ជាតិ
សង្គមជាតិ
អាជ្ញាធរ ចាប់បានជ្រូកនាំចូលពីថៃ៣០ក្បាល មានផ្ទុកជំងឺប៉េស្ដជ្រូកអាហ្វ្រិក
10, Feb 2021 , 6:20 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនៃការិយាល័យផលិតកម្ម បសុព្យាបាលខេត្តបន្ទាយមានជ័យ និងនគរបាលស្រុកស្វាយចេក បានចុះបង្ក្រាបបទល្មើសចំនួនពីរករណី។ ទី១ មានឡានដឹកជ្រូករស់ចំនួន២០ក្បាលមកពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទី២ មានគោយន្តមួយគ្រឿងដឹកជ្រូករស់ចំនួន១០ក្បាលមកពីប្រទេសថៃដែរ តាមច្រកចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។



សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតភាពសត្វនៃក្រសួងកសិកម្ម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ការនាំចូលសត្វជ្រូកទាំងអស់នោះ ពុំមានលិខិតអនុញ្ញាតត្រឹមត្រូវឡើយ ហើយអាជ្ញាធរ បានយកជ្រូកទាំងនោះ ទៅរក្សាទុកនៅមន្ទីរកសិកម្មខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ បន្ទាប់មកមន្រ្តីជំនាញបានយកសំណាកឈាមជ្រូកពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតភាពសត្វ ដោយលទ្ធផល ដែលបង្ហាញនៅថ្ងៃទី៩ កុម្ភៈ បញ្ជាក់ថា ជ្រូកទាំងនោះមានវិជ្ជមានប៉េស្ដជ្រូកអាហ្វ្រិក។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតភាពសត្វ បានណែនាំវិធានការបន្ទាន់មួយចំនួន ដល់អ្នកចិញ្ចឹមសត្វ ពិសេសអ្នកចិញ្ចឹមជ្រូក និងអ្នកពិឃាតសត្វ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប៉េស្ដជ្រូកអាហ្វ្រិក។ ដំបូង អគ្គនាយកដ្ឋានសុខភាពសត្វ នឹងចុះទៅសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីកម្ទេចវត្ថុតាងបទល្មើសតាមវិធានបសុព្យាបាល។ ចំពោះ ការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្រាប់កសិករ និងពាណិជ្ជករ ជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វជាប្រចាំ។ គ្រប់សត្តឃាតដ្ឋាន ត្រូវសហការជាមួយមន្រ្តីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំ។ រីឯ អាជីវករ ពាណិជ្ជករ ឬក្រុមហ៊ុននាំចូលសត្វរស់ទាំងអស់ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងវិធានអនាម័យសត្វ នូវគោលការណ៍បច្ចេកទេស សម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់។ ពិសេសក្នុងចំណុចនោះ តម្រូវឲ្យមានទីតាំងចត្តាឡីស័កនៅចុងទីនៃប្រទេសនាំចេញ ដើម្បីងាយស្រួលដល់មន្រ្តីបច្ចេកទេសត្រួតពិនិត្យមុនពេលនាំចូល៕

Tag:
 ជ្រូក
 ប៉េស្ដជ្រូកអាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com