ថៃ នឹង​សាកល្បង​វ៉ាក់សាំង​កូ​វីដ​-១៩ អភិវឌ្ឍ​ក្នុង​ស្រុកលើ​មនុស្ស​ក្នុង​ខែមីនា​ខាងមុខ​
COVID-19
អន្តរជាតិ
ថៃ នឹង​សាកល្បង​វ៉ាក់សាំង​កូ​វីដ​-១៩ អភិវឌ្ឍ​ក្នុង​ស្រុកលើ​មនុស្ស​ក្នុង​ខែមីនា​ខាងមុខ​
10, Feb 2021 , 4:40 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាល​ថៃ លោក Anutin Charnvirakul។ រូបភាព៖ Reuters
រដ្ឋមន្រ្តីសុខាភិបាល​ថៃ លោក Anutin Charnvirakul។ រូបភាព៖ Reuters
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ ថៃ​នឹង​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដែល​ត្រូវបាន​អភិវឌ្ឍ​នៅក្នុង​ស្រុកលើ​មនុស្ស​ជា​លើកដំបូង​នៅក្នុង​ខែមីនា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល លោក Anutin Charnvirakul នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។​

 
​ក្រោម​កម្មវិធី​ដែល​ដឹកនាំ​ដោយ​អង្គការ​ឱសថ​របស់រ​ដ្ឋា​ភិ​បាល​, សកល​វិ​ទ្យ​សាស្ត្រ Mahidol, និង​អង្គការក្រៅរដ្ឋាភិបាល Path ថៃ​បាន​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០២០ មកម្ល៉េះ​។ តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ Anutin Charnvirakul លទ្ធផល​សាកល្បង​លើ​សត្វ​នាពេល​កន្លងមក បានបង្ហាញ​លទ្ធផល​ល្អ​។ ថៃ​នឹង​បន្ត​សាកល្បង​វ៉ាក់សាំង​របស់ខ្លួន​លើ​មនុស្ស នៅក្នុង​ខែមីនា​ខាងមុខ​។ 
 
«​ថៃ មិន​ពឹង​ផ្អែកលើ​វ៉ាក់សាំង​តែមួយ​ប្រភព​នោះទេ​»​។ រដ្ឋមន្ត្រី​សុខាភិបាល​ថៃ Anutin បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ថៃ​កំពុង​ស្វែងរក​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់ និង​ការផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង​។ បើតាម​លោក Anutin ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ថៃ អាច​ផលិត​វ៉ាក់សាំង​បាន​២៥​ទៅ​៣០​លាន​ដូ​ស​ក្នុង​មួយឆ្នាំ ប្រសិនបើ​ការអភិវឌ្ឍ​វ៉ាក់សាំង​លើ​មនុស្ស​ទទួលបាន​ជោគជ័យ​។ 
 
​ក្នុងដំណាក់កាល​សាកល្បង​យ៉ាង​ល្អិតល្អន់ ដែលមាន​ចំនួន​៣​ដំណាក់កាល​នេះ ថៃ​អាច​នឹង​ប្រើ​រយៈពេល​ចាប់ពី ៦​ខែ រហូតដល់ ៨​ខែ​។ ដំណាក់​ទី​១ និង​ទី​២ ថៃ​នឹងធ្វើ​ពិសោធន៍​នៅក្នុង​ប្រទេស ខណៈពេល​ដំណាក់កាល​ទី​៣ ថៃ​នឹង​សាកល្បង​វ៉ាក់សាំង​របស់ខ្លួន​នៅក្នុង​ប្រទេស​ផ្សេង​ដែលមាន​កូ​វីដ​-១៩ រីក​រាលដាល​ខ្លាំង​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg ក្នុងដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ គេ​ត្រូវការ​ប្រជាជន​ថៃ​ច្រើនជាង ២០០​នាក់ ដើម្បី​សាកល្បង​នៅក្នុង​ដំណាក់កាល​នីមួយៗ​។ 
 
​កន្លងមក ថៃ​បាន​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន Sinovac ចំនួន​២​លាន​ដូ​ស និង​ពី​ក្រុមហ៊ុន​ឱសថ AstraZeneca ចំនួន​៦១​លាន​ដូ​ស​។ វ៉ាក់សាំង​របស់ AstraZeneca នឹងត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ថៃ​ផ្ទាល់ Siam Bioscience ចាប់ពី​ខែមិថុនា​ខាងមុខ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១០ ខែកុម្ភៈ ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ២៣៩០៣ ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៨០​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ១៨៩១៤​នាក់​៕ 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com