ជាតិ
ចូលឆ្នាំចិន ថ្ងៃទី១ មានទេសចរជាង២ម៉ឺននាក់ទៅលេងកំពត
13, Feb 2021 , 3:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
ភ្ញៀវទេសចរជាង២.៣ម៉ឺននាក់ បានទៅកម្សាន្តនៅក្នុងខេត្តកំពត នៅទី១ នៃបុណ្យចូលឆ្នាំចិន-វៀតណាម។  លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ។ 


 
បើទោះមិនហ៊ានសន្និដ្ឋានទុកមុន ពីតួលេខភ្ញៀវដែលដើរកម្សាន្ត ប៉ុន្តែប្រធានមន្ទីរទេសចរណ៍រូបនេះ មើលឃើញថា ចលនានៃការដើរកម្សាន្តរបស់ទេសចរហាក់ប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ បើទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ ក្តី។ លោក សយ ស៊ីណុល បញ្ជាក់ដូច្នេះ៖ «យើងមិនទាន់អាចសន្និដ្ឋានបាននោះទេថា ចំនួនទេសចរឆ្នាំនេះកើនឬថយជាងឆ្នាំមុន តែឃើញថាឆ្នាំនេះបងប្អូនមកលេងច្រើនមិនខុសឆ្នាំមុនទេ។
 
រមណីយដ្ឋានទឹកឈូ ដូងទេ ឧទ្យានដងព្រែក និងភ្នំបូកគោ គឺជាទិសដៅទេសចរដែលទទួលបានលំហូរទេសចរច្រើនជាងគេ ក្នុងចំណោមទីតាំងទេសចរណ៍សក្តានុពលសរុប២៥នៅក្នុងខេត្ត។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត  មុននឹងលោកអះអាងថា ពុំមានការដំឡើងថ្លៃសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗហួសហេតុពីសំណាក់អ្នកផ្តល់សេវាទេសចរណ៍នោះទេ។ 
 
ទន្ទឹមនឹងសាទរនឹងចំនួនភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅក្នុងខេត្តរបស់ខ្លួន លោកប្រធានមន្ទីរទេសចរណ៍ ក៏បានគូសបញ្ជាក់ដែរថា អាជ្ញាធរក៏បានយកចិត្តទុកដាក់លើការពង្រឹងវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងវិធានការអនាម័យបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈផងដែរ៕


ពលរដ្ឋយ៉ាងច្រើនបានទៅកម្សាន្តនៅខេត្តកំពតនាឱកាសចូលឆ្នាំចិន (រូបពីក្រសួងទេសចរណ៍)


Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com