អាជីវកម្មលក់ផ្កាអង្គាសីលប្រៀបដូចជាការផ្សងព្រេង ដែលត្រូវចំណាយកម្លាំងច្រើន ប៉ុន្តែអាជីវករមិនអាចជឿជាក់ថាការលក់ផ្កាអង្គាសីលនេះទទួលបានប្រាក់ចំណេញច្រើនឬយ៉ាងណានោះទេ ថែមទាំងអាចប្រឈម នឹងការខាតដើមទៀតផង។ អ្នកស្រី សៅ នី ជាអ្នកប្រកបរបរលក់ផ្កាអង្គាសីលជាង១០ឆ្នាំមកហើយ បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ទាំងការព្រួយបារម្ភថា ៖«តម្លៃផ្កាមិនសូវបានថ្លៃទេបានល្មមៗ រាងថោកដែរ ព្រោះអីអត់សូវមានភ្ញៀវចុះមកទិញ។ អ្នកទិញមានតិចជាងរាល់ឆ្នាំ។ ខ្ញុំព្រួយខ្លាចខាតដើមដែរ ណាមួយខ្លាចលក់អត់អស់ ខ្លាចលក់អត់រួចដើម។ ព្រួយបារម្ភច្រើនណាស់ ព្រោះឥឡូវនៅសល់ផ្កាច្រើនដែរ »។
អ្នកស្រី សៅ នី អាជីវករលក់ដើមផ្កាអង្គាសីល បណ្ដោយផ្លូវហាណូយ
អ្នកស្រី សៅ នី បានបន្ថែមថា ក្នុងឆ្នាំ២០២១ នេះ អ្នកស្រីបានកាត់បន្ថយដើមទុនអស់ពាក់កណ្ដាល ហើយ ដោយធ្លាប់យកផ្កាមក១០០ដើម ឆ្នាំនេះយកមកតែ៥០ដើមទេ ព្រោះអ្នកស្រីធ្លាប់ខាតច្រើន ដូចកាលពីឆ្នាំមុន។ ចំណែកតម្លៃវិញ អ្នកស្រី សៅ នី លើកឡើងថា ផ្កាអាចមានតម្លៃចាប់ពី២ម៉ឺនរៀល ដល់១០ម៉ឺនរៀល ឬអាចថ្លៃជាងនេះ អាស្រ័យលើដើមធំ និងមានផ្កាច្រើន។
ដោយឡែកអ្នកស្រី មាន គីម មានវ័យ ៦០ឆ្នាំ ប្រកបរបរលក់ផ្កាអង្គាសីលជាង២០ឆ្នាំហើយ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ថា៖ « ឆ្នាំទៅចាប់ផ្ដើមសម្បូរកូវីដ យើងខាតម្ដងហើយ តែយើងខំរកឆ្នាំនេះទៀតទៅក្រែងលបានទប់ទល់ខាតកាលពីឆ្នាំមុន តែបើសិនខាត ទៀតក៏ខាតទៅ មិនដឹងធ្វើមិច នេះជារបររកស៊ី បើចំណេញក៏យកទៅ »។ អ្នកស្រី មាន គីម បានបន្ថែមថា ឆ្នាំនេះ មិនត្រឹមតែមិនអាចឡើងថ្លៃនោះទេ ថែមទាំងត្រូវចុះថ្លៃ ទៀតផង។ សម្រាប់អ្នកស្រីឆ្នាំនេះ បានកាត់បន្ថយដើមទុនអស់ពាក់កណ្ដាលផងដែរ។
អ្នកស្រី មាន គីម អាជីវករលក់ដើមផ្កាអង្គាសីល បណ្ដោយផ្លូវហាណូយ
ទោះមានឆ្នាំខ្លះខាត ឆ្នាំខ្លះចំណេញតិចតួច ក៏ស្ត្រីវ័យ ៦០ឆ្នាំរូបនេះ មិនបោះបង់របរលក់ផ្កាអង្គាសីលមួយនេះដែរ។ « របរយើងធ្លាប់រកស៊ី ដល់ពេលរដូវចូលឆ្នាំចិន ចេះតែចង់លក់។ របរនេះហត់ណាស់ ខ្ញុំឡើងទៅទិញផ្កានេះដោយខ្លួនឯងនៅភ្នំឱរ៉ាល់ ត្រូវចូលព្រៃ ដេកចាំអ្នកកាប់ គេកាប់យកមកលក់ឱ្យ។ ទៅទិញម្ដងៗ គឺចំណាយពេលយ៉ាងតិច ៦ថ្ងៃ ទោះទិញបាន ឬមិនបានក៏ត្រូវត្រលប់មកវិញដែរ»។ នេះជាការលើកឡើងរបស់អ្នកស្រី មាន គីម។
ចំណែកអ្នកស្រី ថា វី ជាអាជីវករលក់ផ្កាអង្គាសីលនៅទីតាំងដូចគ្នានេះបានរៀបរាប់ថា ផ្ការបស់អ្នកស្រីក៏លក់មិនសូវដាច់ដូចគ្នា ដោយមិនទាន់ឃើញមានភ្ញៀវចុះមកទិញច្រើននោះទេ។ អ្នកស្រី ថា វី លើកឡើងដូច្នេះថា៖ « លក់អត់សូវដាច់ផង បានមួយៗ អត់សូវមានមនុស្សដើរទេ ស្ងាត់ដែរ ចាំមើលក្រែងលកៀកថ្ងៃ មានមនុស្ស តែមកដល់ថ្ងៃនេះមិនទាន់មានមនុស្សដើរទេ។ តម្លៃយើងលក់ធូរថ្លៃជាងរាល់ឆ្នាំ ព្រោះអ្នកទិញគេថាលុយឥឡូវពិបាករក។ បើយើងលក់សល់គឺប្រឈមនឹងការខាត តែត្រូវតែលក់ ព្រោះយើងធ្លាប់រកស៊ី ទោះចំណេញក៏ចំណេញតិចតួច »។
អ្នកស្រី ថារី អាជីវករលក់ដើមផ្កាអង្គាសីល បណ្ដោយផ្លូវហាណូយ
អាជីវកររូបនេះ ក៏បានរៀបរាប់ផងដែរថា ផ្កាអង្គាសីលពិបាកថែទាំ អាជីវករត្រូវស្រោចទឹកមើលថែឲ្យវាចេញផ្កាចំថ្ងៃចូលឆ្នាំចិន-វៀតណាម កាលណាបើចេញផ្កាមុនថ្ងៃ ក៏មានបញ្ហាដែរ គឺភ្ញៀវមិនទិញនោះទេ។ ជាទូទៅ ដើមអង្គាសីល ត្រូវកាប់មុនថ្ងៃសែនចូលឆ្នាំចិន-វៀតណាម ១៤ថ្ងៃ។ នេះជាការបញ្ជាក់បន្ថែមរបស់អាជីវករ៕