កីឡាអន្តរជាតិ
អន្តរជាតិ
Boateng សុំគ្រូ Bayern មិនចូលលេងផ្តាច់ព្រ័ត្រ Club World Cup ក្រោយអតីតសង្សារស្លាប់
11, Feb 2021 , 11:04 am        
រូបភាព
Jerome Boateng បានសុំគ្រូ Bayern Munich លោក Hansi Flick ចាកចេញពីជម្រើសក្រុមសម្រាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ទល់ក្រុម Tigres ក្រោយដឹងថាអតីតសង្សាខ្លួនដែលទើបបែកគ្នាអាទិត្យមុនបានស្លាប់។


នាង Kasia Lenhardt វ័យ២៥ឆ្នាំ ត្រូវបានគេរកឃើញថាស្លាប់នៅផ្ទះល្វែងមួយក្នុងក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ ពោលគឺត្រឹមមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនាង និងខ្សែការពារ Boateng ប្រកាសចែកផ្លូវគ្នានៅលើបណ្តាញសង្គម។
 
គ្រូ Bayern Munich លោក Flick បានបញ្ជាក់ថា Boateng បានសុំលោកចាកចេញពីជំរុំហ្វឹកហាត់ដើម្បីត្រឡប់ទៅអាល្លឺម៉ង់វិញ។ នេះមានន័យថា ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ Club World Cup រវាង Bayern Munich ទល់នឹង Tigres នៅយប់ថ្ងៃទី១១ ខែកុម្ភៈឡើយ។
 
នាង Kasia Lenhardt ជនជាតិប៉ូឡូញមានកេរ្តិ៍ឈ្មោះល្បីល្បាញជាបេក្ខនារីម្នាក់ក្នុងកម្មវិធី Next Top Model របស់អាល្លឺម៉ង់ក្នុងឆ្នាំ ២០១២។ នាង និង Boateng បានណាត់ជួបគ្នា និងមានទំនាក់ទំនងស្នេហាអស់រយៈពេលជាងមួយឆ្នាំ។ យ៉ាងណាក៏ដោយក្រោយរយៈពេលមួយឆ្នាំអ្នកទាំងពីរក៏បានប្រកាសចែកផ្លូវគ្នាលើបណ្ដាញសង្គមInstagram ។ 
សារចុងក្រោយរបស់ Lenhardt ដែលបង្ហោះលើបណ្តាញសង្គម Instagram បន្ទាប់ពីការបែកបាក់គូស្នេហ៍ គឺនៅថ្ងៃទី៣ ខែកុម្ភៈដោយសរសេរថា«ឥឡូវនេះគឺជាកន្លែងដែលអ្នកគូរបន្ទាត់ខណ្ឌចែក។ គ្រប់គ្រាន់ហើយ» ។
 
កាលពីថ្ងៃទី២ ខែកុម្ភៈ Boateng អតីតខ្សែការពារ Manchester City បានប្រកាសចែកផ្លូវគ្នាជាមួយ Lenhardt នៅលើ Instagram ប៉ុន្តែសារនេះត្រូវបានលុបចោលវិញហើយ។
មួយសប្តាហ៍ក្រោយបន្ទាប់ពីការបង្ហោះនេះពោលគឺនៅយប់ថ្ងៃទី៩ ខែកុម្ភៈ Lenhardt ត្រូវបានគេរកឃើញថាស្លាប់ ខណៈដែលប៉ូលិសសង្ស័យថាមូលហេតុនៃការស្លាប់នេះ ដោយសារការធ្វើអត្តឃាត៕


 

Tag:
 Jerome Boateng
  Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com