នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកចំនួនពីរគ្រឿង និងនាវាចម្បាំងច្រើនទៀត បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនភាគត្បូង នៅថ្ងៃទី៩ កុម្ភៈ។ សមយុទ្ធនេះធ្វើឡើង ក្រោយនាវាចម្បាំងអាមេរិកមួយគ្រឿងបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ វត្តមានជាញឹកញយនៃយោធាអាមេរិក ត្រូវបានចិនអះអាងថាប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
កងនាវាផ្ទុកយន្តហោះ Theodore Roosevelt និង Nimitz បានរួមគ្នាធ្វើសមយុទ្ធក្នុងចិនភាគខាងត្បូង ដើម្បីពង្រឹងទំនាក់ទំនង និងការសម្របសម្រួលរវាងបញ្ជាការដ្ឋាន និងសមត្ថភាពក្នុងការគ្រប់គ្រងសព្វាវុធ។ នេះជាការលើកឡើងរបស់ទ័ពជើងទឹកអាមេរិកនៅថ្ងៃទី៩ ខែកុម្ភៈ។ សមយុទ្ធរួមគ្នានៃកងនាវាផ្ទុកយន្តហោះនេះ ជាលើកទី១ រាប់ចាប់ពីខែកក្កដា ឆ្នាំ២០២០មក។
តបទៅនឹងសមយុទ្ធនេះ លោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន លើកឡើងថាវត្តមានជាច្រើនដងនៃនាវាចម្បាំង និងនាវាផ្ទុកយន្តហោះអាមេរិកក្នុងសមុទ្រចិនខាងត្បូង ជាការបង្ហាញកម្លាំង និងមិនអំណោយផលឡើងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
«ចិន នឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យជាតិ និងសន្តិសុខ ដោយធ្វើការជាមួយប្រទេសក្នុងតំបន់ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងសមុទ្រចិនភាគខាងត្បូង»។ នេះជាការលើកឡើងរបស់លោក Wang ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែកុម្ភៈ។
សមយុទ្ធនេះធ្វើឡើង៥ថ្ងៃ ក្រោយនាវាចម្បាំងអាមេរិក USS John S. McCain បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ និងកោះក្នុងសមុទ្រចិនខាងត្បូងដែលកាន់កាប់ដោយចិន។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ខែកុម្ភៈ ឧត្តមនាវី Jim Kirk មេបញ្ជាការកងនាវាចម្បាំង Nimitz លើកឡើងថា អាមេរិកប្តេជ្ញាការពារការប្រើប្រាស់សមុទ្រដោយស្របច្បាប់ដោយរដ្ឋទាំងអស់ ស្របតាមច្បាប់អន្តរជាតិ។
ជាទម្លាប់ ចិនតែងតែប្រតិកម្មនឹងអាមេរិក ចំពោះការបើកនាវាចម្បាំងជិតដែនកោះដែលខ្លួនគ្រប់គ្រង។ ចិនអះអាងថាខ្លួនមានសិទ្ធិក្នុងការគ្រប់គ្រងកោះទាំងអស់នោះ ហើយចោទអាមេរិកថាព្យាយាមបង្ករភាពតានតឹង។ អាមេរិកវិញ អះអាងមិនដាច់ពីមាត់ថា ចិនព្យាយាមកែប្រែកោះទាំងនោះជាទីតាំងយោធា ដើម្បីគំរាមប្រទេសដែលទាមទារកាន់កាប់សមុទ្រចិនភាគខាងត្បូងដែរ៕
ខណៈនាវាអាមេរិកធ្វើសមយុទ្ធ នាវាមុជទឹកបារាំងវិញក៏បានបើកកាត់សមុទ្រចិនភាគខាងត្បូងដែរ។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ SNA Emeraude អមដោយនាវាចម្បាំង BSAM Seine បានបញ្ចប់ការល្បាតក្នុងសមុទ្រចិនភាគខាងត្បូង។ លោកស្រី Florence Parly រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងបណ្តាញសង្គម Twitter នៅថ្ងៃទី៨ ខែកុម្ភៈ។
លោកស្រី Parly និយាយថា ការបើកកាត់នេះ បង្ហាញពីសមត្ថភាពនៃកងទ័ពជើងទឹកបារាំងក្នុងការចេញប្រតិបត្តិការនៅទីឆ្ងាយ និងអាចធ្វើការរួមគ្នាជាមួយអូស្ត្រាលី ជប៉ុន និងអាមេរិកដែលជាសម្ពន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រ។ លោកស្រីបន្តថា បេសកកម្មនេះបញ្ជាក់ពីច្បាប់អន្តរជាតិ ដែលមានអានុភាពនៅគ្រប់កន្លែងដែលនាវាអាចបើកបរបាន។ ជាប្រទេសនៅអឺរ៉ុបក៏ពិតមែន តែបារាំងមានតំបន់សេដ្ឋកិច្ចផ្តាច់មុខធំបំផុតលើលោកនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកដែលនៅមិនឆ្ងាយពីសមុទ្រចិនភាគខាងត្បូង៕