អន្តរជាតិ
ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN នឹង​បើក​កិច្ចប្រជុំ​ពិសេស​ស្តីពី​វិបត្តិ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​សុក្រ
09, Feb 2021 , 9:29 pm        
រូបភាព
​ដោយ ឈួន ឈី​វ​អ៊ីង
 
​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (UN) នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ទី​ដែល​ក្រុម​យោធា​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​។  នេះ​បើតាម​ការលើកឡើង​រប​ស់​ក្រុមប្រឹក្សា​ក្នុង​សេចក្តីថ្លែងការណ៍​មួយនា​ថ្ងៃទី ៨ ខែកុម្ភៈ​។​

 
​កិច្ចប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ត្រូវ​ស្នើ​ដោយ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​។  សមាជិក​ចំនួន​១៩​ប្រទេស​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​សរុប​៤៧​ប្រទេស គាំទ្រ​សំណើ​រៀបចំ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​ខាងមុខ​។ ជប៉ុន និង​កូរ៉េខាងត្បូង​ក៏​គាំទ្រ​ការរៀបចំ​កិច្ចប្រជុំ​ពិសេស​ដ៏​កម្រ​នេះដែរ​។​
 
«​ការ​ឃុំឃាំង​អ្នកនយោបាយ​ដែល​បាន​ជាប់ឆ្នោត និង​ជន​ស៊ីវិល​ដោយ​កង​កម្លាំងយោធា ជា​សញ្ញា​អាក្រក់​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​។​» នេះ​ជាការ​អះអាង​របស់​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ UN ទីក្រុង​ហ្សឺ​ណែវ​។ លោក Julian Braithwaite​។ លោក​ក៏បាន​បន្ថែមទៀតថា រឿង​សំខាន់បំផុត គឺ​ត្រូវតែ​ឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់ និង​ស្ថានភាព​សិទ្ធមនុស្ស​នៅ​ទីនោះ​ដែលមាន​សភាព​អាក្រក់​ឡើងជា​លំដាប់​។​
 
​បើតាម​ទីភ្នាក់ងារ​ពត៌មាន Reuters អ្នក​អង្កេត​ការណ៍​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​មី​យ៉ាន់​ម៉ា លោក Thomas Andrews ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យមាន​កិច្ចប្រជុំ​ពិសេស​មួយ​ដើម្បី​បង្ហាញ​ទៅ​ប្រជាជន​មី​យ៉ាន់​ម៉ា​ថា ពួកគេ​មិនបាន​នៅ​តែឯង​ក្នុងអំឡុងពេល​ជួប​គ្រោះថ្នាក់ និង​ត្រូវការ​ជំនួយ​នោះទេ​។ 
 
​ប៉ុន្មាន​ថ្ងៃមុន​កិច្ចប្រជុំ​ពិសេស​ចាប់ផ្ដើម ប្រទេស​ដែល​គាំទ្រ​ជំនួប​នេះ កំពុង​រៀបចំ​សេចក្ដីព្រាង​មួយ​សម្រាប់​អនុម័ត​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​។ អាមេរិក​ដែល​ប្រកាសថា នឹង​វិល​ត្រលប់មក​ចូលរួម​ជា​អ្នកសង្កេតការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក៏​គាំទ្រ​កិច្ចប្រជុំ​ដែរ​។ 
 
​ប្រជាជន​មី​យ៉ាន់​ម៉ា​រាប់ម៉ឺន​នាក់​បានចេញ​តវ៉ា​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​សំខាន់ៗ ដើម្បី​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​របស់​យោធា​ទៅលើ​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។ មេដឹកនាំ​យោធា​លោក Min Aung Hlaing បាន​អះអាងថា នឹង​រៀបចំ​ការបោះឆ្នោត​ជាថ្មី​ម្តងទៀត និង​ផ្ទេរអំណាច​ទៅឱ្យ​អ្នកឈ្នះឆ្នោត​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com