ភ្នំពេញ៖ ក្រសួងកសិកម្ម កំពុងសិក្សាលទ្ធភាពជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម រួមទាំងស្ថាបនិកជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យថ្លៃដើមនៃការចិញ្ចឹមត្រីនៅក្នុងស្រុកទាប អាចប្រកួតប្រជែងថ្លៃជាមួយនឹងត្រីនាំចូលពីប្រទេសវៀតណាមនៅលើទីផ្សារកម្ពុជាបាន។ នេះបើតាមលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការកាត់បន្ថយថ្លៃដើមនៃការចិញ្ចឹមត្រីនៅក្នុងស្រុកនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម បានអនុញ្ញាតឱ្យមានការនាំចូលត្រីពោ ត្រីប្រា ត្រីអណ្តែង និងឆ្តោ ពីវៀតណាម ឡើងវិញកាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២១។ លោក ពុំ សុថា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនាព្រឹកថ្ងៃទី១២កុម្ភៈ ថា ៖«ឥឡូវហ្នឹងក្រុមការងារខ្ញុំនិងអ្នកជំនាញនៅក្រសួងពាក់ព័ន្ធកំពុងសិក្សារួមគ្នា ត្រូវធ្វើឱ្យយ៉ាងម៉េចឱ្យតម្លៃដើមនៃការចិញ្ចឹមត្រីទាប ឬអាចកាត់ថ្លៃដើមបានខ្លះសម្រាប់ពលរដ្ឋដែលចិញ្ចឹមត្រី»។
ក្រសួងពាក់ព័ន្ធដែលកំពុងធ្វើកិច្ចការងារជាមួយក្រសួងកសិកម្ម ក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់វារីវប្បករ មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួងពាណិជ្ជកម្ម ខណៈកម្ពុជាកំពុងរឹតត្បិតនៃការនាំចូលត្រីពីប្រទេសវៀតណាម។ សេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្មកាលពីថ្ងៃទី៨កុម្ភៈ បញ្ជាក់ថា ទោះបីក្រសួងអនុញ្ញាតឱ្យឈ្មួញនាំត្រីពីវៀតណាមទាំង៤ប្រភេទខាងលើ ចូលទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្តែការនាំចូលត្រីទាំងនោះ គឺធ្វើឡើងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
បើតាមលោក ពុំ សុថា បច្ចុប្បន្ន ត្រីដែលអនុញ្ញាតឱ្យនាំចូលពីវៀតណាម គឺមានចំនួនតិចបំផុត។ ប្រធានរដ្ឋបាលជលផលដែលទើបមកកាន់ដំណែងរូបនេះ បានបញ្ជាក់ថា៖«រាល់ថ្ងៃ ការនាំចូលត្រីមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ បើធៀបនឹងកន្លងមកគឺ១០០ភាគរយ ដែលយើងមិនទាន់រឹតបន្តឹងចំពោះឈ្មួញក្នុងការនាំចូលត្រីពីវៀតណាមនេះ»។
ក្នុងនាមតំណាងក្រសួងកសិកម្មលោក សុថា ក៏ទាមទារឱ្យមានទម្លាក់ថ្លៃអគ្គិសនីសម្រាប់វារីវប្បករ ក៏ដូចពលរដ្ឋចិញ្ចឹមត្រី, កាត់បន្ថយថ្លៃដឹកជញ្ជូន និងព្យាយាមធ្វើយ៉ាងណាឱ្យមានរោងចក្រឬក្រុមហ៊ុនផលិតចំណីត្រីនៅក្នុងស្រុកឱ្យបានច្រើន។ សព្វថ្ងៃនេះ កម្ពុជាមានក្រុមហ៊ុនតែមួយប៉ុណ្ណោះ ឈ្មោះ Agri Master Company ដែលផលិតចំណីសម្រាប់ត្រី មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោក ទូច បូណា អ្នកចិញ្ចឹមត្រីនៅខេត្តកណ្តាល បាននិយាយថា ចំណីត្រីនីមួយៗមានតម្លៃប្រែប្រួលទៅកម្រិតប្រូតេអ៊ីននៅក្នុងចំណីទាំងត្រីនោះ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ត្រីពោនៅក្នុងកសិដ្ឋានរបស់លោកបូណា ភាគច្រើនបំផុតគឺឱ្យស៊ីចំណីដែលនាំចូលពីប្រទេសវៀតណាម។ លោក បន្ត រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗថា ចំណីត្រីមួយបាវដែលមានទម្ងន់២៥គីឡូក្រាម កម្រិតប្រូតេអ៊ីន៤០ មានតម្លៃ២២ដុល្លារ, ប្រូតេអ៊ីនកម្រិត៣៥មានតម្លៃ១៩,៧ដុល្លារ, ប្រូតេអ៊ីនកម្រិត៣០ មានតម្លៃ១៦,៥ដុល្លារ, ប្រូតេអ៊ីនកម្រិត២៨ មានតម្លៃ១៥,៨ដុល្លារ, ប្រូតេអ៊ីនកម្រិត២៦ មានតម្លៃ១៥,៣ដុល្លារ និងប្រូតេអ៊ីនកម្រិត២២ មានតម្លៃ១៤,៣ដុល្លារ។
ចំណីត្រីកម្រិតប្រូតេអ៊ីនទាំងនេះគឺប្រើប្រាស់ទៅតាមអាយុកាល ឬពេលវេលាលូតលាស់របស់ត្រី។ លោក បូណា បាននិយាយដូច្នេះ៖«ចំពោះត្រីពោនៅពេលដែលវានៅតូចមានអាយុ១-២អាទិត្យ យើងឱ្យចំណីកម្រិតប្រូតេអ៊ីន៤០។ បាន២អាទិត្យក្រោយក យើងឱ្យចំណីប្រូតេអ៊ីន៣៥ រហូតដល់មានអាយុ១ខែ យើងឱ្យចំណីប្រូតេអ៊ីនកម្រិត៣០វិញ។ នៅពេលវាធំបន្តិចម្តងៗទៅតាមអាយុកាល យើងប្រើប្រាស់ចំណីកម្រិតតេប្រូអ៊ីនទៅតាមហ្នឹងដែរ។ ចំពោះចំណីត្រីប្រូតេអ៊ីនកម្រិត២៦ គឺយើងប្រើប្រាស់ច្រើនជាងគេរហូតដល់លក់»។
បុរសម្នាក់កំពុងឈរបាចចំណីឱ្យត្រី។ រូបថត៖ សមាគមវារីវប្បករកម្ពុជា
ចំណីត្រីភាគច្រើនដែលវារីវប្បករប្រើប្រាស់សព្វថ្ងៃ គឺភាគច្រើននាំចូលពីបរទេស និងមានតម្លៃខ្ពស់ជាងគេជាង។ លោកទូច បូណា បានអះអាងថា លោក ចង់ប្រើប្រាស់ចំណីត្រីដែលផលិតផលក្នុងស្រុកដែលមានតម្លៃទាបជាងចំណីនាំចូលពីវៀតណាម និងជាចំណីមានចំណីត្រីដែលមានគុណភាព។
ជាមួយនឹងគ្នានេះ លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជា បានលើកឡើងថា ច្រវាក់ផលិតកម្មនៃការចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងស្រុក គឺមានតម្លៃខ្ពស់ខ្លាំងណាស់ បើធៀបនឹងប្រទេសជិតខាង ហើយថែមទាំងប្រឈមនឹងការខាតបង់ដោយសារការប្រែប្រួលអាកាសធាតុ ផងដែរ។ បើតាម លោក សុថាវរិទ្ធិ វត្ថុធាតុដើមដែលបម្រើក្នុងវិស័យវារីវប្បកម្ម ដែលកម្ពុជានាំចូលពីបរទេស ពិសេសជាប្រទេសវៀតណាមនោះ គឺមានថ្លៃខ្ពស់ ដោយរាប់ចាប់ពីចំណីត្រី ។ ក្រៅពីនេះ កូនត្រីសម្រាប់ចិញ្ចឹមក្នុងស្រុកក៏ថ្លៃ, ថ្នាំព្យាបាលឬថ្នាំបង្ការនានាក៏ថ្លៃ...ហើយថែមទាំងចរន្តអគ្គិសនី និងសេវាដឹកជញ្ជូននៅកម្ពុជា មានតម្លៃខ្ពស់ទៀត ដែលធ្វើឱ្យវារីវប្បករនានា គ្មានលទ្ធភាពប្រកួតប្រជែងថ្លៃជាមួយត្រីនាំចូលពីវៀតណាមឡើយ។
ក្រុមការងារអន្តរក្រសួងបានឯកភាពគ្នាថា កម្ពុជាគួរពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករក្នុងស្រុក ដោយឈរលើគោលការណ៍ពាណិជ្ជកម្មសេរី និងពង្រឹងការកសាងនិងអនុវត្តបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ។ នេះបើតាមចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២១។
សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេសវៀតណាមវិញនេះ ក្រោយមានការផ្អាកនាំចូលត្រីទាំងបួនប្រភេទនេះ អស់រយៈពេលមួយខែកន្លងមក។ ការអនុញ្ញាតឱ្យឈ្មួញនាំចូលពីត្រីទាំងនេះពីវៀតណាមវិញ គឺធ្វើឡើងបន្ទាប់ពីភាគីវៀតណាមសម្តែងការមិនពេញចិត្តជាខ្លាំងមកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាគឺធ្វើផ្ទុយពីស្មារតីសេរីភាពភាវូបនីយកម្មពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕