ប៉ុន្តែ​អ្នកគាំទ្រ​ក្រុម​ទាំងពីរ ជាពិសេស​ក្រុម​អ្នកគាំទ្រ West Ham មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង​ដោយ​សរសេរ​លើ​បណ្តាញ​សង្គម​ពី​ការរើសអើង និង​គំរាម​សម្លាប់​លោក Dean និង​គ្រួសារ​ទៀតផង​។​
 
​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស​រូបនេះ នឹងត្រូវ​ចូលខ្លួន​ទៅ​កាត់សេចក្តី​ជំនួប​រវាង Leicester City ទល់ Brighton ពានរង្វាន់ FA Cup នៅ​រាត្រី​ថ្ងៃទី​១០ ខែកុម្ភៈ និង​ក្នុង​លី​គ​កំពូល​អង់គ្លេស​នៅ​ចុង​សប្តាហ៍​នេះ​។ យ៉ាងណាក៏ដោយ ក្រោយ​មាន​សារ​គំរាម​បែបនេះ លោក Dean ហាក់​មានការ​ភ័យខ្លាច​និង​បានស្នើ​មិន​ចូល​កាត់សេចក្តី​នៅ​សប្តាហ៍​នេះ បើ​ទោះ​មានការ​ការពារ​ពី​សំណាក់​ប៉ូលិស​ក្តី​។​
 
​ជុំវិញ​ករណីនេះ ខ្សែបម្រើ​កំពុង​ឡើង​ជើង Soucek ដែល​រួច​ពី​ការពិន័យ​កាត​ក្រហម​បាន​បង្ហោះ​ការគាំទ្រ​លោក Dean ថា ការសម្រេចចិត្ត​លើ​ទីលាន​មិនគួរ​ចាត់ទុកជា​កំហុស​នោះទេ​។ ការរើសអើង​ផ្សេងៗ​មិនគួរ​កើតមាន​ក្នុង​វិស័យ​កីឡា​ឡើយ​៕
 

Tag:
 Premier League
  Mike Dean
© រក្សាសិទ្ធិដោយ thmeythmey.com