អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បាតុកម្មនៅមីយ៉ាន់ម៉ាកាន់តែក្តៅឡើង បន្ទាប់ពីកងកម្លាំងធ្វើឱ្យបាតុកររបួស
10, Feb 2021 , 12:00 pm        
រូបភាព
ក្រុមប៉ូលិសបង្រ្កាបក្រុមបាតុករនៅមីយ៉ាន់ម៉ា។ រូបភាព៖ AFP
ក្រុមប៉ូលិសបង្រ្កាបក្រុមបាតុករនៅមីយ៉ាន់ម៉ា។ រូបភាព៖ AFP
ដោយ: ថ្មីៗ
ស្ថានភាពបាតុកម្មនៅមីយ៉ាន់ម៉ា ហាក់កាន់តែក្តៅឡើង បន្ទាប់ពីកងកម្លាំង បានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមបាតុករ និងបង្កឱ្យមានមនុស្សរបួសមួយចំនួន។ ប្រជាជនមីយ៉ាន់ម៉ា នៅថ្ងៃទី១០ ខែកុម្ភៈ នៅតែបន្តចេញមកធ្វើបាតុកម្មថែមទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលស៊ីវិល។



អត្ថបទទាក់ទង


ក្រុមបាតុករមីយ៉ាន់ម៉ា ហាក់មានសភាពកាន់តែពុះកញ្ជ្រោលជាងមុននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីបាតុករមួយចំនួន បានរងរបួសដោយសារក្រុមប៉ូលិសបានបាញ់គ្រាប់ជ័រ នៅក្នុងទីក្រុងណៃពិដោ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំយុវជន កញ្ញា Esther Ze Naw បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនអាចស្ងៀមស្ងាត់បានទេ»។

មិនតែប៉ុណ្ណោះ បុគ្គលិកចំណុះស្ថាប័ននានារបស់រដ្ឋាភិបាលជាច្រើនរយនាក់ ក៏បានដើរនៅក្នុងទីក្រុងណៃពិដោផងដែរ ដើម្បីគាំទ្រយុទ្ធនាការមិនស្តាប់បង្គាប់រដ្ឋាភិបាលយោធាថ្មីផងដែរ។ យុទ្ធនាការនេះ មានការចូលរួមកាន់តែច្រើនឡើងពីក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ គ្រូបង្រៀន កម្មករផ្លូវដែក និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត។

បាតុកម្មនៅក្នុងថ្ងៃទី៩ ខែកុម្ភៈ ប៉ូលិសក្រុងណៃពិដោ បានបាញ់គ្រាប់ជ័រ ដែលបង្កឱ្យយុវតីម្នាក់រងរបួសធ្ងន់ និងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ខណៈមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួសស្រាល។ មិនតែប៉ុណ្ណោះ ប៉ូលិសក្រុងណៃពិដោ បានបាញ់គ្រាប់កាំភ្លើងពិតប៉ុន្មានគ្រាប់ទៅក្នុងអាកាសថែមទៀត។ នៅក្រុងផ្សេងទៀត ប៉ូលិសក្រុង ក៏បានធម៌ក្ដៅគួរសមដែរដោយប្រើប្រាស់ឡានបាញ់ទឹកដើម្បីបំបែកបាតុករ។

ស្របពេលរងសម្ពាធពីក្នុងប្រទេស រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏រងសម្ពាធពីក្រៅប្រទេសផងដែរ។ អ្នកនាំពាក្យអាមេរិក លោក Ned Price បានអះអាងថា អាមេរិកកំពុងពិនិត្យមើលជំនួយទៅមីយ៉ាន់ម៉ា និងធានាថាអ្នកធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា នឹងទទួលរងទណ្ឌកម្មដ៏ធ្ងន់មួយ។ ទន្ទឹមនេះ អាមេរិក បានជំរុញក្រុមយោធាមីយ៉ាន់ម៉ាជាថ្មី ឱ្យបោះបង់ចោលអំណាច ដោះលែងអ្នកជាប់ឃុំ និងលុបចោលការរឹតត្បិតលើប្រព័ន្ធទូរគមនាគមន៍ទាំងអស់។

ចំណែកអ្នកតំណាងអង្គការសហប្រជាជាតិនៅមីយ៉ាន់ម៉ាលោក Ola Almgren បានអំពាវនាវឱ្យក្រុមយោធា គោរពសិទ្ធិរបស់ប្រជាជន និងការតវ៉ាដោយសន្តិវិធី បន្ទាប់ពីមានបាញ់គ្រាប់ជ័រលើក្រុមបាតុករពីសំណាក់កម្លាំងប៉ូលិស។ អ្នកតំណាងអង្គការសហប្រជាជាតិនៅមីយ៉ាន់ម៉ារូបនេះ បានបង្ហាញការព្រួយបារម្ភលើការប្រើកម្លាំងមិនសមស្រប ប្រឆាំងនឹងអ្នកតវ៉ា ដែលជារឿងមិនអាចទទួលយកបាន។

ក្នុងការប្រកាសលើបណ្តាញសង្គម Facebook ក្នុងថ្ងៃទី៩ ខែកុម្ភៈ បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ បានអះអាងថា យោធាមីយ៉ាន់ម៉ា បានឆែកឆេរនៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅយ៉ាំងហ្គោននៅម៉ោងប្រមាណ៩កន្លះយប់៕


Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com