COVID-19
ជាតិ
កូនទាំង៣និងកូនប្រសារសម្ដេច ហ៊ុន សែន នឹងទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃ ១០ កុម្ភៈ រូបឆ្វេងដៃដំបូងគេ គឺលោក ហ៊ុន ម៉ាណែត។ ជួរខាងលើ គឺលោក ហ៊ុន ម៉ានិត ស្ថិតក្នុងឯកសណ្ឋានយោធា និង លោក ហ៊ុន ម៉ានី។ ជូរខាងក្រោម គឺលោក ឌី វិជ្ជា (កាន់មេក្រូ) និង លោក សុខ ពុទ្ធិវុធ។
× ភ្នំពេញ៖ កូនប្រុសបង្កើតទាំង៣ និងកូនប្រសាររបស់សម្ដេច ហ៊ុន សែន នឹងទៅទទួលការចាក់វ៉ាក់សាំងSinopharm របសចិន នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី១០ កុម្ភៈ។ នេះបើតាមលោក គង់ សន្យា សាស្ត្រាចារ្យ និងជាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត្រ។
លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ជាកូនបង្កើត រួមទាំងលោក ឌី វិជ្ជា និង លោក សុខ ពុទ្ធិវុធ ជាកូនប្រសារសម្ដេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅម៉ោង៨ព្រឹក។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យកាល់ម៉ែត លោក គង់ សន្យា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅរសៀលនេះថា៖«បាទពិតមែន ស្អែកកូនប្រុសទាំងបីនិងកូនប្រសាររបស់សម្តេច នឹងមកចាក់វ៉ាក់សាំង។ ក្រៅនេះ មានឥស្សរជនជាច្រើននាក់ទៀត ដូចក្រសួងបានណែនាំអ៊ីចឹង។ ពេលនេះ ខ្ញុំមិនអាចផ្ដល់ព័ត៌មានឲ្យបានទេថា មានប៉ុន្មាននាក់ វាជារឿងភ្លាមៗ សូម្បីខ្ញុំពេលនេះ ក៏កំពុងស្រង់ចំនួនដែរ»។
ក្រៅពីកូនប្រុសបង្កើតខ្លួន សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ត្រីជាន់ខ្ពស់ នៅជួរកងទ័ព និងរដ្ឋាភិបាល រួមទាំងកូនអ្នកធំរបស់មន្ត្រី និងរដ្ឋមន្ត្រីវ័យក្មេងទាំងអស់ ចាក់វ៉ាក់សាំងចិននេះផងដែរ។ មូលហេតុដែលសម្ដេច បញ្ជាឱ្យកូនៗចាក់ជំនួសខ្លួននោះ គឺដើម្បីបង្ហាញសក្ខីភាព និងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ លើវ៉ាក់សាំងចិននេះ ។
សម្ដេច មិនអាចចាក់វ៉ាក់សាំងនេះបាន ដោយសារលើអាយុកំណត់។ បានន័យថា សម្ដេច ហ៊ុន សែន មានអាយុ៦៨ឆ្នាំ ខណៈដែលវ៉ាក់សាំងចិន អាចចាក់លើមនុស្សអាយុចាប់ពី១៨ ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចិនបានផ្ដល់វ៉ាក់សាំងមកកម្ពុជា ៦០ម៉ឺនដូស កាលពីថ្ងៃទី៧ កុម្ភៈ៕
© រក្សាសិទ្ធិដោយ thmeythmey.com