ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏​ចេញមក​ជំទាស់​នឹង​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ដែរ​
12, Feb 2021 , 4:43 pm        
រូបភាព
មន្រ្តីសង្គមស៊ីវិល ឈរនៅមុខស្ថានទូតមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយដាន់បដា ដែលសរសេរថា We Stand With the People of Myanma។ (រូបពីគណនីហ្វេសប៊ុករបស់អ្នកស្រី ចក់ សុភាព)
មន្រ្តីសង្គមស៊ីវិល ឈរនៅមុខស្ថានទូតមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយដាន់បដា ដែលសរសេរថា We Stand With the People of Myanma។ (រូបពីគណនីហ្វេសប៊ុករបស់អ្នកស្រី ចក់ សុភាព)
​អង្គការ​សង្គម​ស៊ីវិល សមាគម និង សហជីព​នានា ដល់​ទៅ​៦០​នៅ​កម្ពុជា បានធ្វើ​លិខិត​រួមគ្នា យកទៅដាក់​នៅ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា ដោយ​ក្នុង​លិខិត​នោះ ពួកគេ បានបង្ហាញ​ការប្រឆាំង​និង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ចំពោះ​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​។ បណ្តុំ​អង្គការ​ស៊ីវិល​ទាំងនោះ ចាត់ទុក​ការធ្វើ​រដ្ឋប្រហារ​នេះ ថាជា​ការរំលាយចោល​នូវ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​។



​តាមរយៈ​លិខិត ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​ទាំង​៦០ បានបង្ហាញ​ជំហរ​រួមគ្នា​ថា​៖«​យើង ឈរ​យ៉ាងរឹងមាំ​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា ក្នុងការ​ប្រឆាំង​ទៅនឹង​សកម្មភាព​របស់​យោធា និង​ការដឹកនាំ​ខុសច្បាប់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង​»​។ 
 
​ជាមួយគ្នានេះ អង្គការ​សង្គម​ទាំង​៦០ បានទាមទារ​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា ដោះលែង​អ្នក​ស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​បណ្តា​សមាជិក​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​ចាប់ខ្លួន​ក្នុងការធ្វើ​រដ្ឋប្រហារ​។ បន្ថែម​ពីនេះ ពួកគេ ប្រកាស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​មី​យ៉ាន់​ម៉ា ហើយ​ជំរុញ​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា គោរព​ឆន្ទៈ​របស់​ប្រជាជន​។​
 
​មាន​មន្ត្រី​មួយចំនួន​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាននាំគ្នា​យក​លិខិត​ថ្កោលទោស​នោះ​ ទៅដាក់ជូន​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។ ពួកគេ បាន​ឈរ​នៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា ហើយ​ម្នាក់ៗ មាន​បដា​នៅក្នុង​ដៃ​រៀងៗ​ខ្លួន ដោយ​បដា​នោះ មាន​រូប​សញ្ញា​ម្រាមដៃ​៣ ជាមួយនឹង​ការសរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស​ថា We Stand With the People of Myanmar (​យើង ឈរ​នៅ​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​)​។ នៅ​មី​យ៉ាន់​ម៉ា ប្រជាជន នាំគ្នា​ធ្វើ​សញ្ញា​ម្រាមដៃ​៣​នេះ គឺ​បង្ហាញ​ការប្រឆាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​របស់​ពួកយោធា​។  
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លើកឡើងថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ប្រហែលជា​មិន​យល់​ពី​កាតព្វកិច្ច​របស់ខ្លួន ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​។ លោក បានលើកឡើង​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែងថា កម្ពុជា ប្រកាន់យក​អព្យាក្រឹតភាព​និង​មិន​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ឡើយ​។ លោក ថែមទាំង​លើកឡើង​ពី​គោលការណ៍​របស់​អាស៊ាន ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ជាស​មា​ជិ​ក ជ្រៀត​ជ្រែកចូល​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ ថ្លែងថា​៖«...​យើង​អត់​មាន​ក្រុម​ណា បក្ស​ណាមួយ​នៅក្រៅ​ប្រទេស ជាស​ត្រូវ​របស់​កម្ពុជា​ទេ​។​...​យើង ចង់​រក្សា​ប្រទេស​យើង ឲ្យ​ស្ថិត​ក្នុងប្រទេស​អព្យាក្រឹត មិន​លូកលាន់​ផ្ទៃក្នុង​របស់​អ្នកណា ហើយ​យើង បាន​ប្តេជ្ញា​គោរព​លក្ខន្តិកៈ​របស់​អា​ស៊ាន​ថា មិន​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​អ្នកណា​នោះទេ​»​។

​មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ដដែល យល់ថា ការតវ៉ា​នឹង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា មិនគួរ​កើតចេញពី​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ​។ លោក បន្តថា ការចេញ​តវ៉ា​និង​ការ​ថ្កោលទោស​ទៅលើ​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា គឺជា​ការរំលោភ​លើ​លក្ខន្តិកៈ​របស់​អង្គការ​សង្គម​ស៊ីវិល​ខ្លួនឯង ដែល​កំណត់​មិន​ឲ្យ​ធ្វើ​នយោបាយ​។ លោក បញ្ជាក់ថា​៖«​អាហ្នឹង ខ្ញុំ មើលទៅ វា ហួស​ខ្សែបន្ទាត់​ហើយ​»​។ 

យ៉ាងណាក៏ដោយ លោក អះអាងថា ទង្វើ​របស់​អង្គការ​សង្គម​ស៊ីវិល មិនមែនជា​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ ទន្ទឹមនេះ លោក ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល គោរព​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ដែល​ចែង​ពី​អ​ព្យា​ក្រឹ​ត​ភាព​របស់​កម្ពុជា​។  
 
​លោក​បណ្ឌិត មាស នី អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ​និង​សង្គម មើលឃើញថា សកម្មភាព ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ បានធ្វើ គឺជា​រឿង​ធម្មតា ហើយ​លោក ចាត់ទុកថា វា គ្រាន់តែ​ជាការ​សម្តែង​មតិ​របស់​ពួកគេ ទៅលើ​អ្វីដែល​កំពុង​កើតមានឡើង​។ សម្រាប់​លោក ទង្វើ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​មិន​ខុសច្បាប់​នោះទេ បើ​ពួកគេ មិន​ធ្វើ​អ្វី​ឲ្យ​ហួស​ព្រំដែន ដូចជា បង្ក​ឲ្យ​មាន​អំពើហិង្សា ជាដើម​។ 
 
​អ្នកតាមដាន​នយោបាយ​រូបនេះ អធិប្បាយ​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​រឿង​ជ្រៀតជ្រែក​កិច្ចការ [​ផ្ទៃក្នុង​] របស់​ប្រទេស​មួយទៀត វា មាននៅ​ក្នុង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុង​តំបន់​អាស៊ាន តែ​សម្រាប់​ប្រជាពលរដ្ឋ មិនមែនជា Interfere [​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​អ្នកដទៃ​] អី​ទេ​។ វា ជាការ​យល់ឃើញ​របស់​ពួកគាត់​»​។ 
 
​លោក បន្ថែមថា​៖«​ខ្ញុំ មើលទៅ មិនមែនជា​បញ្ហា​អី​ធ្ងន់ធ្ងរ ដល់​ទៅ​ប៉ះពាល់​អធិបតេយ្យភាព​ទេ​។  បើ​រដ្ឋាភិបាល [​យើង​] ស្រែក អាហ្នឹង វា អាចមាន​ឥទ្ធិពល​ទៅលើ​ភូមា [​មី​យ៉ាន់​ម៉ា​]​។ ប៉ុន្តែ បើ​គ្រាន់តែ​សម្តែង​មតិ សម្តែង​ការយល់​ឃើញ [​គឺ វា​] គ្រាន់តែ​ជា​សំឡេង ដែល​ប្រជាពលរដ្ឋ ចង់​និយាយ​តែ​ប៉ុណ្ណឹង​»​។  
 
​លោក លើក​ទឡ្ហីករណ៍​ថា នៅ​ប្រទេស​ថៃ ក៏មាន​ប្រជាពលរដ្ឋ​ថៃ​មួយចំនួន នាំគ្នា​ទៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ប្រទេស​ថៃ​ដែរ ដើម្បី​បង្ហាញ​ការ​ជំ​ទា​ស់នឹង​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​។ លោក និយាយទៀតថា រដ្ឋាភិបាល​ថៃ ពុំបាន​ចាត់វិធានការ​លើ​ប្រជាពលរដ្ឋ​ខ្លួន​នោះទេ ដោយ​គ្រាន់តែ​ជួយ​សម្របសម្រួល​ប៉ុណ្ណោះ​។ 
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦០ ដែល​ធ្វើលិខិត​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា មានដូចជា លីកាដូ (Licadho) អាដហុក (Adhoc) សង់​ត្រា​ល់ (Central) ខុម​ហ្វ្រេ​ល (Comfrel) និង មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ជាដើម​។ 
 
​ក្នុង​កម្មវិធី​មួយ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ចំ​ថ្ងៃ​នៃ​ការកើត​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា សម្តេចនាយក​មន្ត្រី ហ៊ុន សែន ប្រកាស​ជំហរ​ថា ការធ្វើ​រដ្ឋប្រហារ​នេះ គឺជា​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា ដោយ​កម្ពុជា មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។ 
 
​ក្នុង​ការធ្វើ​រដ្ឋប្រហារ​នេះ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ ដែលជា​មេដឹកនាំ​កំពូល​របស់​មី​យ៉ាន់​ម៉ា និង លោក Win Myint ប្រធានាធិបតី​មី​យ៉ាន់​ម៉ា រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ត្រូវ​ចាប់ខ្លួន​។ មូលហេតុ​ធំៗ២ នៃ​ការ​ឈានដល់​ការធ្វើ​រដ្ឋប្រហារ គឺ​ទី​១ ពួកយោធា​មី​យ៉ាន់​ម៉ា យល់ថា ការបោះឆ្នោត មាន​ការលួចបន្លំ ហើយ​ទី​២ ពួកយោធា ខឹង​នឹង​រដ្ឋាភិបាល​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ឈ្នះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី មិន​ព្រម​ពិនិត្យ​លទ្ធផល​បោះឆ្នោត​ឡើងវិញ ដែល​ពួកគេ បានស្នើ​សុំ​។ បច្ចុប្បន្ន អំណាច​ទាំងមូល ស្ថិតក្នុង​ដៃ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង​។ 
 
​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ​ជាថ្មី ក្នុងការ​បោះឆ្នោត​សាកល នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ពេលនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្ញើលិខិត​អបអរសាទរ​អ្នកស្រី​ដែរ​៕ 
 

Tag:
 ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​
  រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com