ជាតិ
សង្គមជាតិ
ក្រុមយុវជនផលិតរឿងកំប្លែង «ទុំទាវ២០២១» ទទួលស្គាល់កំហុស និងសន្យាឈប់ធ្វើសកម្មភាព ដែលប៉ះពាល់សាសនានិងវប្បធម៌
10, Feb 2021 , 1:51 pm        
រូបភាព
ក្រុមផលិតវីដេអូរឿង «ទុំទាវឆ្នាំ​២០២១» កំពុង​ស្ដាប់​ការអប់រំ​ណែនាំ​ពី​ក្រុម​ប្រឹក្សា​ពិន័យ និង​លើក​សរសើរ​ (រូប​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ)
ក្រុមផលិតវីដេអូរឿង «ទុំទាវឆ្នាំ​២០២១» កំពុង​ស្ដាប់​ការអប់រំ​ណែនាំ​ពី​ក្រុម​ប្រឹក្សា​ពិន័យ និង​លើក​សរសើរ​ (រូប​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ)
ភ្នំពេញ៖ ក្រុមយុវជនយុវតី៨នាក់ ដែលផលិតវីដេអូរឿង «ទុំទាវ២០២១» បែបកំប្លែង បានសារភាពនិងទទួលស្គាល់កំហុសថា ក្រុមការងាររបស់ខ្លួន ពិតជាបានប្រើប្រាស់ឥរិយាបថ និងពាក្យសម្ដីបង្កឱ្យមានព្យសនកម្មចំពោះវប្បធម៌ ប្រពៃណី សាសនា សីលធម៌ និង សង្គមជាតិពិតមែន។ ការទទួលស្គាល់កំហុសនេះ ធ្វើឡើងក្រោយពេលពួកគេបានស្ដាប់ការអប់រំណែនាំពីក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមកិច្ចសន្យា ដែលត្រូវបានធ្វើឡើង នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំពោះមុខក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



ក្រុមផលិតវីដេអូរឿង «ទុំទាវ២០២១» បានសន្យាថា នឹងមិនប្រព្រឹត្តគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្ដី ដែលបណ្ដាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ និង សង្គមជាតិទៀតឡើយ។ ពួកគេ ក៏សន្យាដែរថា នឹងមិនបង្ហាញភាពស៊ិចស៊ី បែបអនាចារ ទៅក្នុងបណ្ដាញសង្គមឡើយ។

ក្រុមពួកគេ ប្រាប់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ថា នឹងប្រើប្រាស់ចំណេះដឹង និងជំនាញដែលខ្លួនមាន ចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ។ បន្ថែមពីនេះ ពួកគេ យល់ព្រមប្រគល់ Page account ឈ្មោះ Hokima និង Tik Tok ឈ្មោះ Ah Gi Leader261 ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន ឱ្យទៅក្រុមការងាររបស់ក្រសួងវប្បធម៌ ដើម្បីលុបចោល។

បើតាមកិច្ចសន្យាដដែល ក្រុមផលិតវីដេអូរឿង «ទុំទាវ២០២១» បានសូមទោសជាសាធារណៈ ចំពោះមុខអ្នកសារព័ត៌មាន និយាយថា ប្រសិនបើនៅតែប្រព្រឹត្តទង្វើ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ ពួកគេ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ក្រុមការងារផលិតវីដេអូរឿង «ទុំទាវឆ្នាំ២០២១» ដែលបានចូលទៅសារភាពកំហុសរបស់ខ្លួននៅចំពោះមុខក្រុមប្រឹក្សាពិន័យនិងលើកសរសើរ រួមមានឈ្មោះ តេង ស៊ីណាត អាយុ២២ឆ្នាំ, ឈ្មោះ តេង ដាណា អាយុ២១ឆ្នាំ, ឈ្មោះ អ៊ុន បញ្ញាវឌ្ឍនៈ អាយុ២០ឆ្នាំ, ឈ្មោះ ហ្ស៊េន អឹមរ៉ន អាយុ២៨ឆ្នាំ, ឈ្មោះ រឿន ដេវីន អាយុ២០ឆ្នាំ, ឈ្មោះ វត្ថិ ហ្សានុ អាយុឆ្នាំ២០, ឈ្មោះ ប៉ែន ហេង អាយុ១៩ឆ្នាំ, និង ឈ្មោះ តាំង ម៉េងហួរ អាយុ១៩ឆ្នាំ។ ក្នុងចំណោមពួកគេទាំង៨នាក់ មានស្រ្តី២នាក់ ហើយពួកគេទាំងអស់គ្នា សុទ្ធតែជាអ្នកសម្តែងក្នុងរឿង «ទុំទាវ២០២១»។ យុវជនឈ្មោះ តេង ស៊ីណាត ជាអ្នកសម្តែង ហើយក៏ជាអ្នកផ្ដើមគំនិតនិងដឹកនាំរឿងនេះដែរ។

លោក ចំរើន វ៉ាន់ថា ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ករណីបុគ្គល ឬក្រុមប្រព្តឹត្តកំហុសកន្លងមក ពួកគេទើបតែធ្វើខុសជាលើកទីមួយ ដូច្នេះជាគោលការណ៍ គឺមិនទាន់ដល់ថ្នាក់ដាក់ទោសឡើយ។ លោក បន្ថែមថា វិធានការរបស់ក្រសួងមាន៣ដំណាក់កាល គឺ ទី១ អប់រំផ្សព្វផ្សាយ ទី២អប់រំណែនាំ និង ទី៣ ចាត់វិធានការផ្លូវច្បាប់៕

Tag:
 ទុំទាវ២០២១
  សង្គម
  សាសនា
  សិល្បៈ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com