អន្តរជាតិ
ចិន និងឥណ្ឌា ឯកភាពដកកងទ័ពចេញពីតំបន់ជម្លោះលើជួរភ្នំហិមាល័យ
11, Feb 2021 , 9:59 pm        
រូបភាព
លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា។ រូបភាព៖ Twitter-Rajnath Singh
លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា។ រូបភាព៖ Twitter-Rajnath Singh
ចិន និងឥណ្ឌា បានព្រមព្រៀងដកកងទ័ពទាំងសងខាង ចេញពីតំបន់ជម្លោះនៅជ្រោយភាគខាងជើង និងខាងត្បូង នៃបឹង Pangong នៅលើជួរភ្នំហិមាល័យ។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh នៅថ្ងៃទី១១ ខែកុម្ភៈ។

 
 
 
មកទល់ពេលនេះ ឥណ្ឌា និងចិន មិនទាន់បានឯកភាពជាផ្លូវការលើព្រំដែន ដែលមានប្រមាណជាង ៣ពាន់គីឡូម៉ែត្រនៅឡើយទេ ដោយមានតែខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ប៉ុណ្ណោះ។ ដោយសារតែមិនមានកិច្ចព្រមព្រៀងច្បាស់លាស់បែបនេះ កងទ័ពចិន និងឥណ្ឌា តែងតែចោទគ្នាទៅវិញទៅមកថា បានឈានពានចូលទឹកដីខ្លួនរៀងៗ និងនាំឱ្យមានបញ្ហាចម្រូងចម្រាសជាច្រើន និងពិបាកដោះស្រាយ។ 
 
បន្ទាប់ពីជំនួបមេបញ្ជាការយោធាចិន និងឥណ្ឌាជាច្រើនលើក ភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀង ដកកងទ័ពលើតំបន់ជម្លោះមួយនៅក្បែរបឹង Pangong ដែលស្ថិតក្នុងតំបន់ Ladakh លើជួរភ្នំហិមាល័យ។ «កិច្ចចរចាជាបន្តបន្ទាប់ជាមួយចិន បាននាំឱ្យមានកិច្ចព្រមព្រៀង ដកកងទ័ពលើជ្រោយភាគខាងជើង និងខាងត្បូងនៃបឹងPangong»។ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh  បានថ្លែងបែបនេះនៅក្នុងសភា ដោយបន្ថែមថា កងទ័ពទាំងសងខាង បានចាប់ផ្តើមដកនៅថ្ងៃទី១០ ខែកុម្ភៈ។ 
 
 
លោករដ្ឋមន្រ្តីការពារជាតិ បានអះអាងថា ភាគីទាំងពីរ គួរតែទៅតាំងមូលដ្ឋាននៅមូលដ្ឋានទ័ពអចិន្រ្តៃយ៍ និងព្រមព្រៀងគ្នាដូចមុនវិញ ដើម្បីធានាដល់ការដកកងទ័ព។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters លោកSingh បានបន្តថា មេបញ្ជាការចិន និងឥណ្ឌា នឹងជួបគ្នាជាថ្មីទៀត ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពីភាគីទាំងពីរដកទ័ពរួចរាល់ ដើម្បីចរចាលើការដកទ័ពនៅកន្លែងផ្សេងទៀត។ 
 
នៅចុងខែមករា ឆ្នាំ២០២១ កន្លងទៅ កងទ័ពចិន និងឥណ្ឌា  បានប៉ះទង្គិចគ្នាតំបន់ភ្នំហិមាល័យនេះនៅច្រក Naku La ដែលភ្ជាប់រដ្ឋ Sikkim របស់ឥណ្ឌាទៅតំបន់ស្វយ័តទីបេរបស់ចិន។ ការប៉ះទង្គិចជាថ្មីនេះ បានបង្កឱ្យទាហានឥណ្ឌារបួស ៤នាក់ ចំណែកចិនមិនបញ្ចេញតួលេខ។ កាលពីខែមិថុនា ឆ្នាំ២០២០ កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាខ្លាំងក្បែរតំបន់នេះដែរ ដោយធ្វើឱ្យទាហានឥណ្ឌាបាត់បង់ជីវិតប្រមាណ ២០នាក់ ឯចិនមិនបានបញ្ចេញរបាយការណ៍៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com