អន្តរជាតិ
អ្នកជំនាញ WHO ផ្តល់ភ្លើងបៃតងឱ្យប្រើវ៉ាក់សាំង AstraZeneca សម្រាប់មនុស្ស៦៥ឆ្នាំឡើងទៅ
11, Feb 2021 , 10:59 pm        
រូបភាព
វ៉ាក់សាំងAstraZeneca-Oxford។ រូបភាព៖ AFP
វ៉ាក់សាំងAstraZeneca-Oxford។ រូបភាព៖ AFP
ដោយ:
ក្រុមអ្នកជំនាញវ៉ាក់សាំងនៃអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១០ ខែកុម្ភៈ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំ AstraZeneca សម្រាប់មនុស្ស៦៥ឆ្នាំឡើងទៅ ។ សព្វថ្ងៃ WHO ពុំទាន់អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះក្នុងករណីបន្ទាន់ដូចវ៉ាក់សាំង Pfizer នៅឡើយទេ ប៉ុន្តែស្ថាប័ននេះនឹងជួបប្រជុំនៅសប្តាហ៍ក្រោយដើម្បីជជែកពីរឿងនេះ។

 
ការណែនាំឱ្យប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់មនុស្សអាយុពី៦៥ ឆ្នាំឡើងទៅដោយក្រុមអ្នកជំនាញផ្នែកភាពស៊ាំ SAGE នៃ WHO ធ្វើឡើងបន្ទាប់ពីប្រទេសមួយចំនួនដែលប្រើវ៉ាក់សាំងនេះស្ទាក់ស្ទើរចំពោះការផ្តល់វ៉ាក់សាំង AstraZeneca ដល់មនុស្សចាស់។ ប្រទេសខ្លះដែលមានវីរុសបំប្លែងខ្លួនមានប្រភពពីអាហ្វ្រិកខាងត្បូងកំពុងកើតមាន ក៏ពិចារណាផ្អាកប្រើវ៉ាក់សាំងនេះដែរ។
 
«ដោយយកភស្តុតាងទាំងអស់ទៅពិចារណា WHO ណែនាំឱ្យប្រើវ៉ាក់សាំងនេះសម្រាប់មនុស្សអាយុចាប់ពី៦៥ឆ្នាំឡើងទៅ»។ នេះជាការលើកឡើងរបស់ក្រុមអ្នកជំនាញ SAGE នៃ WHO ក្នុងសេចក្តីណែនាំចេញថ្ងៃទី១០ ខែកុម្ភៈ។ SAGE បញ្ជាក់ថា វ៉ាក់សាំងនេះ ក៏អាចប្រើប្រាស់ផងដែរនៅកន្លែងដែលមានករណីវីរុសសបំប្លែងខ្លួន បើទោះបីជាប្រសិទ្ធភាពវ៉ាក់សាំងថមថយក៏ដោយ។ 
 
លោកAlejandro Cravioto ប្រធានក្រុមSAGE ទទួលស្គាល់ពីការខ្វះខាតទិន្ន័យស្តីពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះសម្រាប់មនុស្សអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ប៉ុន្តែលោកអះអាងថា ការឆ្លើយតបទៅនឹងវ៉ាក់សាំងរបស់ក្រុមមនុស្សអាយុ៦៥ឆ្នាំឡើងទៅ ក៏មិនខុសអ្វីពីក្រុមមនុស្សអាយុក្មេងនោះឡើយ។ ត្រង់នេះ លោកក៏ណែនាំឱ្យប្រើវ៉ាក់សាំងនេះ សម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងទៅតែម្តង។
 
ប្រទេសមួយចំនួនបានផ្អាកការផ្តល់វ៉ាក់សាំង AstraZeneca ដោយបារម្ភពីការថមថយប្រសិទ្ធភាពដោយសារទម្រង់ថ្មីនៃវីរុស។ ការធ្វើតេស្តដោយសាកលវិទ្យាល័យ Witwatersrand នៅទីក្រុងJohannesburg របស់អាហ្វ្រិកខាងត្បូង សន្និដ្ឋានថា វ៉ាក់សាំង AstraZeneca ផ្តល់ការការពារតិចតួចតែប៉ុណ្ណោះទល់នឹងជំងឺកូវីដ-១៩។ ប៉ុន្តែWHO និងដៃគូ អះអាងដោយប្រយ័ត្នប្រយែងថា គេមិនអាចបដិសេធមិនប្រើវ៉ាក់សាំងនេះឡើយ ព្រោះវាត្រូវបានធ្វើតេស្តទ្រង់ទ្រាយធំផងនោះ។
 
ការធ្វើតេស្តដែលបង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំងនេះធ្លាក់ចុះដោយសារវីរុសបំប្លែងខ្លួន ជាព័ត៌មានមិនល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដែលពឹងផ្អែកលើវ៉ាក់សាំងនេះដោយសារមានតម្លៃថោក ងាយស្រួលក្នុងការដឹកជញ្ជូន និងមិនចាំបាច់ដាក់ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ 
 
SAGE ដែលទទួលបន្ទុកគោលនយោបាយ និងយុទ្ធសាស្ត្រវ៉ាក់សាំងរបស់ WHO ក៏ផ្តល់យោបល់លើរបៀបប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech និង Moderna ផងដែរ។
 
បើ WHO អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងស្ថានការណ៍បន្ទាន់ យន្តការ COVAX នឹងចែកចាយវ៉ាក់សាំងនេះចំនួន៣៣៧,២លានដូស ទៅប្រទេសចំនួន១៤៥ត្រឹមពាក់កណ្តាលឆ្នាំ២០២១។ គិតត្រឹមខែកុម្ភៈ WHO ទើបតែបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ដល់វ៉ាក់សាំងPfizer ប៉ុណ្ណោះ ខណៈវ៉ាក់សាំង AstraZeneca និង Moderna កំពុងស្ថិតក្រោមការពិនិត្យវាយតម្លៃ៕
 
 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com