ជាតិ
បទសម្ភាសន៍
អាជ្ញាធរ ពន្យល់​មូល​ហេតុដែល​ពលរដ្ឋ​សង់​បានតែ​សំណង់​ស្រាល ក្នុង​រមណីយដ្ឋាន​អង្គរ​
10, Feb 2021 , 4:09 pm        
រូបភាព
​សៀមរាប​៖ ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​រមណី​យ​ដ្ឋា​ន​អង្គរ មាន​សិទ្ធិ​សាងសង់​តែ​សំណង់​ធន់​ស្រាល​ប៉ុណ្ណោះ​។  លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ពន្យល់ថា ការធ្វើ​ដូច្នេះ គឺ​ដើម្បី​រក្សា​ទម្រង់​ដើម​នៃ​ទំនៀមទម្លាប់​ប្រពៃណី ការរស់នៅ និង​ការពារ​ផលប៉ះពាល់​ដល់​សំណង់​ប្រាសាទ​នានា​។


​សូម​អញ្ជើញលោក​អ្នកនាង ទស្សនា​បទ​សម្ភា​សរវា​ង​កញ្ញា ផាត ដា​ណេ អ្នកសារព័ត៌មាន ThmeyThmey25 និង​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ខាងក្រោម​ដូចតទៅ​៖

 
​ក្រៅពី​ការសាងសង់​សំណង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពលរដ្ឋ​នៅ​ទីនោះ ក៏បាន​រក្សា​របៀប​ក្នុងការ​រស់នៅ​តាមបែប​ប្រពៃណី ទំនៀមទម្លាប់ ដូចជា ការធ្វើ​ស្រែចម្ការ ដោយ​ប្រើ​ឧបករណ៍​បុរាណ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត ជាដើម​។ ទោះបីជា​ពលរដ្ឋ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​រក្សា​ទម្រង់​ដើម​នៃ​ការរស់នៅ ប៉ុន្តែ​ក៏មាន​មួយចំនួន​តូច​បាន​ផ្លាស់ប្ដូរ​ផងដែរ​។​
 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ការសាងសង់​សំណង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​បែងចែក​ជា​២​ប្រភេទ​។ ប្រភេទ​ទី​១ គឺ​ការសង់​សំណង់​បម្រើ​ដល់​វិស័យ​សាធារណៈ ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សង់​សំណង់​ធន់​ធ្ងន់ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ពិភាក្សាគ្នា ពាក់ព័ន្ធ​នឹង​រចនាបទ និង​ទំហំ​នៃ​សំណង់ ហើយ​បុរាណ​វិទូ ក៏ត្រូវ​សិក្សា​យ៉ាង​លំអិត​លើ​ការធ្វើ​កំណាយ​ក្រោម​ដី ដើម្បី​ឲ្យ​ប្រាកដថា​សំណង់​ធន់​ធ្ងន់​នោះ មិន​ផ្ដល់​ប៉ះពាល់​ដល់​បុរាណវត្ថុ​ដែល​អាចមាន​វត្ត​មាននៅ​ទីនោះ​។​
 
​ទី​២ គឺ​ការសាងសង់ ឬ​ជួសជុល​សំណង់​គេហដ្ឋាន ដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សាងសង់ ឬ​ជួសជុល​ដំបូលផ្ទះ ជញ្ជាំង​ផ្ទះ ជណ្ដើរ ការធ្វើ​របង ត​សំយាបផ្ទះ ចង្ក្រាន​បាយ បន្ទប់ទឹក និង​កន្លែង​ចិញ្ចឹមសត្វ​ជាដើម​។ ប៉ុន្តែ​ការសង់ ឬ​ជួសជុល គឺមាន​ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ផ្ដល់​សេវាកម្ម​ជូន​។ អ្នកនាំពាក្យ​រូបនេះ ឆ្លើយ​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​ចំពោះ​កិច្ចការងារ​ដែល​ត្រូវការ​ស្នើសុំ​ជួលជុល​បន្តិចបន្តួច តាម​ក្រុម​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវធ្វើឡើង​ដោយ​ឆ្លង​ការដឹងឮ ពី​អាជ្ញាធរ​មូលដ្ឋាន បានន័យថា ភូមិ ឃុំ ឬក៏​សង្កាត់​»​។ 
 
​ចំពោះ​ការ​រើរុះ​ផ្ទះ​ចាស់​ទាំងស្រុង ឬក៏​កសាង​ផ្ទះ​ថ្មី​ជំនួស ពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ ត្រូវយក​សំណើរ​របស់ខ្លួន ជាមួយនឹង​ការជួសជុល ឬ​សាងសង់ ទៅ​ដា​ក់នៅ​មជ្ឈមណ្ឌល​សេវាកម្ម នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ភូមិសាស្ត្រ​ដែល​ខ្លួន​រស់នៅ​៕
 

Tag:
 រមណីយដ្ឋាន​អង្គរ​
 ​ឡុង កុសល​
 ​សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com