ជាតិ
ពីនេះ ពីនោះ
កម្ពុជា បន្តចុះត្រជាក់មួយសប្ដាហ៍ទៀត
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ តាមការព្យាករណ៍អំពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នឹងទទួលរងឥទ្ធិពលពីខ្យល់ត្រជាក់ក្ដៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី (Inversion Mass Wind) នៅថ្ងៃទី១០-១១ កុម្ភៈ។ ចំណែកថ្ងៃទី១២-១៦ ខែកុម្ភៈ កម្ពុជា នឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក។ ស្ថានភាពបែបនេះ ធ្វើឲ្យបណ្ដាខេត្តក្នុងប្រទេស នឹងមានភ្លៀងខ្សោយ និងអាកាសធាតុត្រជាក់។
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១០-១១ កុម្ភៈ នៅតាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមារង្វង់១៩ ទៅ២២អង្សាសេ។ សីតុណ្ហភាពអតិបរមារង្វង់៣១ ដល់៣៤អង្សាសេ និងមានភ្លៀងខ្សោយ នៅតំបន់ទំនាបភាគពាយ័ព្យ និងតំបន់ភាគខាងត្បូង។ ចំពោះថ្ងៃទី១២-១៦ កុម្ភៈ សីតុណ្ហភាពអប្បបរមារង្វង់១៦ ទៅ១៩អង្សាសេ និងសីតុណ្ហភាពអតិបរមារង្វង់៣៨ ដល់៣១អង្សាសេ នៅពេលព្រឹកអាកាសធាតុត្រជាក់បង្គួរ។
ដោយឡែកនៅបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នៅថ្ងៃទី១០ និងថ្ងៃទី១១ កុម្ភៈ សីតុណ្ហភាពអប្បបរមារង្វង់១៨ ទៅ២១អង្សាសេ សីតុណ្ហភាពអតិបរមារង្វង់៣០ ទៅ៣៣អង្សាសេ និងមានភ្លៀងខ្សោយ នៅខ្ពង់រាបឦសាន និងខាងកើត។ រីឯថ្ងៃទី១២ ដល់ថ្ងៃទី១៦ កុម្ភៈ សីតុណ្ហភាពអប្បបរមារង្វង់១៥ ទៅ១៨អង្សាសេ។ សីតុណ្ហភាពអប្បបរមារង្វង់២៨ ទៅ៣១អង្សាសេ នៅពេលព្រឹកអាកាសធាតុត្រជាក់បង្គួរ។
ក្រសួងធនធានទឹក បន្តថា តំបន់មាត់សមុទ្រ ពីថ្ងៃទី១០-១១ កុម្ភៈ សីតុណ្ហភាពអប្បបរមារង្វង់ ២០ ទៅ២៣អង្សាសេ សីតុណ្ហភាពអតិបរមារង្វង់២៩ ទៅ៣២អង្សាសេ និងមានភ្លៀងខ្សោយ។ នៅថ្ងៃទី ១២ ដល់ថ្ងៃទី១៦ កុម្ភៈ សីតុណ្ហភាពអប្បបរមារង្វង់១៨ ទៅ២១អង្សាសេ សីតុណ្ហភាពអតិបរមារង្វង់២៩ ទៅ៣២អង្សាសេ នៅពេលព្រឹកអាកាសធាតុត្រជាក់បន្តិច។
ក្រសួងធនធានទឹកអំពាវនាវ ដល់ពលរដ្ឋ ពិសេសកងទ័ពនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាកខាងជើង និងទំនាបភាគពាយ័ព្យ សូមបង្កើនការយកចិត្តទុកដាក់រក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅតំបន់ទាំងនេះនាពេលព្រឹក៕
Tag:
ThmeyThmey25
អាកាសធាតុ
ត្រជាក់
ក្រសួងធនធានទឹក និងឧតុនិយម
© រក្សាសិទ្ធិដោយ thmeythmey.com