ជាតិ
សង្គមជាតិ
អាជីវករនៅផ្សារអូរឫស្សី ត្រៀមជ្រូកខ្វៃ២០០ទៅ១០០០ក្បាល សម្រាប់លក់នៅថ្ងៃសែនចិន ក្នុងបរិបទកូវីដ-១៩
11, Feb 2021 , 12:59 pm        
រូបភាព
តូបលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី ថ្ងៃទី១០កុម្ភៈ ២០២១។
តូបលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី ថ្ងៃទី១០កុម្ភៈ ២០២១។
ដោយ: ថ្មីៗ
ភ្នំពេញ៖ ទោះបីចូលឆ្នាំចិន-វៀតណាមស្ថិតក្នុងបរិបទកូវីដ-១៩ ក៏អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឫស្សីត្រៀមជ្រូកខ្វៃសម្រាប់លក់ច្រើនជាងឆ្នាំមុខៗដែរ ដែលមានប្រមាណពី២០០ទៅ១០០០ក្បាល់។ អាជីវករមួយចំនួន អះអាងថា ទោះបីជ្រូកខ្វៃឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន ក៏មានអ្នកបញ្ជាទិញជាហូរហែដែរ។



អ្នកស្រី ស៊ី យឿន អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូឫស្ស លើកឡើងថា ភ្ញៀវដែលចាប់ផ្ដើមបញ្ជាទិញជ្រូកខ្វៃរបស់អ្នកស្រី គឺមានតាំងពីអំឡុងថ្ងៃទី២០មករា។ អ្នកលក់ជ្រូកខ្វៃប្រមាណ២០ឆ្នាំរូបនេះបន្តថា ក្នុងមួយថ្ងៃមានអ្នកបញ្ជាទិញប្រមាណ៦០ក្បាល ទើបត្រៀមជ្រូកជាង១ពាន់ក្បាលសម្រាប់លក់នៅអំឡុងពេលចូលឆ្នាំចិននេះ។

អ្នកស្រី និយាយថា៖««កាលពីឆ្នាំមុនៗ ខ្ញុំត្រៀមជ្រូកប្រមាណ៧០០ក្បាល់ប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះត្រៀមទុកជាង១ពាន់ក្បាល់ ដោយសារឃើញមានអ្នកកក់ជាង៦០ក្បាលក្នុងមួយថ្ងៃ។ ឆ្នាំនេះជ្រូកថ្លៃជាងឆ្នាំមុន ដោយសារទិញជ្រូកមកពីគេថ្លៃដែរ។ ជ្រូកខ្វៃខ្ញុំ លក់ឲ្យគេទិញយកទៅលក់បន្តច្រើនហើយលក់រាយក៏ដាច់ដែរ។ ពលរដ្ឋយើងមើលទៅនៅតែនិយមសែនជ្រូកអ៊ឺចឹង ហើយមួយរយៈនេះកូវីដ-១៩ថមថយផង បានលក់ដាច់ជាឆ្នាំមុខ»។

អាជីវករ ដែលមានតូបលក់ជ្រូកខ្វៃ៥កន្លែងនៅជុំវិញផ្សារអូឫស្សីរូបនេះ បន្តថា ជ្រូកតម្លៃទាបបំផុតគឺមានតម្លៃជាង៣៥ម៉ឺនរៀលទៅជាង១លានរៀលទៅតាមទំហំ។ អ្នកស្រីបន្ថែមថា ឆ្នាំមុនជ្រូកខ្វៃមានតម្លៃប្រមាណ៣០ម៉ឺនទៅ៨០ម៉ឺនប៉ុណ្ណោះ។


អ្នកស្រី ស៊ី យឿន ជាអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី

អាជីវករម្នាក់ទៀត គឺ អ្នកស្រី អ៊ីច ឈឿន ដែលតែងតែលក់ជ្រូកខ្វៃនៅផ្សារអូឫស្សីក្នុងអំឡុងពេលចូលឆ្នាំចិនអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ បានប្រាប់ថា រាល់ឆ្នាំអ្នកស្រីត្រៀមជ្រូកប្រមាណ២០០ក្បាលប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំនេះ អ្នកស្រីត្រៀមជ្រូកជាង២៥០ក្បាល សម្រាប់លក់នៅថ្ងៃចូលឆ្នាំចិន។ ត្រឹមម៉ោងប្រមាណ៩ព្រឹកប៉ុណ្ណោះ អ្នកស្រីមានភ្ញៀវទិញជ្រូកខ្វៃអស់ប្រមាណ១០ក្បាល់ទៅហើយ។

អ្នកស្រី មានប្រសាសន៍ថា៖«អ្នកសែនចិនគេធ្លាប់សែនជ្រូកគេមិនចោលទេ ទោះជ្រូកឡើងថ្ងៃក៏ដោយ។ បើយើងយកមកថ្លៃ លក់ទៅវិញក៏ថ្លៃតាមហ្នឹងដែរ។ ថ្ងៃនេះជ្រូកមួយតម្លៃជាង៣០ម៉ឺនអីទេ ស្អែកនឹងឡើងដល់៥០ម៉ឺនហើយ បើជ្រូកធំតម្លៃ១លានទៅ១លានកន្លះ, តម្លៃជាក់ស្ដែង ឡើងប៉ុណ្ណាគឺអាស្រ័យលើអ្នកទិញច្រើនឬអត់តាមហ្នឹងដែរ»។


អ្នកស្រី អ៊ីច ឈឿន អាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី

រីឯ អ្នកស្រី រី ដាណា ដែលជាអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សីដែរនោះ បញ្ជាក់ថា រាល់ឆ្នាំអ្នកស្រីត្រៀមជ្រូកប្រមាណ១៥០ក្បាលប៉ុណ្ណោះសម្រាប់លក់ ប៉ុន្តែឆ្នាំនេះ មើលឃើញពីសន្ទុះមានអ្នកទិញច្រើន ទើបបញ្ជាឲ្យអ្នកខ្វៃជ្រូកជាង២០០ក្បាលសម្រាប់លក់។

អ្នកស្រី បញ្ជាក់ថា៖«ទើបលក់ថ្ងៃទី១ ហើយឃើញមានអ្នកទិញច្រើន ហើយក៏មានគេកក់ទុកសម្រាប់ថ្ងៃស្អែកនេះច្រើនដែរ។ មួយព្រឹកនេះ មានជិត២០ក្បាល់ហើយ។ ស្អែកថ្ងៃសែនចំ ទើបលក់ខ្លាំង, ជាង២០០ក្បាលហ្នឹង លក់អស់មិនអស់គឺចាំមើលព្រឹកសែកនេះបានដឹង។ ប៉ុន្តែរាល់ឆ្នាំលក់អស់ៗ មិនដែលសល់ផង»៕

អ្នកស្រី រី ដាណា អាជីវកលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី


Tag:
 ចូលឆ្នាំចិន
  ជ្រូកខ្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com