កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ទម្លាក់ Inter ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italia
10, Feb 2021 , 2:27 pm        
រូបភាព
Juventus កក់​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Coppa Italia បន្ទាប់ពី​ទម្លាក់ Inter Milan បើ​ទោះ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០​នៅ​ជើង​ទី​២​នៅ​រាត្រី​ថ្ងៃទី​៩ ខែ​កុ​ម្ផៈ​។ កាលពី​ជើង​ទី​១ សេះបង្កង់​ឈ្នះ​ម្ចាស់ផ្ទះ Inter ២-១​។​



​តាមរយៈ​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង ២-១ គ្រប់គ្រាន់​ដើម្បី​នាំ​ក្រុម​លោក Andrea Pirlo ឈានទៅ​ប្រជែង​តំណែង​ជើង Coppa Italia នៅ​ឆ្នាំ​២០២១​នេះ ខណៈ​កាលពី​ឆ្នាំមុន​ពួកគេ​ទទួលបាន​រងជើង​ឯក​។​
 
​លោក Pirlo ដែល​ទើប​ឡើងជា​អ្នកចាត់ការ​ទូទៅ​ក្រុម Juventus រដូវ​កាល​នេះ​បាន​លើកសរសើរ​កូនក្រុម​ក្រោយ​ចប់​ការប្រកួត​ថា​៖ «​យើង​ពិតជា​សម​នឹង​ទទួលលទ្ធផល​នេះ​ពី​ក្រុម​ខ្លាំង​ដូចជា Inter Milan​។ ក្នុងជំនួប​សំខាន់​បែបនេះ​ក្រុម​របស់​យើង​ពិតជា​មិន​ធ្វើឱ្យមាន​កំហុស​នោះទេ ពួកគេ​ទាំងអស់​លេង​យ៉ាង​អស្ចារ្យ​។ ពួកគេ​ពិតជា​ធ្វើ​បានល្អ​ណាស់​»​។​
 
Juventus ដែលមាន​ប្រវត្តិ​ឈ្នះ Coppa Italia ច្រើនជាងគេ​ចំនួន​១៣​លើក អាច​នឹងត្រូវ​ប៉ះ​ជាមួយ​គូប្រជែង​ចាស់ Napoli នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាថ្មី​ម្តងទៀត​។ ម្ចាស់​ការពារ​តំណែង​ជើងឯក Napoli នឹងត្រូវ​តទល់​ជាមួយ Atalanta ជំនួប​ជើង​ទី​២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​១០ ខែកុម្ភៈ​នេះ ក្រោយ​ជើង​ទី​១​នៅ​ទឹកដី​ខ្លួន​បញ្ចប់​ក្នុង​លទ្ធផល ០-០​។​
 
Napoli ដែល​គ្រង​ជើងឯក Coppa Italia សម័យកាល​បាន​យកឈ្នះ Juventus វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០២០ ដោយ​គ្រាប់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ៤-២៕

Tag:
 Coppa Italia
© រក្សាសិទ្ធិដោយ thmeythmey.com