អន្តរជាតិ
តៃវ៉ាន់ ជូនពរចិនក្នុងឱកាសឆ្នាំថ្មី និងសង្ឃឹមភាគីទាំងពីរ អាចបង្កើតសន្តិភាពនិងស្ថិរភាពរួមគ្នា លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបថតវេបសាយការិយាល័យប្រធានាធិបតីតៃវ៉ាន់។
× ក្នុងឱកាសចូលឆ្នាំចិនខិតចូលមកដល់ មេដឹកនាំតៃវ៉ាន់ Tsai Ing-wen បានជូនពររដ្ឋាភិបាលក្រុងប៉េកាំង និងសង្ឃឹមថា ភាគីទាំងសងខាង អាចកសាងសន្តិភាព និងស្ថិរភាពរួមគ្នាបាន។ យ៉ាងណាមិញ តៃវ៉ាន់នៅតែបង្ហាញជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ បើទោះបន្តរងសម្ពាធពីចិន។
ជាថ្មីម្តងទៀត លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ ហាក់បង្ហាញជំហរចង់បន្ធូរបន្ថយភាពតានតឹង និងកសាងទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់។ ស្ថានភាពរវាងតៃវ៉ាន់ និងចិនមិនល្អឡើយក្នុងពេលប៉ុន្មានឆ្នាំមកនេះ។
«យើងសូមជូនពរប្រជាជននៅម្ខាងទៀតនៃច្រកសមុទ្រតៃវ៉ាន់ រីករាយក្នុងថ្ងៃចូលឆ្នាំថ្មី»។ លោកស្រីTsai បានថ្លែងសារជូនពរចិនបែបនេះនៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់។ លោកស្រី Tsai សង្ឃឹមថា ភាគីទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អាចកសាងសន្តិភាព និងស្ថិរភាពរួមគ្នា។ បុណ្យចូលឆ្នាំចិន គឺពិធីប្រពៃណី និងថ្ងៃឈប់សម្រាកដ៏សំខាន់មួយសម្រាប់ចិន និងតៃវ៉ាន់។
សម្រាប់លោកស្រី Tsai សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ មិនត្រឹមជាបញ្ហារបស់រដ្ឋាភិបាលក្រុងតៃប៉ិប៉ុណ្ណោះទេ តែក៏ជាបញ្ហាសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។ ក្នុងន័យនេះ លោកស្រីរៀបរាប់ពីបទពិសោធន៍ក្នុងប្រវត្តិសាស្ត្រ ដែលបានបង្ហាញពីសកម្មភាពយោធា និងការវាយប្រហាររបស់ចិន មកលើតៃវ៉ាន់ គឺមិនជួយបង្កើនទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរឡើយ។ ទាក់ទិននឹងបញ្ហានេះ តៃវ៉ាន់ចង់មានកិច្ចចរចាជាមួយចិនលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ថែមពីលើនេះ ប្រធានាធិបតីតៃវ៉ាន់ បានសង្កត់ធ្ងន់ផងដែរថា តៃវ៉ាន់នឹងមិនបន្ទន់ខ្លួនទៅតាមសម្ពាធរបស់ចិនឡើយ ហើយរឹតតែមិនក្អេងក្អាងពេកដែរ នៅពេលដែនដីមួយនេះទទួលបានការគាំទ្រពីប្រទេសដទៃ។ បើតាមលោកស្រី Tsai រដ្ឋាភិបាលរបស់ខ្លួន បានជជែកជាមួយប្រទេសពាក់ព័ន្ធជាស្រេចហើយ ជុំវិញបញ្ហានៅលើច្រកសមុទ្រតៃវ៉ាន់ បើសិនបើមានរឿងកើតឡើង។
មកទល់ពេលនេះ ភាគីក្រុងប៉េកាំង មិនទាន់បានឆ្លើយតបនឹងតៃវ៉ាន់ ជុំវិញការលើកឡើងរបស់លោកស្រី Tsai នៅឡើយទេ។
សូមបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងរបស់លោកស្រីTsai នៅក្នុងឆ្នាំ២០១៦ មក តៃវ៉ាន់ បានរងសម្ពាធពីចិនយ៉ាងខ្លាំង ទាំងលើបញ្ហាការទូត និងយោធា។ នាពេលថ្មីៗនេះ ចិន បានបញ្ជាឱ្យយន្តហោះចម្បាំងជាច្រើនគ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែកផងនោះ ហោះចូលក្នុងដែនអាកាសតៃវ៉ាន់។ បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់ឃ្លាំមើលយ៉ាងដិតដល់៕
© រក្សាសិទ្ធិដោយ thmeythmey.com