ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់អ្នកដាំដុះស្វាយទាំងអស់ រួសរាន់ចុះបញ្ជីកសិដ្ឋានដាំស្វាយ សម្រាប់នាំចេញ ដើម្បីរក្សាស្ថិរភាពតម្លៃ។ ការប្រកាសនេះ ធ្វើឡើងក្រោយពីមានការត្អូញត្អែរបញ្ហាតម្លៃស្វាយធ្លាក់ចុះ នៅតាមតំបន់មួយចំនួន។
ក្រសួងកសិកម្ម ដែលបានទទួលព័ត៌មានពីបញ្ហាតម្លៃស្វាយកែវរមៀតធ្លាក់ចុះ នៅតាមតំបន់ខ្លះនោះ បានពន្យល់ថា បញ្ហាតម្លៃស្វាយធ្លាក់ចុះនេះ ដោយសារការប្រែប្រួលតម្រូវការ និងការផ្គត់ផ្គង់ រួមទាំងគុណភាពស្វាយ ។ ដោយសារបញ្ហានេះ ទើបក្រសួងកសិកម្ម ជំរុញឲ្យកសិករចុះបញ្ជីកសិដ្ឋាននៅអគ្គនាយកដ្ឋានកសិកម្មឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃស្វាយ។
ក្រសួងកសិកម្ម បានពន្យល់ពីមូលហេតុនៃការធ្លាក់ថ្លៃស្វាយយ៉ាងដូច្នេះ៖«ទូទៅ នៅទាំងកម្ពុជា និងបណ្ដាប្រទេសលើពិភពលោក តម្លៃផលិតផលកសិកម្ម រួមទាំងស្វាយមានការប្រែប្រួលតាមរដូវ និងតម្រូវលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការ។ ជាក់ស្ដែងដើមឆ្នាំនេះ តម្លៃស្វាយមានភាពល្អប្រសើរ តែនៅដើមខែកុម្ភៈនេះ តម្លៃស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវប្រមូលផល។ ទន្ទឹមនោះក៏មានអ្នកដាំស្វាយមួយចំនួនលក់បានតម្លៃទាប ដោយហេតុស្វាយមិនទាន់មានគុណភាពល្អស្របតាមស្តង់ដារ»។
លោក ញាណ ពិសិដ្ឋ ជាកសិករដាំស្វាយកែវរមៀត ស្ថិតក្នុងភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ដំណាំស្វាយកែវរមៀតឆ្នាំនេះ ទទួលបានទិន្នផលល្អ និងមានទីផ្សារ។ លោកបានពង្រីកការដាំដុះរហូតផ្ទៃដី ១០ហិកតាថែមទៀត ។ ឆ្នាំនេះ គឺជាឆ្នាំទី៣ហើយ ដែលលោក ពិសិដ្ឋ ប្រមូលផលស្វាយកែវរមៀត ដែលជាមធ្យម លោកអាចលក់ឲ្យឈ្មួញកណ្ដាលក្នុងតម្លៃ ១ ៤០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ប្រភេទស្វាយលេខ១ និងតម្លៃ ៣០០ ទៅ ៤០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្វាយ ប្រភេទលេខ២។
កសិករវ័យ២៤ឆ្នាំរូបនេះ ដែលផ្ដើមដាំចាប់ពីឆ្នាំ២០១៥ លើផ្ទៃដី៥ហិកតា បាននិយាយដូច្នេះថា៖«ឆ្នាំនេះតម្លៃមិនសូវខុសគ្នាហ្នឹងឆ្នាំមុននោះទេ តែឆ្នាំនេះទិន្នផលធ្លាក់ចុះជាងឆ្នាំមុន ព្រោះឆ្នាំនេះស្វាយមានសត្វល្អិតបំផ្លាញច្រើន និងត្រូវចំណាយលើច្រើនលើកម្លាំងពលកម្ម(ម្នាក់៤ម៉ឺនរៀលក្នុងមួយថ្ងៃ ត្រូវចំណាយលើកម្មករ៤នាក់)។ សម្រាប់ស្វាយលេខមួយលក់បាន ១ ៣០០រៀលក្នុងមួយគីឡូក្រាម ហើយស្វាយលេខ២ លក់បាន ៣០០រៀលក្នុងមួយគីឡូក្រាម ហើយពេលខ្លះធ្លាក់ដល់ ១០០រៀលក្នុងមួយគីឡូក្រាមក៏មាន»។
រយៈពេលជាង ៥ឆ្នាំហើយ ដែលលោក ញាណ ពិសិដ្ឋ ដើររកទីផ្សារដោយខ្លួនឯង និងពឹងលើឈ្មួញកណ្ដាល ខណៈតម្លៃស្វាយក៏អាស្រ័យលើមាត់ឈ្មួញកណ្ដាលដែរ។ អ្នកស្រុកក្រូចឆ្មាររូបនេះ ប្រាប់ ThmeyThmey25 ទៀតថា ការដាំស្វាយនេះមិនផ្ដោតលើបច្ចេកទេសអ្វីនោះទេ ដាំតាមតែអ្នកធ្លាប់ដាំមុនៗ ហើយក៏មិនមានអ្នកបច្ចេកទេសកសិកម្មធ្លាប់ចុះផ្សព្វផ្សាយពីទីផ្សារ ឬបច្ចេកទេសដាំដុះនោះដែរ។ ម្ចាស់ចម្ការស្វាយរូបនេះ នឹងពិចារណាចុះបញ្ជីជាមួយក្រសួងកសិកម្ម ដើម្បីឲ្យតម្លៃស្វាយមានស្ថិរភាព បើសិនមានការណែនាំពីក្រសួងកសិកម្ម។
លោក ពិសិដ្ឋ បន្តថា៖ «ធ្លាប់មានអ្នកចុះទៅពិនិត្យដល់ចម្ការដែរ តែពួកគាត់សួរនាំធម្មតាមិនបានបង្រៀនបច្ចេកទេស ឬណែនាំឲ្យចុះបញ្ចីអីនោះទេ។ ពួកខ្ញុំដាំខ្លួនឯង រកទីផ្សារខ្លួនឯង ហើយអត់ដែលដឹងថាត្រូវដាំតាមបច្ចេកទេសដើម្បីឲ្យស្របនឹងទីផ្សារនោះទេ។ ដ្បិតមានបញ្ហាតម្លៃបន្តិច តែនៅពេលប្រមូលផល ក៏មានឈ្មួញមកប្រមូលទិញរាល់រដូវ»។
ជាទូទៅដំណាំស្វាយអាចប្រមូលផល២ដងក្នុងមួយឆ្នាំ ដោយចាប់ពីខែវិច្ឆិកា រហូតដល់ខែ មីនា។ សម្រាប់ដំណាំស្វាយមួយហិកតាអាចទទួលបានទិន្នផលជាមធ្យម ១០តោន។ នេះជាការលើកឡើងរបស់លោក ញាណ ពិសិដ្ឋ៕