អន្តរជាតិ
អាមេរិក ផ្អឹបលុយរដ្ឋាភិបាលមីយ៉ាន់ម៉ា១ពាន់លានដុល្លារ និងត្រៀមដាក់ទណ្ឌកម្មមេដឹកនាំយោធា
11, Feb 2021 , 10:09 am        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ថ្លែងសុន្ទរកថាលើនយោបាយនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១០ ខែកុម្ភៈ នៅសេតវិមាន។ រូបភាព៖ Twitter-ប្រធានាធិបតីអាមេរិក
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ថ្លែងសុន្ទរកថាលើនយោបាយនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១០ ខែកុម្ភៈ នៅសេតវិមាន។ រូបភាព៖ Twitter-ប្រធានាធិបតីអាមេរិក
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា លោកបានអនុម័តបញ្ជាប្រតិបត្តិមួយ ដែលអនុញ្ញាតឱ្យដាក់ទណ្ឌកម្មលើអ្នកធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។ ប្រធានាធិបតីអាមេរិកនៅតែទទូចក្រុមយោធាមីយ៉ាន់ម៉ាជាថ្មីឱ្យផ្ទេរអំណាចទៅរដ្ឋាភិបាលស៊ីវិល ហើយដោះលែងលោកស្រី អ៊ុងសាន សូជី និងអ្នកជាប់ឃុំផ្សេងទៀត។

 
 
 
បន្ទាប់ពីត្រួតពិនិត្យលើចំណាត់ការ និងទណ្ឌកម្មអស់ជាច្រើនថ្ងៃ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក្នុងថ្ងៃទី១០ ខែកុម្ភៈ បានឯកភាពបញ្ជាប្រតិបត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មបានភ្លាមៗលើរបបសឹកមីយ៉ាន់ម៉ា។ ទណ្ឌកម្ម ដែលមាននៅក្នុងបញ្ជាប្រតិបត្តិថ្មីនេះ អាចដាក់លើក្រុមយោធា ជំនួញដែលរកស៊ី ឬគ្រប់គ្រងដោយយោធា និងសមាជិកគ្រួសាររបស់យោធាមីយ៉ាន់ម៉ាផងដែរ។ 
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានពីសេតវិមាន លោក បៃឌិន បានបញ្ជាក់ថា រដ្ឋបាលរបស់លោក នឹងកំណត់ពីទណ្ឌកម្មជាលើកដំបូងលើក្រុមយោធាមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ។ លើសពីនោះ រដ្ឋបាលោក ក៏ហាមឃាត់ក្រុមនាយឧត្តមសេនីយ៍នៃរបបសឹកពីការទទួលទ្រព្យសម្បត្តិ១ពាន់លានដុល្លារក្នុងមូលនិធិរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលមាននៅក្នុងទឹកដីអាមេរិក។ 
 
បើតាមប្រធានាធិបតីអាមេរិករូបនេះ ទណ្ឌកម្មអាមេរិកខាងលើ នឹងមិនប៉ះពាល់ដល់ប្រជាជនស៊ីវិលមីយ៉ាន់ម៉ា និងក្រុមអង្គការសង្គមស៊ីវិលឡើយ។ រដ្ឋាភិបាលអាមេរិក នឹងបន្តផ្តល់ជំនួយដោយផ្ទាល់ទៅអង្គការសង្គមស៊ីវិល និងក្រុមមនុស្សធម៌ដដែល។ 
 
ជាមួយគ្នានេះ លោក បៃឌិន បានជំរុញឱ្យយោធាមីយ៉ាន់ម៉ាជាថ្មី ប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ និងដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី ស៊ូជី, អ្នកនយោបាយ និងសកម្មជនផ្សេងទៀតផងដែរ។ ក្នុងថ្ងៃដដែល ក្រសួងការបរទេសអាមេរិក បានអះអាងថា ខ្លួននឹងសហការជាមួយដៃគូផ្សេងទៀតដើម្បីដាក់សម្ពាធលើរបបសឹកនៅមីយ៉ាន់ម៉ា។ 
 
បន្ទាប់ពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈកន្លងទៅ បាតុកម្ម ក៏រាលដាលកាន់តែខ្លាំង បើទោះជារបបសឹកដាក់ច្បាប់អាជ្ញាសឹកនៅតំបន់មួយចំនួនក្ដី។ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ នៅតែចេញមកបាតុកម្មនៅក្នុងទីក្រុងធំៗដូចជាយ៉ាំងហ្គោន និងណៃពិដោដើម្បីប្រឆាំងយោធា។ ប៉ូលិសមីយ៉ាន់ម៉ា ក៏ចាប់ផ្ដើមចាត់វិធានការលើបាតុកម្មនេះដោយមានទាំងការបាញ់ទឹក និងបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ។  
 
មកទល់ពេលនេះ ក្រុមយោធា នៅតែបន្តចាប់ឃុំខ្លួន អ្នកដែលស្និទ្ធនឹងលោកស្រីស៊ូជី។ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) អះអាងលើបណ្តាញសង្គម Facebook ថា លោក Kyaw Tint Swe ដែលជាជំនួយការរបស់លោកស្រីស៊ូជី ត្រូវបានឃុំខ្លួននៅយប់ថ្ងៃទី១០ ខែកុម្ភៈ។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើសេចក្តីព្រាច្បាប់មួយស្ដីពីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីគ្រប់គ្រងការបញ្ចេញមតិ ការពារសន្តិសុខសាធារណៈ និងទប់ស្កាត់ឧក្រិដ្ឋកម្មជាដើម។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ ត្រូវបានអង្គការសង្គមស៊ីវិល បារម្ភថា នឹងមានការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន, ការបំពានសិទ្ធិមនុស្ស, ការបញ្ចេញមតិ និងប៉ះពាល់សិទ្ធិផ្សេងទៀត៕ 
 

Tag:
 មីយ៉ាន់ម៉ា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com