អន្តរជាតិ
ប្រមុខការទូតរុស្ស៊ីថា មូស្គូត្រៀមរួចរាល់ដើម្បីផ្តាច់ទំនាក់ទំនងជាមួយអឺរ៉ុប ប្រសិនបើរងទណ្ឌកម្ម រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov។ រូបភាព៖ Reuters
× រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់យ៉ាងច្បាស់ៗថា រុស្ស៊ីបានត្រៀមខ្លួនរួចហើយ ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាសហភាពអឺរ៉ុប (EU) ប្រសិនបើក្រុមប្រទេសមួយនេះ ហ៊ានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកុម្ភៈ។
ទំនាក់ទំនងរុស្ស៊ី និងសហភាពអឺរ៉ុប កាន់តែធ្លាក់ចុះ បន្ទាប់ពីតុលាការរុស្ស៊ី កាត់ទោសឱ្យលោកនយោបាយប្រឆាំងលោក Alexei Navalny ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំកន្លះ។ ជុំវិញបញ្ហាលោក Alexei Navalny នេះ EU បានជំរុញឱ្យរុស្ស៊ីដោះលែងលោក Navalny ដោយឥតលក្ខខណ្ឌ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកការទូតអឺរ៉ុបចំនួន ៣នាក់ បានព្រលយថា អឺរ៉ុបអាចនឹងដាក់ទណ្ឌកម្មលើការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិលើមនុស្សជំនិតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
ទាក់ទិននឹងបញ្ហាខាងលើ លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov ត្រូវបានសួរ ថាតើរុស្ស៊ីអាចនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអឺរ៉ុបដែរឬទេ ប្រសិនបើរងទណ្ឌកម្មសេដ្ឋកិច្ច។ ជាចម្លើយ ប្រមុខការទូតរុស្ស៊ីរូបនេះ បានអះអាងយ៉ាងដូច្នេះថា៖ «យើងមិនចង់ផ្តាច់ខ្លួនពីគេឡើយ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់»។ ក្នុងន័យនេះ លោកLavrov បានសង្កត់ធ្ងន់ថា ប្រសិនបើរុស្ស៊ីចង់បានសន្តិភាព ខ្លួនត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម។
បើតាមលោករដ្ឋមន្ត្រីការបរទេស ទណ្ឌកម្មអឺរ៉ុប នឹងអាចធ្វើឱ្យរុស្ស៊ីរងផលវិបត្តិលើសេដ្ឋកិច្ច។
នៅថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ រុស្ស៊ីបានប្រកាសបណ្តេញអ្នកការទូតរបស់អាល្លឺម៉ង់ ស៊ុយអែត ប៉ូឡូញ បន្ទាប់ពីចោទថា បានចូលរួមក្នុងបាតុកម្មឱ្យដោះលែងលោក Navalny ដែលជាអ្នកនយោបាយប្រឆាំងនៅរុស្ស៊ី។ បន្ទាប់ពីការបណ្តេញនេះ អាល្លឺម៉ង់ ស៊ុយអែត ប៉ូឡូញ សន្យាថា ខ្លួនចេញវិធានការសងសឹកវិញ។ ការបណ្តេញចេញខាងលើ ធ្វើឡើងស្របពេលប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក Josep Borrell ធ្វើដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ។
សូមបញ្ជាក់ បន្ទាប់ពីមានការចាប់ខ្លួនលោក Navalny នៅខែមករា ប្រជាជនជនរុស្ស៊ីជាច្រើនម៉ឺននាក់ បានចេញមកបាតុកម្ម និងទាមទារឱ្យដោះលែងអ្នកនយោបាយប្រឆាំងរូបនេះ។ យ៉ាងណាមិញ ក្នុងអំឡុងពេលបាតុកម្មនេះ អាជ្ញាធររុស្ស៊ី បានចាប់ឃុំខ្លួនអ្នកតវ៉ាជាច្រើនពាន់នាក់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com