ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ជាង​៧០ ស្នើ​ឲ្យ​ក្រសួងបរិស្ថាន​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ​
10, Feb 2021 , 9:29 pm        
រូបភាព
ក្រុម​សកម្មជន​បរិស្ថាន​មួយក្រុម​ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាពវិញ​ បន្ទាប់ពី​ត្រូវឃាត់ខ្លួន​អស់រយៈពេល​៣យប់​ ដោយ​គ្មានការ​ចោទប្រកាន់ ។ (រូបពី លីកាដូ)
ក្រុម​សកម្មជន​បរិស្ថាន​មួយក្រុម​ ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាពវិញ​ បន្ទាប់ពី​ត្រូវឃាត់ខ្លួន​អស់រយៈពេល​៣យប់​ ដោយ​គ្មានការ​ចោទប្រកាន់ ។ (រូបពី លីកាដូ)
​ភ្នំពេញ​៖ សង្គម​ស៊ីវិល​និង​សហគមន៍​ចំនួន​៧៤ ស្នើ​ឲ្យ​ក្រសួងបរិស្ថាន​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ការពារ​ព្រៃឈើ ហើយ​ងាក​មក​គោរព​សិទ្ធិ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែលមាន​បំណង់​អភិរក្ស​ព្រៃឈើ​។ ការស្នើ​របស់​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​ក្រោយ លោក អ៊ូច ឡេង ម្ចាស់​ពានរង្វាន់​បរិស្ថាន​ពិភពលោក និង​សកម្មជន​បរិស្ថាន​៤​នាក់​ទៀត ត្រូវ​ម​ន្រី្ត​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​ឃាត់ខ្លួន​កាលពី​សប្ដាហ៍​មុខ ។​


​សង្គម​ស៊ីវិល និង​សហគមន៍ ៧៤​ស្ថាប័ន បានចេញ​សេចក្ដីថ្លែងការណ៍​រួម នៅ​ថ្ងៃទី​៩​កុម្ភៈ ថា មិនមែនជា​លើកទីមួយ​ទេ ដែល​សកម្មជន​ការពារ​ព្រៃឈើ​ទាំង​៥​រូប​ត្រូវ​ឃាត់ខ្លួន​។ សង្គម​ស៊ីវិល​ទាំងនេះ ស​ង្គ​ត់​ធ្ងន់​ថា ក្រសួងបរិស្ថាន​ចោទប្រកាន់​សកម្មជន​ទាំង​៥​រូប ចូល​តំបន់ការពារធម្មជាតិ​ដោយ​គ្មាន​ការអនុញ្ញាត គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ ។ 
 
«​ការបដិសេធ​មិនឱ្យ​ចូលទៅ​កាន់​តំបន់ការពារធម្មជាតិ គឺអាច​ធ្វើឡើង​សម្រាប់​តំបន់​ជាក់លាក់ ដែល​បាន កំណត់​រួចរាល់​ថា​ជា  “​តំបន់​ស្នូល​” ដែល​ព្រៃ​ឡង់ មិនទាន់​ត្រូវបាន​កំណត់​ទេ ។  ជា​រឿង​គួរឱ្យ​សោកស្ដាយ   ។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រសួង​បាន​បដិសេធ សកម្មជន​ការពារ​ព្រៃឈើ​មិនឱ្យ​ចូលក្នុង​ដែនជម្រកសត្វព្រៃ​នេះ ដូច​ធម្មតា​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ង្គ​ម​ស៊ីវិល​។​
 
​បណ្ដា​សង្គម​ស៊ីវិល​សង្កត់ធ្ងន់ថា ភស្តុតាង​ដែល​អាជ្ញាធរ​រកឃើញ​ពី​សកម្មជន​ទាំង​៥ មិនមែន​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស​ឡើយ ។ សម្ភារៈ​ដែល​រកឃើញ​នៅលើ​ខ្លួន​សកម្មជន​មាន ផ្ទាំង​បដា​សរសេរថា “​សូមជួយ​ថែរក្សា​ព្រៃឈើ​យើង​”, ម៉ាស៊ីន​ថត​, ឧបករណ៍​ចាប់​ទីតាំង (GPS) និង​អង្គ​ចងចាំ​។ សម្រាប់​សង្គម​ស៊ីវិល​ជាង​១០​នោះ ការឃាត់ខ្លួន​សកម្មជន​ព្រៃឈើ ជាការ​ធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែង​ដល់​សកម្មភាព​ពួកគេ ក្នុង​ការចុះ​ការពារ​ធនធានធម្មជាតិ​។​
 
«​យើងខ្ញុំ សូម​ស្នើសុំ​ដោយ​ទទូច​ដល់​ក្រសួងបរិស្ថាន ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​សកម្មជន និង​គោរព​សិទ្ធិ​របស់​គ្រប់ភាគី​ទាំងអស់​ដែលមាន​បំណង​ចង់ឃើញ ព្រៃ​ឡង់ ត្រូវបាន​អភិរក្ស និង​ការពារ ឱ្យបាន​យូរអង្វែង​បន្តទៀត​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍ ដោយ​បន្ថែមថា គ្រប់គ្នា​ត្រូវ​រួម​កម្លាំង​មនុស្ស​និង​ស្ថាប័ន​ផ្សេងៗ​គ្នា ដើម្បី​ធ្វើការ​ដោយ​សេរី​និង​ឯករាជ្យ ក្នុង​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​។ ក្រៅពីនេះ ក្រុម​សង្គម​ស៊ីវិល​ក៏បាន​បង្ហាញ​ពី​ក្ដីបារម្ភ ជុំវិញ​គម្រោង​សាងសង់​បណ្ដាញ​ខ្សែ​អគ្គីសនី​និង​ផ្លូវ​អម​បណ្ដាញ ដែល​ឆ្លង់កាត់​ចំណុច​សំខាន់​នៃ​ព្រៃ​ឡង់​ផងដែរ​។ 
 
​ជុំវិញ​ការលើកឡើង​ខាងលើ ត្រូវបាន​លោក នេត្រា ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែងតែ​អួតខ្លួន​ថា​ស្រលាញ់​យុត្តិធម៌​និង​គោរព​សិទ្ធិ ដោយ​ធ្វើការ​បង្កប់​ដោយ​របៀបវារៈ​នយោបាយ​។ លោក​ស្នើ​ឲ្យ​សង្គម​ស៊ីវិល​បញ្ឈប់​ការ​ការការពារ​ជន​ដែល​មិន​គោរព​ច្បាប់​។ 
 
«​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា​ខ្លួន​(​សកម្មជន​បរិស្ថាន​ទាំង​៥)​ពិតជា​បានដឹងថា លួច​ចូល​និង​ធ្វើ​សកម្មភាព​ក្នុង​តំបន់ការពារធម្មជាតិ​គឺ​ខុសច្បាប់ ហើយ​ការ​លួច​ចូល​ក្នុងព្រៃ​ឡង់​គឺ​ពួកគេ​ធ្វើ​សកម្មភាព​និង​ថតរូប​ផ្សេងៗ​ដើម្បី​គៀរគរ​ថវិកា​ជំនួយ​។ នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ពី​ចេតនា​ទុច្ចរិត​នៃ​ការធ្វើសកម្មភាព​របស់​ពួកគេ និង​គ្មាន​ចេតនា​សុច្ចរិត​ណាមួយ​ក្នុងការ​ការពារ​ព្រៃឈើ​ឱ្យ​ពិតប្រាកដ​ឡើយ គឺ​គ្រាន់តែ​ដើម្បី​ស្វែងរក​ជំនួយ​ប៉ុណ្ណោះ​»​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដោយ​បន្ថែមថា ក្រុម​សកម្មជន​ទាំងនោះ គឺ​ធ្វើ​សកម្មភាព​ក្រោម​អង្គការក្រៅរដ្ឋាភិបាល ដែល​មិនបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។ ជាមួយគ្នា​ដែរ លោក​អះអាងថា ក្រសួងបរិស្ថាន​នៅតែ​អនុវត្ត​ច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​ជនល្មើស​ណា​ម្នាក់​ឡើយ ដើម្បី​ប្រសិទ្ធភាព​លើ​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ 
 
​កាលពី​កុម្ភៈ ឆ្នាំ​២០២០ ព្រះសង្ឃ សមាជិក​សហគមន៍ និង​សកម្មជន​បរិស្ថាន រាប់រយ​នាក់​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ត្រូវបាន​មន្ត្រី​ក្រសួងបរិស្ថាន​បញ្ឈប់​ហាម​មិន​ឲ្យ​ចូលទៅ​កាន់​ព្រៃ​ឡង់ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​បំបួស​ដើមឈើ​ប្រចាំឆ្នាំ​។  
 
​មួយខែ​ក្រោយមក ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និង​អ្នក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់​ផ្សេង ធ្លាប់​ត្រូវបាន​កងសន្តិសុខ​រប​ស់​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក (Think Biotech) ចាប់ខ្លួន​ដែរ កាលពី​ថ្ងៃទី​១៣ មីនា ២០២០ គ្រា​ដែល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​។ ក្រោយ​ការឃាត់ខ្លួន​គ្រានោះ ក៏​មានការ​បញ្ជូនទៅ​តុលាការ​ដែរ ។ ប៉ុន្តែ​តុលាការ​ក៏​សម្រេច​ដោះលែង​ពួកគេ​ទាំង​៤​នាក់​វិញ នៅ​ថ្ងៃទី​១៦ មីនា ២០២០ ដោយ​តម្រូវឱ្យ​លោក អ៊ូច ឡេង ទៅ​ចុះបញ្ជី​អង្គការ​នៅ​ក្រសួង​ជាមុនសិន ដើម្បី​ធ្វើ​សកម្មភាព​បន្តទៀត​៕
 
 
 

Tag:
 សកម្មជន​ព្រៃឈើ​
  សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com