អន្តរជាតិ
មេដឹកនាំយោធាមីយ៉ាន់ម៉ា ស្នើនាយករដ្ឋមន្ត្រីថៃឱ្យគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន
× នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា លោកបានទទួលលិខិតមួយច្បាប់ពីពីមេដឹកនាំយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង ដែលស្នើឱ្យថៃជួយគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា ថ្មីៗនេះ បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងក្តោបក្តាប់អំណាចរដ្ឋាភិបាល សភា និងតុលាការ។ មិនតែប៉ុណ្ណោះ ក្រុមយោធា ថែមទាំងឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី, អ្នកនយោបាយជាន់ខ្ពស់របស់បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសកម្មជនផ្សេងទៀត។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានចេញមកបាតុកម្មនៅពាសពេញប្រទេស។
តាមការបញ្ជាក់របស់លោកមីន អ៊ុងឡាំង មីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតដោយសេរី ពហុបក្សឡើងវិញ បន្ទាប់ពីស្ថានភាពអាសន្នត្រូវបញ្ជប់។ ចំណែកការដណ្តើមអំណាចរបស់ក្រុមយោធា ដោយសារតែរដ្ឋាភិបាលស៊ីវិលមិនទទួលខុសត្រូវ និងមិនមានចំណាត់ការលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំយោធាមីយ៉ាន់ម៉ា បានផ្ញើលិខិតមួយច្បាប់ឱ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ដោយស្នើឱ្យគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ទាក់ទងរឿងនេះ លោក ប្រាយុទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា»។
ប៉ុន្តែបញ្ហាសំខាន់សម្រាប់ថៃនៅពេលនេះ គឺការរក្សាទំនាក់ទំនងល្អ ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រជាជន, សេដ្ឋកិច្ច, និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ លោក ប្រាយុទ្ធ ចង់បញ្ជាក់ថា ទោះថៃគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យក្ដី អ្វីៗអាស្រ័យលើលោក មីន អ៊ុងឡាំង ផ្ទាល់ទៅវិញ។
លោក ប្រាយុទ្ធ ដែលជាអតីតមេទ័ពជើងគោកថៃ ក៏ធ្លាប់ធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល។ ក្នុងឆ្នាំ២០១៤ លោក ប្រាយុទ្ធ បានដណ្ដើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ក្រោមហេតុផលរំលោភអំណាច និងការធ្វើខុសរដ្ឋធម្មនុញ្ញថៃ។ នៅក្នុងឆ្នាំ២០១៩ ថៃបានរៀបចំការបោះឆ្នោតថ្មីមួយ ហើយលោក ប្រាយុទ្ធ បានឈ្នះការបោះឆ្នោតនោះ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ ប្រជាជនថៃជាច្រើនពាន់នាក់ បានចេញមកបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕
© រក្សាសិទ្ធិដោយ thmeythmey.com