អន្តរជាតិ
មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ស្នើ​នាយករដ្ឋមន្ត្រី​ថៃ​ឱ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​
10, Feb 2021 , 9:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​អះអាងថា លោក​បានទទួល​លិខិត​មួយច្បាប់​ពី​ពី​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​ឡាំង ដែល​ស្នើឱ្យ​ថៃ​ជួយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​។



 
​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា ថ្មីៗ​នេះ បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល និង​ក្តោប​ក្តាប់​អំណាចរដ្ឋាភិបាល សភា និង​តុលាការ​។ មិនតែប៉ុណ្ណោះ ក្រុម​យោធា ថែមទាំង​ឃុំខ្លួន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​, អ្នកនយោបាយ​ជាន់ខ្ពស់​របស់​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​សកម្មជន​ផ្សេងទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​បាតុកម្ម​នៅ​ពាសពេញ​ប្រទេស​។ 
 
​តាម​ការបញ្ជាក់​របស់​លោក​មីន អ៊ុង​ឡាំង មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ពហុបក្ស​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​អាសន្ន​ត្រូវ​បញ្ជ​ប់​។ ចំណែក​ការដណ្តើម​អំណាច​របស់​ក្រុម​យោធា ដោយសារតែ​រដ្ឋាភិបាល​ស៊ីវិល​មិន​ទទួលខុសត្រូវ និង​មិនមាន​ចំណាត់ការ​លើ​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បាន​ផ្ញើលិខិត​មួយច្បាប់​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដោយ​ស្នើឱ្យ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​។​ទាក់ទង​រឿងនេះ លោក ប្រា​យុទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​»​។ 
 
​ប៉ុន្តែ​បញ្ហាសំខាន់​សម្រាប់​ថៃ​នៅពេលនេះ គឺ​ការរក្សា​ទំនាក់ទំនង​ល្អ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​លើ​ប្រជាជន​, សេដ្ឋកិច្ច​, និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ក្នុងន័យនេះ លោក ប្រា​យុទ្ធ ចង់​បញ្ជាក់ថា ទោះ​ថៃ​គាំទ្រ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្ដី អ្វីៗ​អាស្រ័យ​លើ​លោក មីន អ៊ុង​ឡាំង ផ្ទាល់​ទៅវិញ​។ 
 
​លោក ប្រា​យុទ្ធ ដែលជា​អតីត​មេទ័ព​ជើងគោក​ថៃ ក៏​ធ្លាប់ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​។ ក្នុង​ឆ្នាំ​២០១៤ លោក ប្រា​យុទ្ធ បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​របស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់  ក្រោម​ហេតុផល​រំលោភ​អំណាច និង​ការធ្វើ​ខុស​រដ្ឋធម្មនុញ្ញ​ថៃ​។ នៅក្នុង​ឆ្នាំ​២០១៩ ថៃ​បានរៀបចំ​ការបោះឆ្នោត​ថ្មី​មួយ ហើយ​លោក ប្រា​យុទ្ធ បានឈ្នះ​ការបោះឆ្នោត​នោះ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០២០ កន្លងទៅ ប្រជាជន​ថៃ​ជាច្រើន​ពាន់​នាក់ បាន​ចេញមក​បាតុកម្ម​ទាមទារ​ឱ្យ​លោក ប្រា​យុទ្ធ ចុះ​ចេញពី​តំណែង និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​៕ 

Tag:
 ថៃ​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com