អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យុវជនថៃ ចាប់ផ្ដើមតវ៉ាឡើងវិញ និងបង្ហាញការគាំទ្រដល់បាតុករនៅមីយ៉ាន់ម៉ា
11, Feb 2021 , 2:06 pm        
រូបភាព
បាតុករថៃគោះខ្ទះក្នុងការតវ៉ានៅទីក្រុងបាងកក។ រូបថត AFP
បាតុករថៃគោះខ្ទះក្នុងការតវ៉ានៅទីក្រុងបាងកក។ រូបថត AFP
ដោយ:
បាតុកម្មនៅថៃដែលស្ងប់ស្ងាត់មួយរយៈពេលធំ បានត្រឡប់មកជាថ្មី។ បាតុកររាប់ពាន់នាក់នៅថ្ងៃទី១០ កុម្ភៈ បានជួបជុំគ្នា ដោយបន្តទាមទារឱ្យលុបចោលច្បាប់ការពារមហាក្សត្រ ខណៈសកម្មជនបួននាក់កំពុងជាប់ឃុំបណ្ដោះអាសន្នដើម្បីរង់ចាំការកាត់ទោសចំពោះការបំពានច្បាប់នេះ។ ជាមួយគ្នានោះ បាតុករថៃដែលជាយុវជន ក៏បង្ហាញសាមគ្គីភាពជាមួយបាតុករមីយ៉ាន់ម៉ាដែលកំពុងតស៊ូប្រឆាំងរដ្ឋប្រហារយោធាផងដែរ។



ដំបូងឡើយ បាតុកម្មនៅទីក្រុងបាងកក រៀបចំឡើងដើម្បីបង្ហាញសាមគ្គីភាពជាមួយបាតុកនៅមីយ៉ាន់ម៉ា ហើយក៏បានរាលដាលទាមទារឱ្យផ្លាស់ប្តូរ ឬលុបច្បាប់ការពារព្រះមហាក្សត្រ បន្ទាប់ពីសកម្មជនបួននាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែកុម្ភៈ។ បុគ្គលរូបណាដែលត្រូវបានរកឃើញថាមានទោសប្រមាថព្រះមហាក្សត្រថៃ អាចនឹងត្រូវជាប់ទោសពន្ធនាគាររហូតដល់១៥ឆ្នាំ។

អត្ថបទទាក់ទង


«បើយើងចេញមកបាតុកម្មរាប់សែននាក់ នោះយើងនឹងអាចធ្វើកំណែទម្រង់របបរាជានិយមបាន»។ នេះជាការលើកឡើងរបស់មេដឹកនាំបាតុកម្ម កញ្ញា Panusaya Rung  Sithijirawattanakul។ យុវជនជាង១ពាន់នាក់ ដែលធ្វើបាតុកម្មដល់យប់បានស្រែកទាមទារ«ដោះលែងមិត្តរបស់យើង»និង «លុបចោល១១២»។

មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ។ កាលពីថ្ងៃទី១០ ខែកុម្ភៈ តំណាងរាស្ត្របក្សប្រឆាំងចំនួន៤០រូប បានដាក់សំណើរវិសោធនកម្មមាត្រាច្បាប់មួយនេះ។ ក្រុមយុវជន សង្កត់ធ្ងន់ថាអាជ្ញាធរបង្ហាញជំហរប្រឆាំងពលរដ្ឋ បើសិនសកម្មជនទាំង៤រូបនោះមិនត្រូវបានដោះលែង។

បាតុកម្មនៅថ្ងៃទី១០ ខែកុម្ភៈនេះ ជាការចាប់ផ្ដើមជាថ្មីបាតុកម្មដែលធ្វើឱ្យរង្គើសង្គមកាលពីឆ្នាំមុន។ មេដឹកនាំបាតុកម្មអះអាងថានៅឆ្នាំ២០២១ បាតុកម្មនឹងដាក់អាទិភាពលើកំណែទម្រង់របបរាជានិយម។ បាតុកម្មទាំងនោះ ត្រូវបានពន្យារពេលទៅវិញដោយការផ្ទុះជំងឺកូវីដ-១៩ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។

លោកPanupong Jadnok មេដឹកនាំបាតុកម្មមួយរូបនិយាយថា ថ្ងៃទី១០ ខែកុម្ភៈ ជាការជួបជុំដំបូង និងជាសមរភូមិបើកចំហរដំបូងបន្ទាប់ពីការចាប់បាតុក។ ការទាមទារបីនៅតែដដែល គឺការចុះចេញពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីបាយុទ្ធ ចន្ទអូចា ការកែប្រែរដ្ឋធម្មនុញ្ញដែលតាក់តែងដោយយោធា និងកំណែទម្រង់របបរាជានិយម។

លោក Panupong និយាយថាព្រឹត្តិកាណ៍រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា គួរតែជំរុញឱ្យពលរដ្ឋថៃបាតុកម្មប្រឆាំងលោកប្រាយុទ្ធ ដែលធ្វើរដ្ឋប្រហារយោធានៅឆ្នាំ២០១៤។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ អ្នករៀបចំបានប្តេជ្ញាប្រមូលមនុស្សឱ្យបាន២លាននាក់មកធ្វើបាតុកម្ម។

អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងបាតុកម្មនេះ យុវជនថៃបានគោះឆ្នាំង និងខ្ទះ ដូចទៅនឹងអ្វីដែលបាតុករមីយ៉ាន់ម៉ាបានធ្វើ។ ក្នុងប្រពៃណីមីយ៉ាន់ម៉ា ការគោះឆ្នាំង និងខ្ទះ គឺជាការបណ្តេញឧបទ្រពចង្រៃ។ ចំណែកបាតុករមីយ៉ាន់ម៉ា ក៏យកគំរូពីបាតុករថៃដែរ ដោយលើកម្រាមដៃ៣ ជាសញ្ញានៃការប្រឆាំងនឹងរដ្ឋអំណាចជិះជាន់៕

Tag:
 ថៃ
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com