អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអង្គការទស្សនៈពិភពលោក ដើម្បីជួយជ្រោមជ្រែងអាជីវកម្មអតិថិជនក្នុងវិស័យវារីប្បកម្មឲ្យកាន់តែប្រសើរឡើងតាមការផ្តល់ទុនបង្វិល
15, Feb 2021 , 3:32 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងអង្គការទស្សនៈពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ពីការផ្ដល់កម្ចីលើសង្វាក់ផលិតកម្ម និងគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា នៅការិយាល័យជាតិនៃអង្គការទស្សនៈពិភពលោកកម្ពុជារាជធានីភ្នំពេញ។
 
គោលបំណងក្នុងកិច្ចសហការនេះ គឺដើម្បីជួយផ្តល់ទុនបង្វិលដល់អាជីករ ឬកសិករក្នុងការពង្រីកមុខរបរក្នុងវិស័យវារីវប្បកម្មនេះ។ តាមរយៈសេវាហិរញ្ញវត្ថុដែលងាយស្រួល និងមានភាពបទបែននេះ នឹងជួយជំរុញឲ្យជីវភាពប្រជាពលរដ្ឋ ដែលក្នុងសង្វាក់ផលិតកម្មនៅក្នុងវិស័យវារីវប្បកម្មនេះ កាន់តែមានភាពប្រសើរមួយកម្រិតទៀត ។ ការចាប់ដៃគូសហការនេះក៏នឹងជួយគាំទ្រដល់ការផ្លាស់ប្តូរប្រព័ន្ធ ដោយជួយដល់ភ្នាក់ងារហិរញ្ញវត្ថុក្នុងស្រុក ឲ្យយល់កាន់តែច្បាស់អំពីហានិភ័យ និងឱកាសដែលទាក់ទងនឹងវារីវប្បកម្ម ព្រមទាំងជំនះឧបសគ្គដែលរារាំងការផ្តល់ប្រាក់កម្ចីកាន់តែច្រើនដល់វិស័យនេះផងដែរ។ 
 
ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ សន្និសីទសារព័ត៌មានខាងក្រោមដូចតទៅ៖

  
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «ក្នុងកិច្ចសហការនេះ គឺលោកចង់ឃើញប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើងតាមរយៈការប្រកបរបរក្នុងវិស័យកសិកម្ម ដោយសារតែប្រជាជនក្នុងប្រទេសកម្ពុជា យើង ៦០ ទៅ ៧០ភាគរយ ជាកសិករ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះ ពួកយើងកំពុងរស់នៅក្នុងសម័យកូវីដ-១៩ ដូច្នេះមានតែវិស័យកសិកម្មទេដែលជួយទ្រទ្រង់ខ្លាំងដល់សេដ្ឋកិច្ចក្នុងប្រទេស។ 
 
លោកបានបន្ថែមទៀតថា៖ «ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺត្រូវគិតពីហានិភ័យសម្រាប់អតិថិជនដែលខ្ចីប្រាក់ថា តើអតិថិជនដែលខ្ចីប្រាក់ ពួកគាត់មានហានិភ័យខ្ពស់ប៉ុណ្ណា ដូច្នេះគឺពួកយើងត្រូវការដៃគូដើម្បីជួយសម្រួលនូវបញ្ហាដែលអតិថិជនបានជួបប្រទះឲ្យមានភាពប្រសើរឡើងវិញ។ លោកបានលើកឡើងថា៖ «ក្នុងការសហការរវាង អេ អឹម ខេ និងអង្គការទស្សនៈពិភពលោក គឺមិនមែនគ្រាន់តែឲ្យជាឥណទានទៅអតិថិជនហើយចប់នោះទេ គឺពួកយើងត្រូវធ្វើការទាំងអស់ជាមួយគ្នារវាង គ្រឹះស្ថាន និង អតិថិជន តាំងពីពេលចាប់ផ្ដើមរហូតដល់ចុងក្រោយទើបយើងទទួលបានជោគជ័យទាំងអស់គ្នា៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com