ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋកុំឱ្យសង្ស័យលើគុណភាពវ៉ាក់សាំងSinopharm របស់ចិន សម្រាប់ចាក់ការពារជំងឺឆ្លងកូវីដ-១៩។ សម្ដេច អំពាវនាវនេះ ស្របពេលដែលកម្ពុជាចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងចិន នៅថ្ងៃទី១០ កុម្ភៈ។
«សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ឆ្លើយតបទៅនឹងមតិរិះគន់លើបញ្ហាគុណភាពវ៉ាក់សាំងSinopharm របស់ចិន។ សម្រាប់សម្ដេច ហ៊ុន សែន វ៉ាក់សាំងចិននេះ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលជាមិត្តដែកថែប។
បើតាមលោកនាយករដ្ឋមន្ត្រី នៅប្រទេសជឿនលឿនខ្លះ មិនទាន់អាចទិញវ៉ាក់សាំងប្រើប្រាស់គ្រប់គ្រាន់នៅឡើយ បើទោះជាមានលុយក្តី ខណៈកម្ពុជាទទួលបានវ៉ាក់សាំងពីចិន សម្រាប់ចាក់ការពារប្រជាជននេះ។ «បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។
សម្ដេច ហ៊ុន សែន ដែលធ្លាប់ប្រកាសថា ចាក់វ៉ាក់សាំងចិនមុនគេនោះ បែរជាមិនអាចចាក់បានឡើយ ដោយសារបញ្ហាលើសអាយុកំណត់។ វ៉ាក់សាំងចិននេះ កំណត់ឱ្យប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំ ទៅ៥៩ឆ្នាំ ទើបអាចចាក់ការពារជំងឺឆ្លងបាន ខណៈសម្ដេច ហ៊ុន សែន មានវ័យ៦៨ឆ្នាំហើយ។
ដ្បិតមិនអាចចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យកូនបង្កើត និងកូនប្រសារខ្លួនចាក់វ៉ាក់សាំងចិនជំនួស ដើម្បីបង្ហាញសក្ខីភាព និងផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត កូនប្រុសបង្កើតសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងកូវីដ-១៩ហើយ ខណៈលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្ដេច មិនបានចាក់វ៉ាក់សាំងឡើយ ដោយសារបញ្ហាសុខភាព។ ចំណែកលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុធ កូនប្រសារសម្ដេច ហ៊ុន សែន ក៏បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើហ្វេសប៊ុកខ្លួនដូច្នេះថា៖«ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសឱ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង»។
ក្រៅពីនេះ គេក៏ឃើញលោក កើត រិទ្ធ រដ្ឋមន្ត្រីវ័យក្មេងក្រសួងយុត្តិធម៌ , លោក សាយ សំអាល់ រដ្ឋមន្ត្រីវ័យក្មេងនៃក្រសួងបរិស្ថាន ,រដ្ឋលេខាធិការក្រសួងសុខាភិបាលពីររូប គឺលោកស្រី ឱ វណ្ណឌីន និងលោកស្រី យក់ សម្បត្តិ រួមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀត បានចាក់វ៉ាក់សាំងSinopharmចិនដែរ ។
មិនត្រឹមតែកម្រិតអាយុនោះទេ វ៉ាក់សាំងចិននេះ ក៏មិនអាចចាក់លើអ្នកមានបញ្ហាសុខភាព និងជំងឺផ្សេងៗផងដែរ។ ប្រភេទជំងឺ ដែលមិនអាចទទួលវ៉ាំក់សាំងបាននោះ រួមមាន អ្នកមានបញ្ហាអាឡែហ្ស៊ីផ្សេងៗ ,អ្នកដែលមានបញ្ហាដង្ហើម, រលាកសរសៃឈាម អ្នកចេញកន្ទាលត្រអាក, អ្នកជំងឺរុំាំរ៉ៃ ,អ្នកជំងឺឆ្កួតជ្រូក ,ជំងឺរលាកស្រោមខួរ ,ជំងឺសរសៃប្រសាទ, ជំងឺតំណពូជ ,អ្នកមានសុខភាពខ្សោយ ,អ្នកកើតជំងឺអេដស៍ ,អ្នកមហារីកកូនកណ្តុរ ,អ្នកជំងឺឈាមស, អ្នកជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ,ជំងឺថ្លើម ,ជំងឺតម្រងនោម និងជំងឺដុះដុំសាច់ធ្ងន់ធ្ងរ។ ជាពិសេសអ្នកដែលមានប្រវត្តិប្រតិកម្មក្រោយពីបានចាក់វ៉ាក់សាំងផ្សេងៗ។
ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជា តាមជើងយន្តហោះយោធា Y-20 នៅថ្ងៃទី៧ កុម្ភៈនេះ ។ បើតាមគម្រោង កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិន១លានដូស។
កម្ពុជា ត្រៀមទិញវ៉ាក់សាំងកូវីដ-១៩ ប្រមាណ២០លានដូស ពីបណ្ដាលប្រទេសផលិតនានា ។ ប៉ុន្តែក្នុងនោះ កម្ពុជាទំនងជាអាចទទួលបានជំនួយវ៉ាក់សាំង១១លានដូស៕