អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រឹទ្ធសភាអាមេរិក បោះឆ្នោតយល់ព្រមឱ្យបន្តនីតិវិធីសវនាការលោក ត្រាំ
10, Feb 2021 , 11:02 am        
រូបភាព
 ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី៩ ខែកុម្ភៈ បានយល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលោក ដូណាល់ ត្រាំ ។ ខណៈលោក ត្រាំ លែងជាប្រធានាធិបតីទៅហើយនោះ ក្រុមមេធាវីរបស់លោកអះអាងថា សវនាការនេះ មានអធម្មនុញ្ញភាព។ បក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាទាំងពីរជាន់ ជំរុញដំណើរការកាត់ក្ដីនេះមិនដកដៃឡើយ ជាមួយគោលដៅហាមឃាត់លោក ត្រាំ ពីការឈរឈ្មោះកាន់តំណែងនានានៅពេលអនាគត។



សវនាការដកតំណែងលើកទីពីរប្រឆាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់គត់ ត្រូវព្រឹទ្ធសភាកាត់ក្ដីរឿងដកតំណែងដល់ទៅពីរដង។ លោក ត្រាំ រងបទចោទថា ញុះញង់ឱ្យមានការបះបោរនៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកអាគារកាពីតូលនៅថ្ងៃទី៦ ខែមករាដែលរំខានកិច្ចប្រជុំរួមរបស់សភាទាំងពីរដើម្បីបញ្ជាក់ជ័យជម្នះលោក ចូ បៃឌិន ។

មេធាវីរបស់លោក ត្រាំ អះអាងថា ព្រឹទ្ធសភាមិនអាចកាត់ក្ដីលោក ត្រាំ បានទេព្រោះលោកមិនមែនជាប្រធាធិបតេយ្យទៀតឡើយតាំងពីថ្ងៃទី២០ ខែមករាមក។ ប៉ុន្តែព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដោយសំឡេង៥៦ទល់៤៤ ដើម្បីបន្តនីតិវិធីរបស់ខ្លួន។ លទ្ធផលនេះបង្ហាញថា សមាជិកព្រឹទ្ធសភា សម្រេចចិត្តតាមគោលការណ៍បក្ស ខណៈសមាជិកបក្សសាធារណរដ្ឋ៦នាក់ គាំទ្រការកាត់ក្ដីអតីតប្រធានាធិបតីរូបនេះ។

ដើម្បីកាត់ទោសលោក ត្រាំ ព្រឹទ្ធសភាអាមេរិក ត្រូវបោះឆ្នោតដោយសំឡេងពីរភាគបីឯណោះ។ វាជារឿងលំបាកសម្រាប់បក្សប្រជាធិបតេយ្យ ព្រោះត្រូវអូសទាញសមាជិកបក្សសាធារណរដ្ឋយ៉ាងហោចណាស់១៧នាក់ឯណោះ។ គោលដៅរបស់បក្សប្រជាធិបតេយ្យ គឺហាមលោក ត្រាំ មិនឱ្យកាន់តំណែងរដ្ឋណាមួយតែម្ដង។ កន្លងទៅ លោក ត្រាំ ធ្លាប់បញ្ចេញជំហរត្រឡប់ចូលនយោបាយវិញនៅការបោះឆ្នោតឆ្នាំ២០២៤ ។

អំឡុងសវនាការ បក្សប្រជាធិបតេយ្យ បានចាក់វីដេអូពីសកម្មភាពអ្នកគាំទ្រលោក ត្រាំ ចូលលុកលុយវិមានកាពីតូល និងការថ្លែងសុន្ទរកថារបស់លោក ត្រាំ មុនកុបកម្មនៅសភា។ កាលនោះ លោក ត្រាំ ប្រាប់ឱ្យអ្នកគាំទ្រលោកបន្តប្រយុទ្ធដើម្បីផ្លាស់ប្ដូរលទ្ធផល។ សមាជិកសភាតំណាងមកពីបក្សប្រជាធិបតេយ្យ លោក Jamie Raskin និយាយថា បើសកម្មភាពបែបនេះមិនមែនជាបទល្មើសដែលត្រូវដកតំណែងទេនោះ គេមិនអាចរកទង្វើណាដែលអាចបានដែរ។

ក្រុមមេធាវីលោក ត្រាំ នៅតែអះអាងថា សម្ដីលោក ត្រាំ កាលពីដើមខែមករា ជាការអនុវត្តសេរីភាបញ្ចេញមតិប៉ុណ្ណោះ។ លោក Bruce Castor សមាជិកក្រុមការពារចុងចោទនិយាយថា ការចូលអុកឡុកវិមានកាពីតូល គួរត្រូវរិះគន់ខ្លាំង ប៉ុន្តែមានតែឧក្រិដ្ឋជនខ្លះ ដែលមិនមែនជាលោក ត្រាំ ឡើយ ជាអ្នកទទួលខុសត្រូវ៕






Tag:
 អាមេរិក
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com